ដោយៈ សាតចាន់បុត្រ / មណ្ឌលគិរីៈ ក្រុមទុច្ចរិត ល្មោភនឹងការកាប់ទន្ទ្រាន ធនធានធម្មជាតិ បានរត់គេចខ្លួនបាត់ នៅពេលអាជ្ញាធរមានសមត្ថកិច្ច ខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការមួយ ដែលធ្វើឡើង កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ។
ប្រភពព័ត៌មាន ដែលទទួលបាន ពីស្រុកអូររាំង បានបង្ហាញថាៈ មន្ត្រីបរិស្ថាន បានបើកកិច្ចសហប្រតិបត្តិការ ជាមួយមន្ត្រីនគរបាលស្រុកអូររាំង ចុះបង្ក្រាបករណី គាស់កាយដីព្រៃឈើ និងកាយកប់គល់ឈើធំៗវិញ ដើម្បីលុបបំបាត់ភស្តុតាង លើផ្ទៃដីទំហំជាង ៦០ ហិកតា នៅភ្នំអណ្ដូងស្នេហ៍ ជាប់នឹងរបៀងអភិរក្សជីវចម្រុះ និងដីព្រៃអចិន្ត្រៃយ៍ របស់រដ្ឋបាលព្រៃឈើ ស្ថិតក្នុងភូមិសាស្ត្រភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ប្រភព បានរាយការណ៍ថាៈ ក្នុងកិច្ចសហប្រតិបត្តិការ សមត្ថកិច្ចចាប់រឹបអូសបានគ្រឿងចក្រ ចំនួន ២ គ្រឿង ក្នុងនោះមាន អេស្កាវ៉ាទ័រ ១ គ្រឿង និងត្រាក់ទ័រ ១ គ្រឿង រួមទាំងម៉ូតូ ២ គ្រឿង ដែលជនសង្ស័យបានរត់ចោល។ បច្ចុប្បន្ន វត្ថុតាងបទល្មើសទាំងនេះ ត្រូវបានប្រគល់ឱ្យមន្ត្រីបរិស្ថាន យកទៅកសាងសំណុំរឿង តាមនីតិវិធី ។
គួរបញ្ជាក់ថាៈ សំណុំរឿងដ៏កក្រើក នៃការបង្ក្រាបបទល្មើស កាប់ទន្ទ្រានដីព្រៃរដ្ឋ របស់គណៈកម្មការថ្នាក់ជាតិ ចំណុចភ្នំក្បាលខ្មោច ក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង មិនទាន់បានបញ្ចប់ការស៊ើបអង្កេត និងចាប់ខ្លួនអ្នកពាក់ព័ន្ធអស់ផង បែរជាមានការកាប់ទន្ទ្រាន ដែលមានទំហំផ្ទៃដីធំៗបែបនេះ និងក្បែរចំណុច កើតហេតុបន្តទៀត។
ជាលទ្ធផលនៃការបង្ក្រាបកន្លងមក ឃើញថា មេខ្លោង និងបក្ខពួកដែលត្រូវចាប់ខ្លួនបានខ្លះនោះ មានដូចជា ១-ឈ្មោះ ចាន់ ធី ជាមន្ត្រីយោធា ពាក់ស័ក្តិ៥ ។
២-ឈ្មោះ ពៅ សុធារ៉ាន់ ជាមន្ត្រីនគរបាល ។ ៣-ឈ្មោះ ហង់ ជុង ជាមន្ត្រីនគរបាល ។ ៤-ឈ្មោះ ម៉ា ម៉េងធី ជាចាងហ្វាងកាសែត ព្រហ្មខ័ន្ធ អនឡាញ ជាដើម..។ ឯអ្នកនៅសេសសល់ពីនេះ កំពុងគេចខ្លួន ហើយភាគច្រើន ពួកគេ ជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ថែមទៀតផង។ ក្រោយរកឃើញថា ព្រៃឈើរាប់រយហិកតា ត្រូវមេខ្លោង និងបក្ខពួកខាងលើ ឈូសឆាយយកធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួននោះ។
ទោះបីជាយ៉ាងណា ពលរដ្ឋ ក្នុងមូលដ្ឋានខាងលើ សង្ឃឹមជឿជាក់ថា ប្រតិបត្តិការបង្ក្រាបការឈូសឆាយផ្ទៃដីព្រៃរដ្ឋ កាលពីថ្ងៃទី១៥ ខែតុលានោះ សមត្ថកិច្ច នឹងស្រាវជ្រាវរកឃើញ មេខ្លោងដែលគេដឹងតម្រុយថា ជាជំទាវម្នាក់.. រួមទាំងអ្នកពាក់ព័ន្ធ មកផ្តន្ទាទោស ដូចករណីភ្នំក្បាលខ្មោចដែរ ៕/V/ha