Home ព័ត៌មានអន្តរជាតិ ចិនបង្ហាញព័ត៌...

ចិនបង្ហាញព័ត៌មានលម្អិតអំពីនាវាចម្បាំងថ្មីអាចបាញ់ទម្លាក់ផ្កាយរណប

ចិនបានបង្ហាញព័ត៌មានលម្អិតថ្មីៗទាក់ទងនឹងនាវាចម្បាំងថ្មីទំនើបមួយដែលគេថាមានសមត្ថភាពតាមដានផ្កាយរណបនៅកម្ពស់រាប់រយគីឡូម៉ែត្រពីលើផែនដី។

នាវាចម្បាំង ដែលមានឈ្មោះថា Type 055 ប៉ុន្តែគេស្គាល់ដែរថា Nanchang គឺជានាវាពិឃាដបំពាក់មីស៊ីលបញ្ជាទិស ដែលដាក់ឱ្យប្រើប្រាស់កាលពីដើមឆ្នាំនេះ។ ព័ត៌មានលម្អិតថ្មីៗនៃនាវានេះឥឡូវត្រូវបានបង្ហាញនៅក្នុងវីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍ CCTV របស់ចិនកាលពីសប្តាហ៍មុន។

នាវាចំណុះ ១២.០០០ តោននេះក៏អាចការពារប្រឆាំងនឹងយន្ដហោះចម្បាំងបំបាំងកាយផងដែរ ដោយសារប្រព័ន្ធរ៉ាដាភ្លោះដ៏ទំនើប។

រ៉ាដារបស់វាក៏អាចរកឃើញផ្កាយរណបវិលជុំវិញផែនដីនៅកម្ពស់រហូតដល់ ៥០០ គីឡូម៉ែត្រផងដែរ។

ក្រុមអ្នកវិភាគនិយាយថា នេះអាចជួយឱ្យនាវាមិនត្រឹមតែអាចតាមដានចលនាបំលាស់ទីរបស់ផ្កាយរណបប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចវាយប្រហារពួកវាដោយកាំជ្រួចមីស៊ីលទៀតផង។

បច្ចេកវិជ្ជារ៉ាដានេះបានជំរុញឱ្យមានការពិភាក្សារវាងអ្នកសង្កេតការណ៍យោធាជាច្រើន នេះយោងតាមប្រព័ន្ធផ្សព្វផ្សាយចិន។

ដំបូងឡើយចិនបានសាទរនាវា Nanchang ថាជា “ការលោតផ្លោះទៅមុខ” នៅក្នុងបច្ចេកវិជ្ជានាវាចរណ៍របស់ខ្លួន នៅពេលដែលវាត្រូវបានបង្ហាញនៅដើមឆ្នាំនេះ។

យោងតាមកាសែត Global Times ដែលគ្រប់គ្រងដោយរដ្ឋចិន នាវានេះមានបណ្តោយ ១៨០ ម៉ែត្រនិងទទឹង ២០ ម៉ែត្រ។

នាវាក៏មានកាណុងបាញ់មីស៊ីលបញ្ឈរចំនួន ១១២ រន្ធផងដែរ ដែលអាចបាញ់កាំជ្រួចមីស៊ីលខុសៗគ្នា រាប់បញ្ចូលទាំងមីស៊ីលប្រឆាំងនាវា មីស៊ីលវាយលើដីគោក និង មីស៊ីលប្រឆាំងនឹងនាវាមុជទឹក។

ទាក់ទងទៅនឹងសមត្ថភាពតាមដានផ្កាយរណបរបស់នាវានេះ លោក វ៉ាង យ៉ាណាន អ្នកជំនាញខាងអាកាសចរណ៍និងអវកាសចិន បានប្រាប់កាសែតខាងលើថា ផ្កាយរណបនៅគន្លងទាបលើផែនដីអាចត្រូវបានប្រើដើម្បីតាមដានសមរភូមិក្នុងពេលមានជម្លោះ។

ហេតុដូច្នេះ ការបំផ្លាញពួកវាចោល មានន័យថាកាត់ផ្តាច់ប្រភពព័ត៌មានពីប្រជាជាតិផ្សេងៗទៀត។

កងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថា នៅឯសមុទ្រ នាវា Nanchang នឹងធ្វើបេសកកម្មរួមជាមួយនាវាផ្ទុកយន្តហោះធំៗ ដែលជាផ្នែកនៃក្បួនធ្វើសឹកសង្គ្រាម។

PLA បានបន្ថែមទៀតថា នាវានេះជានាវាធំបំផុតនៃប្រភេទរបស់វា ដែលចូលរួមជាមួយ “ក្បួននាវាចម្បាំងរបស់កងទ័ពជើងទឹកចិន”។

គេរំពឹងថាវានឹងធ្វើដំណើរជាមួយនាវាផ្ទុកយន្តហោះដំបូងគេរបស់ចិនគឺនាវា Liaoning ៕ ដោយ ៖ កញ្ញាដាលីស

នាវាពិឃាដ Type 055 ឬ Nanchang មានសមត្ថភាពបាញ់ទម្លាក់ផ្កាយរណបនៅលើមេឃកម្ពស់ ៥០០ គីឡូម៉ែត្រ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular