Home ព័ត៌មានអន្តរជាតិ ចិនសាកល្បងបាញ...

ចិនសាកល្បងបាញ់ហ្វូងដ្រូនអត្តឃាតចេញពីរថយន្តនិងឧទ្ធម្ភាគចក្រ

ថ្មីៗនេះបណ្ឌិត្យសភាអេឡិចត្រូនិកនិងបច្ចេកវិទ្យាព័ត៌មានចិន (CAEIT) បានសាកល្បងបាញ់ហ្វូងដ្រូនអត្តឃាតតាមវិធីផ្សេងៗគ្នានេះបើយោងតាមវីដេអូថ្មីនៃសមយុទ្ធនេះ។

នៅក្នុងការសាកល្បងបាញ់កាលពីខែកញ្ញា ដ្រូនដែលមានស្លាបបត់ចូលគ្នាបានត្រូវបានបាញ់ចេញពីជើងទម្រប្រអប់ធំមួយនៅខាងក្រោយរថយន្ត Dongfeng Mengshi 6×6 ។ ប្រអប់បាញ់រាងចតុកោណមាន ៤៨ បំពង់ ដែលគេរៀបចំជាជួរដេក ៤ ជួរឈរ ១២ ដើម្បីឱ្យវាមានរាងដូចជើងទម្របាញ់កាំជ្រួច។ វីដេអូក៏បង្ហាញដ្រូនប្រភេទដដែលកំពុងធ្លាក់ពីឧទ្ធម្ភាគចក្រមួយផងដែរ។ នៅក្នុងការបាញ់ហ្វូងដ្រូនទាំងពីររបៀបនោះ ស្លាបដ្រូនបានត្រដាងក្រោយពេលបាញ់ចេញពីជើងទម្រ ហើយពួកវាហោះទៅលើមេឃជាហ្វូង។

នៅក្នុងវីដេអូ គេឃើញដ្រូនរាប់សិបកំពុងហោះដូចរុយពេញមេឃ។ នៅក្នុងស្ថានភាពប្រយុទ្ធ ដ្រូនទាំងនេះអាចមានលទ្ធភាពសំកាំងរង់ចាំនៅសមរភូមិរហូតដល់គោលដៅបង្ហាញខ្លួន បន្ទាប់មកវានឹងចាប់ផ្តើមបាញ់ប្រហារតែម្តង។ ផ្នែកចុងក្រោយនៃវីដេអូបង្ហាញហ្វូងដ្រូនព្រួតគ្នាបាញ់កម្ទេចគោលដៅមួយ។

មានព័ត៌មានតិចតួចណាស់អំពីសមយុទ្ធនេះ ប៉ុន្តែដ្រូនដែលបានឃើញនៅក្នុងវីដេអូមើលទៅស្រដៀងនឹងដ្រូន CH-901 ដែលស្ថិតក្នុងចំណោមដ្រូនបាញ់គ្រាប់ពីរប្រភេទដែលយោធាចិននិយាយកាលពីដើមឆ្នាំនេះថាខ្លួនកំពុងអភិវឌ្ឍ។ យោងតាមសារព័ត៌មាន Global Times បានឱ្យដឹងថា ដ្រូន CH-901 មានបណ្តោយ ១,២ ម៉ែត្រ មានទម្ងន់ ៩ គីឡូក្រាម អាចហោះបានដល់ល្បឿន ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចសំកាំងនៅលើមេឃបាន ២ ម៉ោង។ ទោះយ៉ាងណា ដ្រូនទាំងនេះប្រហែលត្រូវបានកែប្រែកាន់តែទំនើបឬមានប្រព័ន្ធខុសគ្នាទាំងស្រុង៕ ដោយ ៖ កញ្ញាដាលីស

ដ្រូនអត្តឃាតត្រូវបានបាញ់សាកល្បងនៅចិន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular