Home ព័ត៌មានជាតិ នយោបាយ ​សម្តេច​តេ​ជោ...

​សម្តេច​តេ​ជោ​ហ៊ុនសែន​៖​បញ្ហា​អាទិភាព​បំផុត​គឺ​អាយុជីវិត​ប្រជាជន​ ត្រូវ​ជម្លៀស​ប្រជាជន​មកកាន់​ទីទួល​សុ​វតិ្ថភាព​ឲ្យ​បាន

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានធ្វើការ​អំពាវនាវ​៣​ចំណុច​ទៅកាន់​អាជ្ញាធរ​គ្រប់​លំ​ដាប់​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ​ដែល​ត្រូវ​យកចិត្តទុកដាក់​៖​ទី​១.​គឺ​កា​ជម្លៀស​ប្រជាជន​នៅ​តំបន់​ដែលមាន​គ្រោះថ្នាក់​ទៅកាន់​ទីទួល​សុវត្ថិភាពដោយ​ធ្វើការ​ប្រុងប្រៀប​ជាមុន​ពិនិត្យមើល​ទីកន្លែង​ជាមុន​ដើម្បី​ឆ្លើយតប​នៅពេលដែល​ធ្វើការ​ដឹកជញ្ជូន​ទៅ​តើ​ត្រូវ​ដឹកជញ្ជូន​ទៅ​កន្លែងណា​។​ទី​២.​បន្ទាប់ពី​ទឹក​ស្រក​ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ជួយ​សម្រួល​ដឹកជញ្ជូន​ប្រជាជនមកកាន់​មូលដ្ឋាន​វិញ និងចំណុច​ទី​៣.បញ្ហា​ទាក់ទង​ជាមួយនឹង​ការផ្គត់ផ្គង់​ស្បៀងអាហារ​គ្រប់​ប្រភេទ ​ហើយក៏​ដូចជា​ខិតខំ​ធ្វើការ​ព្យាបាល​ជំងឺប្រសិន​ជាមាន​។​ជាមួយនេះ​សម្តេច​ក៏បាន​អំពាវនាវ​ចំពោះ​ប្រជាជន​ត្រូវ​ចេះ​ការពារ​​ជំងឺ​ខ្លួនឯង​តាមរយៈ​ការធ្វើ​អនាម័យ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការ​អំពាវនាវ​បែបនេះ​នៅក្នុង​ឱកាស​សម្តេច​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​នៃ​ស្ថានភាព​ទឹកជំនន់​និងពិនិត្យមើល​ការស្នាក់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ជម្លៀសចេញ​មកកាន់​ទីទួល​សុ​វតិ្ថភាពនា​រាត្រី​ថ្ងៃទី១៥ ខែតុលា​នេះ នៅ​ព្រំប្រទល់​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​។​

​នៅក្នុង​ជំនួប​នោះ​សម្តេច​បាន​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ។សម្តេច​តេ​ជោ​បាន​លើកឡើងថា ​យើង​ត្រូវជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​តំបន់​រងគ្រោះ​ដែលជា​អតិ្ថភាព​ធំ​បំផុត​របស់​រាជរដ្ឋាភិបាល​និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​សង្គ្រោះ​ជីវិត​ប្រជាជន​ឲ្យបាន​សិន​។ សម្តេចកោតសរសើរ​ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​គ្រប់​ខេត្ត​រាជធានី​និង​កោតសរសើរ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ដែល​បាន​ប្រឹងប្រែង​ដើម្បី​ជម្លៀស​ប្រជាជន​ចេញមក​កាន់​ទីទួល​សុវត្ថិភាព​ឬ​ទៅ​កន្លែង​ដែលមាន​សុវត្ថិភាព ។ ពិសេស​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ ទាំង​កងទ័ព​ស្រួច ​ទាំង​កងទ័ព​តំបន់​ក៏ដូចជា​កងកម្លាំង​អាវុធហត្ថ​ កងកម្លាំង​នគរបាល​បានធ្វើ​កិច្ចការ​ដ៏​ល្អ​នៅ​គ្រប់​ទីកន្លែង​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​របស់​យើង​។សម្តេច​ស្នើសុំ​ឲ្យ​កម្លាំងប្រដាប់អាវុធ​ទាំងអស់​ក្លាយទៅជា​ឆ្អឹងខ្នងនៃ​អន្តរាគមន៍​សម្រាប់​សង្គ្រោះ​ប្រជាជន​យើង​តទៅទៀត​ដូចដែល​យើង​បាន​នឹង​កំពុង​ធ្វើ​នៅពេល​នេះ ហើយ​នេះ​មិនមែនជា​បញ្ហា​ថ្មី​នោះទេ​,​កងកម្លាំងប្រដាប់អាវុធ​របស់​យើង​បានធ្វើ​កិច្ចការងារ​នេះ​តាំងពី​ទសវត្សរ៍ ៨០ រហូតមកដល់​ពេលនេះ​។

​សម្តេច​បន្តថា​ សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង​នៅ​រាជធានី​ភ្នំពេញ​គឺ​កំពុងស្ថិត​ក្នុងស្ថាន ភាព​ធ្ងន់ធ្ងរ​នៅឡើយ​ ជាមួយនឹង​ខេត្តកណ្ដាល​បូក​ជាមួយនឹងខេត្តបន្ទាយមានជ័យ ​ឯ​ខេត្ត​ដទៃទៀត​ដូចជា​ខេត្តបាត់ដំបង ​ប៉ៃលិន​ ពោធិ៍សាត់​គឺមាន​ការធូរស្រាល​បន្តិច​និង​ខេត្ត​ផ្សេងៗ​ទៀត​មានការ​ធូរស្រាលបន្តិច​ហើយ​។​សម្តេច​បានស្នើ​ឲ្យ​អាជ្ញាធរ​នៅ​​រាជធានី​ភ្នំពេញ​ ខេត្តកណ្ដាល​និង​បន្ទាយមានជ័យ​បន្ត​ការយកចិត្តទុកដាក់​ទៅលើ​កិច្ច​ការតាមដាន​ដំណើ​រវិ​វត្ត​នៃ​ចរន្តទឹក​ដែល​ហូរ​ចូល ។

​សម្តេច​ក៏បាន​ធ្វើការ​ក្រើនរំលឹក​ចំពោះ​ប្រជា​ជន​ទាំងអស់​ត្រូវ​ស្តាប់​តាម​ការស្នើសុំ​របស់​អាជ្ញា​ធរ​ ប្រសិនជា​អាជ្ញាធរ​ស្នើ​ឲ្យ​មានការ​ចាកចេញ​ សូមមេត្តា​ចាកចេញ​ទៅតាម​សំណូមពរ​របស់​អាជ្ញាធ​រ ​មិនមាន​គំនិត​ដែលថា​មិន​អី​ទេ​ ព្រោះ​អា​ពាក្យ​មិន​អី​ទេ​នេះហើយ​ដែលយើង​អាច​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយ​អាជ្ញាធរ​មិនអាច​ជួយសង្គ្រោះ​ទាន់ពេលវេលា ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​ កន្លែង​ដែលមាន​ប្រជាពលរដ្ឋ​ត្រូវ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​ត្រូវមាន​គ្រូពេទ្យ​ប្រចាំការ​នៅ​ទីនោះ​ដើម្បី​មើលថែទាំ​សុខភាព។អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ធ្វើការ​ជាមួយ​ផ្នែក​សុខាភិបាល​ដើម្បី​ដាក់​គ្រូពេទ្យ​ប្រចាំការ​ចៀសវាង​នូវ​ការកើតឡើង​នូវ​គ្រោះថ្នាក់​ជាយថាហេតុ ។​

​សម្តេច​ក៏បាន​ដាស់តឿន​ចំពោះ​អាជ្ញាធរ​ឲ្យ​បន្ត​តាមដានក្រែង​មាន​ប្រជាពលរដ្ឋមិនទាន់បាន​ចាកចេញ​ពី​លំនៅដ្ឋាន​របស់គាត់ ។ ពេលខ្លះ​គាត់​អាច​សម្ងំ​នៅ​ទីនោះ ​ដូចនេះត្រូវមាន​កម្លាំង​ចល័ត​ទៅតាម​ផ្ទះ​នីមួយៗ​ដើម្បី​ពិនិត្យមើល​ហើយក៏​ត្រូវ​ថែទាំ​នូវ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅតាម​ផ្ទះសម្បែង​ផងដែរ ​ព្រោះ​ពួកចោរ​លួច​ចោរប្លន់​អាច​ឆ្លៀត​ទៅ​លួច​ទ្រព្យសម្បត្តិ​ប្រជាជន​នៅតាម​លំនៅដ្ឋាន​។​ដូច្នេះ​សូម​សមត្ថកិច្ច​អាវុធហត្ថ​ជា​នគរបាល​និង​ប្រជា​ការពារ​យកចិត្តទុកដាក់​ការពារ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​សម្បែង ។

​សម្តេច​តេ​ជោ ហ៊ុន សែន​ក៏បាន​ធ្វើការ​ពន្យល់​ប្រជាពលរដ្ឋ​អំពី​ការកើតឡើង​នែ​ជំនន់​ទឹកភ្លៀង​នៅពេលនេះ​វា​មិនមែន​កើតឡើង​ដោយសារ​ការ​លុប​បឹង​នោះទេ។តែ​ដោយជំនន់ទឹកភ្លៀង​ដែល​កើតឡើង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅតាម​ដងស្ទឹង​សំខាន់​ ហើយ​វា​បាន​ហូរ​ធ្លាក់​មកកាន់​ស្ទឹង​ព្រែក​ត្នោត​ធ្វើ​ឲ្យ​ស្ទឺ​ងរ​បស់​យើង​មិនអាច​ទ្រទ្រង់បានទើប​ធ្វើ​ឲ្យ​ទឹក​ហូរ​លឿន​លិច​ដល់​ភូមិដ្ឋាន​ប្រជាពលរដ្ឋ ។ ហើយ​វា​មិនមែន​កើតមាន​តែ​កម្ពុជា​នោះទេ ប្រទេស​ថៃ ប្រទេស​វៀតណាម​និង​ប្រទេសក្នុង​តំបន់​សុទ្ធតែ​ទទួលរង​នូវ​ទឹកជំនន់​ ហើយ​នេះ​គឺជា​គ្រោះមហន្តរាយធម្មជាតិ​សម្រាប់​តំបន់​នេះ ។

​សម្តេច​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​ប្រុងប្រយ័ត្ន​គ្រប់ពេលវេលា​សូម្បីតែ​អ្នក​មិនទាន់បាន​ជម្លៀស​ចេញពីផ្ទះ​ប្រយ័ត្ន​នូវសត្វ​កាច​សាហាវ​ដែល​ក្រសួងសុខាភិបាល​កំពុង​បញ្ជូន​ចុះ​នូវបណ្ដា​ថ្នាំ​សម្រាប់​ការដោះស្រាយ​ដូចជា​ពស់ជាដើម​ ព្រោះ​នៅពេលណា​ទឹក​លិច​សត្វ​ទាំងនោះ​វា​ក៏ត្រូវ​ឡើងមក​លើគោក​ដូច​យើង​ដែរ ។

​សម្តេច​សង្ឃឹមថា​ខ្មែរ​យើង​អាច​ជម្នះបាន​នូវ​ឧបសគ្គ​ដែលមាន​នៅ​ចំពោះមុខ​របស់​យើង យើង​បន្ត​រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​19 ផង រួមគ្នា​ប្រយុទ្ធ​ជាមួយនឹង​គ្រោះ​មហន្តរាយ​ធម្ម ជាតិ​ទឹកជំនន់​ផង​និង​រួមគ្នា​ស្ដារឡើងវិញ​នូវ​ប្រទេសជាតិ​របស់​យើង​ក្រោយ​ទឹកជំនន់​និង​ក្រោយ​កូ​វីដ​១៩ ផង ។​

​បន្ទាប់មក​សម្តេច​តេ​ជោ​ហ៊ុនសែន​ក៏បាន​បន្តដំណើរ​ទៅកាន់​ស្ពានព្រែក​ជ្រៃ​បន្តទៀត​ដើម្បី​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​ត្រូវបាន​ជម្លៀស​ចេញមក​ទីទួល​សុ​វត្ថិភាព ៕​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular