លោកស៊ីប្រាប់ទាហានឱ្យប្រុងជើងការត្រៀមធ្វើសង្គ្រាម ចំពេលកំពុង តានតឹងជាមួយអាម៉េរិក

375
ចែករម្លែក

កាលពីថ្ងៃពុធទី១៤តុលា ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានជំរុញឱ្យទាហាននៃ កងទ័ពរំដោះប្រជាជនចិនរក្សាស្ថានភាពប្រុងជើងការខ្ពស់និងប្រមូលស្មារតីនិងថាមពលទាំងអស់ត្រៀមធ្វើសង្គ្រាម នៅក្នុងដំណើរទស្សនកិច្ចនៅឯកងម៉ារីន នៅទីក្រុងចាវចូវនៅខេត្តក្វាងទុងភាគខាងត្បូង។ លោកបានអំពាវនាវដល់កងទ័ព ឱ្យមាន “ភាពស្មោះត្រង់” និង “អាចជឿទុកចិត្តបាន” នៅក្នុងកាលៈទេសៈបច្ចុប្បន្ន ដោយមិនបានបញ្ជាក់ពីមូលហេតុនៃការលើកឡើងនូវសម្តីដូច្នេះនោះទេ។

សេចក្តីថ្លែងការណ៍របស់លោកស៊ី ជីនពីង​កើតឡើងចំពេលមានភាពតានតឹង​ជាបន្តបន្ទាប់រវាងចិននិងសហរដ្ឋអាម៉េរិកលើបញ្ហាជាច្រើន។ នៅក្នុងការវិវត្តថ្មីបំផុត រដ្ឋាភិបាលក្រុងប៉េកាំងបានថ្កោលទោសទីក្រុងវ៉ាស៊ីនតោនបន្ទាប់ពីនាវាពិឃាដរបស់ខ្លួនមួយគ្រឿងឈ្មោះ USS John S. McCain ត្រូវបានប្រទះឃើញបើកឆ្លងកាត់​តំបន់ក្បែរប្រជុំកោះផារ៉ាសែលក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ ប្រទេសចិន ដែលត្រួតត្រាផ្នែកភាគច្រើននៃសមុទ្រដែលកំពុងទាមទារដោយប្រទេសចំនួន ៥ ផ្សេងទៀតនោះ បានស្តីបន្ទោសខ្លាំងៗចំពោះសកម្មភាពរបស់នាវានេះ​ព្រោះថា​កងទ័ពជើងទឹកអាម៉េរិកមិនដែលសុំការអនុញ្ញាតដើម្បីឱ្យនាវារបស់ខ្លួនចូលក្នុងដែនទឹក ដែលប៉េកាំងយល់ថាស្ថិតនៅក្នុងទឹកដីរបស់ខ្លួននោះឡើយ។

ឧបទ្ទវហេតុបែបនេះ ដែលចិនចាត់ទុកថាជាការបង្ករឿង មិនមែនជារឿងកម្រនោះទេ ព្រោះអាម៉េរិកតែងតែបញ្ជូននាវារបស់ខ្លួនទៅកាន់តំបន់នេះក្រោមលេសដើម្បីសេរីភាពនាវាចរណ៍។ អាជ្ញាធរចិនបានព្រមានម្តងហើយម្តងទៀតដល់ទីក្រុងវ៉ាស៊ីនតោនថា​នៅថ្ងៃណាមួយសកម្មភាពរបស់ខ្លួនអាចនាំឱ្យមានឧបទ្ទវហេតុនៅឯសមុទ្រហើយបានចោទប្រកាន់សេតវិមានថាបានធ្វើយោធូបនីយកម្មនៅសមុទ្រចិនខាងត្បូងនិងរារាំងរដ្ឋាភិបាលនានាក្នុងតំបន់មិនឱ្យដោះស្រាយបញ្ហាទឹកដីរបស់ពួកគេ។

ក្រៅពីភាពតានតឹងនៅសមុទ្រចិនខាងត្បូង រដ្ឋទាំងពីរក៏មានជម្លោះជុំវិញរឿងដែលក្រុង​វ៉ាស៊ីនតោនទៅបង្កើតទំនាក់ទំនងការទូតក្រៅផ្លូវការជាមួយកោះតៃវ៉ាន់ផងដែរ ព្រោះថា​ប៉េកាំងចាត់ទុកកោះនេះជាផ្នែកនៃទឹកដីរបស់ខ្លួនដែលមិនទាន់អាចគ្រប់គ្រងបាន។ កាលពីពេលថ្មីៗនេះសេតវិមានបានប្រកាសផែនការរបស់ខ្លួនដើម្បីផ្គត់ផ្គង់ដល់កោះតៃវ៉ាន់នូវប្រព័ន្ធអាវុធទំនើបៗ រួមទាំងប្រព័ន្ធកាំជ្រួចចល័តរយៈកម្ពស់ខ្ពស់ ដោយបង្កឱ្យ​មានការថ្កោលទោសយ៉ាងខ្លាំងពីប្រទេសចិននិងរំលោភគោលការណ៍ចិនតែមួយដែលវ៉ាស៊ីនតោនប្រកាន់ខ្ជាប់រាប់ទសវត្សរ៍៕ ដោយ ៖ កញ្ញាដាលីស/Ha

លោកស៊ីប្រាប់ទាហានឱ្យប្រុងប្រៀបធ្វើសង្គ្រាម

ទីតាំងផ្សាយពាណិជ្ជកម្ម