ដោយៈរ៉ូហ្សា/ភ្នំពេញៈលោកវ៉ាត់ចំរើនបានមានប្រសាសន៍ឱ្យដឹងថាពេលនេះគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ ហៅកាត់ គ.ជ. ប.អ (CAMSOC) កំពុងតែពិភាក្សានិងត្រួតពិនិត្យលើវឌ្ឍនភាពគណៈកម្មការពិធីបើក-បិទ ស៊ីហ្គេម ២០២៣ និងការត្រៀមរៀបចំការរត់ភ្លើងគប់។
លោកអគ្គលេខាធិការ វ៉ាត់ ចំរើន បញ្ជាក់ថា សម្រាប់ការ រៀបចំពិធីបើក-បិទ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ យើងមានគណៈកម្មការជំនាញរបស់ខ្លួន ដោយមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកជំនាញ មានព្រឹទ្ធាចារ្យ រដ្ឋលេខាធិការ ដែលជាក្រុមការងារពិសេសជួយជ្រោមជ្រែងរៀបចំពិធីបើកបិទនេះ។

លោកបន្ត ព្រឹទ្ធាចារ្យវប្បធម៌ជាអ្នករៀបចំ និងបង្ហាញនូវរបៀបរបបនៃអរិយធម៌ដ៏រុងរឿងរបស់ខ្មែរតាំងពីបុរាណរហូតដល់បច្ចុប្បន្ន និងរំលេចចេញមក ដល់នយោបាយឈ្នះៗ ដែលជាសម័យរុងរឿងសម័យតេជោរបស់យើង។ ពិធីបើក-បិទនេះ គឺយើងត្រូវធ្វើយ៉ាងណា ឲ្យមាន ការទទួលខុសត្រូវ ការប្រទាក់ក្រឡាជាមួយនឹងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ។
ដោយពិធីបើក-បិទនេះត្រូវការទាំងអ្នកជំនាញ ក៏ដូចជាធនធានមនុស្សសម្រាប់ការហ្វឹកហាត់ត្រៀម ដែលត្រូវចាប់ផ្តើមពីឆ្នាំក្រោយនេះរហូតដល់ឆ្នាំ២០២៣តែម្តង Camsocនឹងកំណត់ឲ្យហើយថាតើត្រូវប្រមូលធនធានមនុស្សមកពីស្ថាប័នណាខ្លះដើម្បីត្រៀមឲ្យពិធីនេះមានធនធានមនុស្សគ្រប់គ្រាន់។
សម្រាប់សមាសភាពចូលរួមសម្តែងក្នុងពិធីបើក-បិទនេះ គឺមានខាងកងយោធ ពលខេមរភូមិន្ទ ដែលចាំបាច់ត្រូវមានចំនួនដ៏ច្រើន រួមទាំងខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកជំនាញ ព្រមទាំងត្រូវ ការសមាសភាពធនធានមួយចំនួនទៀតពីក្នុងចំណោមយុវជន ដែលជាសិស្សនិស្សិតរបស់យើង។ ការបង្ហាញនៅក្នុងពិធីនេះ គឺសង្កត់ធ្ងន់ទៅលើការបង្ហាញពីមូលដ្ឋានគ្រឹះ ភាពអស្ចារ្យនៃអរិយធម៌ វប្បធម៌របស់យើង ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងរៀបចំនូវភាពលម្អិត ដើម្បីបង្ហាញចេញនូវភាព «ឯក» នៅក្នុងវប្បធម៌ខ្មែរ។
ចំពោះការរត់ភ្លើងគប់ស៊ីហ្គេម ឆ្នាំ២០២៣ នេះ លោកវ៉ាត់ចំរើន បញ្ជាក់ថា យើងបានកំណត់នូវពេលវេលាច្បាស់លាស់រួចរាល់ហើយដែរ ហើយCamsoc នឹងលម្អិតនូវកម្មវិធីរត់ភ្លើងគប់នេះ ដែលត្រូវប្រារព្ធពិធីសុំភ្លើងគុបពីព្រះ អាទិទេពរួចហើយត្រូវរត់នៅក្នុងព្រះរាជា ណាចក្រកម្ពុជាចេញទៅបណ្តាប្រទេសទាំង១០ផ្សេងទៀត ដែលជាសមាជិកអាស៊ីអាគ្នេយ៍ ហើយរត់ចូលមកកម្ពុជាវិញ រហូតដល់ពិធីបើកផ្លូវការស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ៕R