ដោយ៖ អ៊ុន សុដាវី អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត
ផ្លែត្របែក
ដើមត្របែកបានដុះស្ទើគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជាអាចបេះផ្លែវាហូបបានគ្រប់ពេល។ កន្លងផុតអស់រយៈពេលជាង៤០ឆ្នាំទៅហើយ ដែលខ្ញុំបានភ្លក់រសជាតិផ្លែត្របែកខ្ចីពណ៌ខៀវស្រងាត់មួយផ្លែ។ ត្របែកនោះមានដើមដុះនៅលើភ្លឺស្រែ តាមបណ្តោយផ្លូវដែលខ្ញុំដើរត្រឡប់មកពីវាលស្រែវិញ។ នៅពេលនោះ មានកុមារជាច្រើនបានដើរនៅតាមបណ្តោយផ្លូវយ៉ាងប្រញាប់ប្រញាល់ហាក់បីដូចជាកំពុងសំដៅទៅរកអ្វីមួយបន្ទាប់ពីបានបំពេញការងារនៅតាមវាលស្រែពេញមួយព្រឹក។ ខ្ញុំសង្កេតឃើញគ្មានរណាម្នាក់ចាប់អារម្មណ៍នឹងដើមត្របែកនៅតាមផ្លូវដើរនោះទេ។ ពេលខ្ញុំដើរមកដល់ដើមត្របែក មិនបង្អង់យូរខ្ញុំបានឈោងដៃទៅបេះផ្លែវា។ ចៃដន្យ មានកុមារចំនួនពីរបីនាក់បានដើរមកក្បែរ រួចនិយាយដាស់តឿនខ្ញុំថា «កុំបេះត្របែកនេះ ប្រយ័ត្នមានរឿង»។ ខ្ញុំឮតែសំឡេងរបស់កុមារទាំងនោះនិយាយតែប៉ុណ្ណោះ ប៉ុន្តែខ្ញុំមិនបានស្តាប់ដោយយកចិត្តទុកដាក់ទេ ហើយខ្ញុំក៏មិនបានឆ្លើយតបទៅកុមារទាំងនោះដែ។ ក្នុងចិត្តរបស់ខ្ញុំគិតថា នេះគ្រាន់តែជាផ្លែត្របែកខ្ចីមិនទាន់នឹងល្មមអាចហូបបានស្រួលផង តើហេតុអ្វីបានអាចទៅជាមានរឿងធ្ងន់ធ្ងរទៅវិញ។
(ម៉ម សុផាត/មជ្ឈមណ្ឌលឯកសារកម្ពុជា)
រំឭកដល់ថ្ងៃនោះ តាំងពីព្រឹកព្រហាមម៉ោង៣ទៀបភ្លឺ មេកងស្រែកដាស់កុមារទាំងអស់នៅក្នុងកងឲ្យក្រោកទៅធ្វើការ។ ម្នាក់ៗស្ទុះស្ទារួសរាន់ និងគ្មានបង្អែបង្អង់ឡើយ។ ខ្ញុំទាញបានដងរែក និងសង្រែកដែលមានរៀបកណ្តាប់សំណាប ដែលខ្ញុំបានរៀបចំត្រៀមទុកតាំងពីយប់រួចជាស្រេចនោះ រែកសំដៅទៅស្រែយ៉ាងលឿន។ នៅលើស្មាខ្ញុំម្ខាងៗមានកណ្តាប់សំណាបចំនួន២ដំប ដែលស្មើនឹង៨កណ្តាប់។ ខ្ញុំដើរផងរត់ផងឲ្យទាន់មេកង និងកុមារដ៏ទៃទៀត។ ខ្ញុំត្រូវរែកកណ្តាប់ក្នុងចម្ងាយផ្លូវជាច្រើនគីឡូម៉ែត្រ។ ខ្ញុំត្រូវដើរនៅលើភ្លឺស្រែរដាក់រដុប និងកាត់ផ្ទៃមេឃងងឹតសូន្យឈឹង។ នៅពេលដែលខ្ញុំធ្វើដំណើរទៅដល់វាលស្រែ ព្រះអាទិត្យបានចាប់ផ្តើមចោលស្រមោលពន្លឺព្រឹមៗ។ គ្មាននរណាម្នាក់បានឈប់សម្រាកឡើយបន្ទាប់ពីយើងដើរយ៉ាងឆ្ងាយ។ ទៅដល់ស្រែភ្លាម ម្នាក់ៗស្ទុះទាញយកកណ្តាប់សំណាបរបស់ខ្លួនដើរចុះទៅក្នុងស្រែដែលកងភ្ជួរទើបបានភ្ជួររួចថ្មីៗ។ ខ្ញុំបានរាយកណ្តាប់សំណាបរបស់ខ្ញុំយ៉ាងរហ័ស ព្រោះមេកងកំពុងតែឈរមើលពីខាងក្រោយ។ បន្ទាប់មក យើងបាននាំគ្នាស្ទូងប្រដេញគ្នាយ៉ាងញាប់ប្រញាល់។ ម្នាក់ៗគិតតែពីឱនស្ទូងដោយមិនហ៊ានងើបមុខឡើយទោះបីជារោយចង្កេះ ឬចុកខ្នងយ៉ាងណាក៏ដោយ។
ពេលយើងស្ទូងបានរយៈពេលបន្តិច ព្រះអាទិត្យក៏បានរះខ្ពស់បញ្ចេញកម្តៅ និងពន្លឺចែងចាំង។ មេកងបានស្រែកប្រាប់យើងឲ្យងើបឡើងពីស្ទូងទៅសម្រាកហូបបាយថ្ងៃត្រង់ ខណៈដែលក្រពះរបស់ខ្ញុំកូរឮសូរចេញមកក្រៅ ព្រោះមិនទាន់មានចំណី ចូលក្នុងពោះតាំងពីម៉ោង៣ទៀបភ្លឺមកម្ល៉េះ។ មនុស្សម្នានាំគ្នារួសរាន់ដើរតម្រង់ទៅកន្លែងហូបបាយ ដែលមានចម្ងាយជាច្រើនគីឡូម៉ែត្រពីស្រែ។ មកដល់ត្រង់ដើមត្របែកមួយ ខ្ញុំបានបេះផ្លែវាហើយខាំទំពារដើម្បីបំពេញក្រពះដែលកំពុងទាមទារអាហារ។ ត្របែកនោះមានរសជាតិជូរលាយចត់ ព្រោះវានៅខ្ចីមិនទាន់ល្មមហូបនោះទេ។ ដោយខ្ញុំឃ្លានខ្លាំងពេក ខ្ញុំបានទំពារវាឲ្យម៉ត់ជញ្ជក់យកតែទឹកប៉ុណ្ណោះ។ វាពិតជាមានរសជាតិឆ្ញាញ់ណាស់។ រំពេចនោះ មេកងឈ្មោះ តាខេន បានមកដល់។ តាខេនគឺជាមេកងកុមារ។ គាត់បានស្រែកគំហកដាក់ឲ្យខ្ញុំ និងបានទាញយកផ្លែត្របែកពីដៃរបស់ខ្ញុំបេះចោល។ តាខេន បានដៀលខ្ញុំថា អាពួកសេរីហ៊ានបេះផ្លែត្របែកស៊ី។ មេកងគិតថា ខ្ញុំគឺជាប្រជាជនថ្មីមកពីភ្នំពេញ។ បុរសម្នាក់ទៀតឈ្មោះ តាពេច គឺជាមេកងកុមារដែរ ក៏បានដើរចូលមកដល់ដែរ។ តាខេន និង តាពេច បានចាប់ខ្ញុំ និងយកវល្លិ៍មកចងដៃខ្ញុំយ៉ាងតឹង។ ដៃខ្ញុំទាំងពីរត្រូវបានទាញចូលមកប្រឡោះជង្គង់ រួចហើយចងផ្អោបជាមួយនឹងជើងទាំងសងខាង។ បន្ទាប់មក តាខេននិងតាពេច បានលើកខ្ញុំបោះចូលទៅក្នុងត្រពាំងនៅក្បែរនោះ រួចហើយក៏ដើរចេញទៅបាត់។
ពេលនោះ ខ្ញុំមិនគិតថា នឹងនៅមានជីវិតរស់ឃើញមុខបងប្អូន និងម្តាយឪពុកទៀតទេ ព្រោះដៃជើងរបស់ខ្ញុំជាប់ចំណង។ ពេលខ្ញុំលិចដល់បាតត្រពាំង ច្រមុះខ្ញុំចាប់ឈ្លក់ទឹក។ ពេលខ្ញុំខំប្រឹងដកដង្ហើម ទឹកកាន់តែហូរចូលមាត់ធ្វើឲ្យពោះរបស់ខ្ញុំធំប៉ោង។ ខ្ញុំបានខំរើបម្រះ និងធាក់ឡើងទៅលើផ្ទៃទឹកដើម្បីដកដង្ហើមជាច្រើដងដែរ។ សំណាងល្អ មានយុវជនមួយក្រុម បានឃើញសក់ខ្ញុំ និងឮសំឡេងខ្ញុំរើបម្រះនៅក្នុងទឹកត្រពាំង។ យុវជនពីរនាក់បានចុះមកស្រង់ខ្ញុំឡើងទៅលើគោក និងជួយស្រាយ ចំណងចេញ ហើយក៏ដើរចេញទៅបាត់។ ខ្ញុំអស់កម្លាំងយ៉ាងខ្លាំង។ ខ្ញុំបានដើរសំដៅទៅក្នុងភូមិទៅរកម្តាយខ្ញុំ។ ខ្ញុំបានសម្ងំលាក់ខ្លួននៅក្នុងភូមិខ្លាចមេកងរកខ្ញុំឃើញទៀត។ នៅថ្ងៃនោះ ខ្ញុំគ្មានអាហារហូបចូលពោះទេ ក្រៅពីទឹកត្របែកដែលខ្ញុំជញ្ជក់ និងទឹកត្រពាំងដែលខ្ញុំផឹកពេញពោះនោះ។
មុនរបបខ្មែរក្រហមចូលមកដល់
ភូមិស្រែជម្រៅ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ គឺជាស្រុកកំណើតរបស់ខ្ញុំ។ កាលពីតូច ខ្ញុំធ្លាប់បានចូលរៀននៅវត្តលាយបូរ ដែលស្ថិតនៅក្នុងឃុំលាយបូរស្រុកត្រាំកក់ ខេត្តតាកែវ។ ម្តាយរបស់ខ្ញុំឈ្មោះ លុយ ខន គឺជាកសិករ។ ឪពុករបស់ខ្ញុំឈ្មោះ សូ រឿង គឺជាទាហាន លន់ នល់។ ម្តាយនិងឪពុករបស់ខ្ញុំ ធ្វើស្រែចម្ការដើម្បីចិញ្ចឹកកូនៗ។ នៅក្នុងឆ្នាំ១៩៧០ ឪពុករបស់ខ្ញុំ បានចូលធ្វើជាទាហាន លន់ នល់។ គាត់បានមកស្នាក់នៅក្នុងបន្ទាយទាហានមួយនៅម្តុំចោមចៅក្នុងរាជធានីភ្នំពេញ។ ដោយចង់រស់នៅជួបជុំក្រុមគ្រួសារ ម្តាយខ្ញុំបានយកកូនៗមករស់នៅជាមួយឪពុករបស់ខ្ញុំនៅក្នុងបន្ទាយទាហានជាមួយគ្នា។ ពេលនោះម្តាយរបស់ខ្ញុំនៅធ្វើការងារផ្ទះ។ ខ្ញុំបានចូលរៀននៅសាលាបឋមសិក្សាវត្តគោកបញ្ជាន់។ ខ្ញុំចូលរៀនតាំងពីព្រឹកដល់ល្ងាចនិងត្រូវដើរដោយថ្មើរជើងចម្ងាយប្រហែល៣គីឡូម៉ែត្រពីបន្ទាយទាហានដែលខ្ញុំស្នាក់នៅ។ ដោយសារតែប្រាក់ខែទាហានរបស់ឪពុកខ្ញុំខ្វះខាត ខ្ញុំបានទៅជួយលើកបង្អែមបងស្រីម្នាក់ឈ្មោះ ម៉ៅ នៅក្នុងផ្សារថ្នល់បំបែកជារៀងរាល់ល្ងាច។ ខ្ញុំជួយលាងចាន ខ្ចប់បង្អែម និងធ្វើការងារផ្សេងៗទៀតតាមដែលគាត់ប្រើ។ បងម៉ៅ តែងតែឲ្យលុយ និងបង្អែមមកខ្ញុំជារៀងរាល់ល្ងាចយកមកផ្ទះ។ ខ្ញុំបានរស់នៅក្នុងបន្ទាយរហូតដល់ខ្មែរក្រហមវាយយកបានទីក្រុងភ្នំពេញនៅខែមេសា ឆ្នាំ១៩៧៥។ នៅពេលនោះខ្ញុំទើបតែមានអាយុប្រហែល១១ឆ្នាំតែប៉ុណ្ណោះ។ នៅពេលដែលខ្មែរក្រហមគ្រប់គ្រងទីក្រុងភ្នំពេញបានហើយ មនុស្សម្នានៅក្នុងទីក្រុងទាំងអស់ត្រូវខ្មែរក្រហមជម្លៀសចេញពីទីក្រុង។ ឪពុករបស់ខ្ញុំបាននាំក្រុមគ្រួសារចាកចេញពីបន្ទាយទាហានយ៉ាងប្រញាប់ប្រញាល់។ ឪពុកមា និងសាច់ញាតិរបស់ខ្ញុំខ្លះដែលជាអតីតទាហាន លន់ នល់ ក៏ត្រូវបានខ្មែរក្រហមបាញ់សម្លាប់នៅពេលនោះដែរ។
ត្រឡប់មកស្រុកកំណើតវិញ
មកដល់ស្រុកត្រាំកក់ដំបូង ខ្ញុំនិងក្រុមគ្រួសារបានមកកាន់ភូមិមួយ។ ខ្ញុំមិនស្គាល់អ្នកណាទេ។ ប្រជាជនភាគច្រើនជម្លៀសមកពីទីកន្លែងផ្សេងៗគ្នា។ ខ្ញុំឃើញផ្ទះសម្បែងរបស់ប្រជាជននៅក្នុងភូមិត្រូវបានដុតបំផ្លាញស្ទើគ្មានសល់ឡើយ។ វាមានសភាពខុសពីអ្វីដែលខ្ញុំធ្លាប់បានឃើញមុនពេលដែលចាកចេញទៅរស់នៅក្នុងទីក្រុងភ្នំពេញ។ មកដល់ក្នុងភូមិ គ្រួសារខ្ញុំបានសាងសង់ខ្ទមតូចមួយដើម្បីស្នាក់នៅបណ្តោះអាសន្ន។ យើងរស់នៅជាសហករណ៍ ប៉ុន្តែមិនទាន់តឹងតែងខ្លាំងនោះទេ។ រហូតដល់ខ្ញុំបានជម្លៀសមករស់នៅភូមិស្រែជម្រៅ ខ្មែរក្រហមបានចាត់តាំងឲ្យខ្ញុំចូលកងកុមារសេរី។ កងកុមារសេរី គឺធ្វើការពិបាកជាងកងកុមារផ្សេងទៀត។ ខ្ញុំត្រូវរែកដីម្ខាង២បង្គី។ ឪពុកម្តាយខ្ញុំទៅធ្វើស្រែចម្ការ រីឯប្អូនៗខ្ញុំនៅតូចៗនៅផ្ទះ។
ខ្ញុំតែងតែលួចមកលេងផ្ទះជួយម្តាយឪពុកនិងបងប្អូនរបស់ខ្ញុំ។ លើកដំបូងដែលខ្ញុំបានលួចមកលេងផ្ទះ គឺប្អូនរបស់ខ្ញុំម្នាក់បានស្លាប់។ ក្រោយមក ខ្ញុំបានត្រឡប់មកលេងផ្ទះម្តងទៀត ប្អូនខ្ញុំម្នាក់ក៏បានស្លាប់ទៀត។ នៅពេលដែលខ្ញុំបានលួចត្រឡប់មកលេងផ្ទះជាលើកទី៣ បងរបស់ខ្ញុំក៏នៅសល់តែដង្ហើមចុងក្រោយប៉ុណ្ណោះ បន្ទាប់មកគាត់ក៏បានស្លាប់ទៅ។ បងប្អូនរបស់ខ្ញុំទាំងអស់បានស្លាប់ដោយសារតែអត់អាហារ។ សាកសពបងប្អូនរបស់ខ្ញុំ បានយកទៅកប់ចោលដោយមិនបានធ្វើបុណ្យទេ។
ម្តាយរបស់ខ្ញុំព្រួយបារម្ភពីខ្ញុំខ្លាំងណាស់។ គាត់បានសុំមេកងម្នាក់ឈ្មោះ តាសាន់ ឲ្យខ្ញុំចូលធ្វើការងារជាមួយគាត់។ តាសាន់ គឺជាមេកងក្រុមយុវជន។ គាត់មានទឹកចិត្តល្អចំពោះខ្ញុំ។ នៅក្នុងកងយុវជន ខ្ញុំមិនសូវទទួលរងការធ្វើបាបដូចនៅក្នុងកងកុមារ ទេ។ ខ្ញុំមានអារម្មណ៍កក់ក្តៅព្រោះខ្ញុំលែងបានជួបមុខមេកងកុមារដែលមានបំណងចង់សម្លាប់ខ្ញុំទៀតហើយ។ ប៉ុន្តែថ្ងៃមួយ ខ្ញុំកំពុងតែប្រមូលអាចម៍គោ មេកងខេន ដែលជាមេកងកុមារសេរីដែលខ្ញុំធ្លាប់រស់នៅ បាននិយាយមកកាន់ខ្ញុំថា «អានេះ អាចគេចមកដល់ទីនេះ និងនៅរស់ទៀតវើយ»។ សម្តីប្រមាថមើលងាយនេះ បានធ្វើឲ្យខ្ញុំ ខឹងខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនតបតអ្វីឡើយ។ ខ្ញុំគិតតែពីឈ្ងោកមុខធ្វើការងារ។
នៅក្នុងកងយុវជននេះ មានកូនមេកងម្នាក់ឈ្មោះ អាកឺត បានវាយធ្វើបាបនិងប្រមាថមើលងាយខ្ញុំស្ទើតែរាល់ថ្ងៃ។ អាកឺត គឺជាកូនមេកងកសិករ។ ថ្ងៃមួយ ខ្ញុំបានដុតដំឡូងមី៣មើម ហើយ អាកឺត ក៏មកដល់។ អាកឺត បានកាយយកដំឡូងមីដែលខ្ញុំដុតមិនទាន់នឹងឆ្អិនស្រួលផងយកទៅហូប។ ខ្ញុំសុំឲ្យអាកឺតទុកដំឡូងឲ្យខ្ញុំ១មើមដែរតែវាមិនព្រមឡើយ ហើយថែមទាំងជេរប្រមាថខ្ញុំ និងឪពុកម្តាយរបស់ខ្ញុំទៀត។ ដោយទ្រាំនឹងពាក្យសំដីជេរទាំងអស់នោះមិនបាន ខ្ញុំក៏បានវាយ អាកឺត ជិតស្លាប់។ អ្នកនៅក្បែរៗនោះបានឃាត់ខ្ញុំឲ្យឈប់វាយ ព្រោះមិនចង់ឲ្យខ្ញុំមានទោស។ លុះស្អែកឡើង ឪពុករបស់ អាកឺត បានយកខ្សែគោបម្រុងនឹងចងខ្ញុំយកទៅសម្លាប់។ តាសាន់ បានប្រាប់ខ្ញុំឲ្យគេចខ្លួន ព្រោះគាត់ដឹងថាហេតុការណ៍មិនស្រួល។
ខ្ញុំរស់នៅគេចខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ។ រហូតដល់នៅចុងឆ្នាំ១៩៧៨ កងទ័ពវៀតណាមបានចាប់ផ្តើមវាយចូលមកក្នុងប្រទេសកម្ពុជា។ ខ្ញុំនិងគ្រួសារបានរត់ភៀសខ្លួនទៅកាន់ព្រំដែនជាមួយនឹងកងទ័ពវៀតណាម។ ប្រជាជនមួយចំនួនផ្សេងទៀត ត្រូវខ្មែរក្រហមកៀរចូលទៅក្នុងព្រៃ។ មិនយូរប៉ុន្មាន កងទ័ពវៀតណាម ក៏ដកថយចេញពីប្រទេសកម្ពុជាវិញ។ ខ្ញុំឮប្រជាជននិយាយថាថ្ងៃដែលកងទ័ពវៀតណាមដកចេញទៅនោះគឺជាថ្ងៃចូលឆ្នាំរបស់វៀតណាម។ បន្ទាប់ពីវៀតណាមដកថយចេញពីប្រទេសកម្ពុជា ខ្មែរក្រហមបានសម្លាប់ប្រជាជនខ្មែរអស់ជាច្រើននាក់ដែលបានរត់ទៅកាន់ព្រំដែនជាមួយកងទ័ពវៀតណាម។ ខ្មែរក្រហមបានចោទប្រជាជនទាំងអស់នោះថាមានក្បាលយួនខ្លួនខ្មែរ។ ក្រុមគ្រួសាររបស់ខ្ញុំ ត្រូវប្រឈមមុខនឹងការសម្លាប់ដែរ ប៉ុន្តែយើងរត់គេចពីកន្លែងមួយទៅកន្លែងមួយទៀត។ មួយរយៈក្រោយមក កងទ័ពវៀតណាម បានវាយចូលមកម្តងទៀត។ ក្រុមខ្មែរក្រហមបានឃោសនាថាកងទ័ពវៀតណាមនឹងអាករសម្លាប់ប្រជាជន។ ខ្ញុំខ្លាចខ្លាំងណាស់នៅពេលនោះ។ ខ្ញុំមិនបានរត់ទៅតាមកងទ័ពវៀតណាមទៀតទេ ហើយខ្ញុំក៏សម្រេចចិត្តរត់ទៅកាន់ភ្នំដំរីរមៀល។ កងទ័ពវៀតណាម បានដេញតាមយោធាខ្មែរក្រហម។ ខ្ញុំបានជួបកងទ័ពវៀតណាមមួយក្រុម ហើយកងទ័ពវៀតណាមបានប្រាប់ខ្ញុំឲ្យត្រឡប់មកស្រុកកំណើតវិញ។ ខ្ញុំនិងក្រុមគ្រួរសាក៏បានជួបជុំគ្នាវិញនៅក្នុងភូមិ។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ
ខ្ញុំបានចាប់ផ្តើមកសាងជីវិតថ្មីជាមួយក្រុមគ្រួសារនៅក្នុងខេត្តតាកែវ។ យើងប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ អំឡុងឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៨ ខ្ញុំបានចូលរៀនបន្តមុខវិជ្ជារ៉ែ និងថាមពលនៅមហាវិទ្យាល័យតិចណូ។ បន្ទាប់ពីរៀនចប់ ខ្ញុំបានចូលបម្រើការងារនៅក្នុងមន្ទីរឧស្សាហកម្មខេត្តតាកែវ។ នៅក្នុងឆ្នាំ១៩៨៩ និង១៩៩០ ខ្ញុំត្រូវបានចាត់តាំងឲ្យទៅបំពេញបេសកម្ម ក៥ នៅឯខេត្តប៉ៃលិនអស់រយៈពេលប្រហែល៣ខែ។ ការងារខ្ញុំគឺគ្រប់គ្រងពលករដែលទៅពីខេត្តតាកែវជាមួយនឹងមេបញ្ជាការរបស់ខ្ញុំម្នាក់ទៀតឈ្មោះ ជឹម ជឿន ដែលជាអតីតអនុប្រធានមន្ទីរឧស្សាហកម្មខេត្តតាកែវ។ នៅប៉ៃលិន ប្រជាជនគឺជាជំនួយការដល់កងទ័ពដែលប្រយុទ្ធជាមួយនឹងខ្មែរក្រហម។ នៅទីនោះ យើងត្រូវជួយជីកលេណដ្ឋាន ផ្គត់ផ្គង់សម្ភារៈដល់កងទ័ព និងការងារផ្សេងៗទៀត។ ខ្ញុំឃើញមានការប្រយុទ្ធគ្នាជាមួយកងទ័ពខ្មែរក្រហមជាញឹកញយ ហើយក៏មានប្រជាជនពលីជីវិតក្នុងពេលបំពេញបេសកម្មនោះដែរ។
ខ្ញុំបានត្រឡប់មកផ្ទះវិញបន្ទាប់ពីបំពេញបេសកម្មនេះអស់រយៈពេល៣ខែ។ ខ្ញុំក៏បានរៀបការជាមួយប្រពន្ធរបស់ខ្ញុំ។ យើងមានកូនចំនួន៤នាក់ ស្រីចំនួន៣នាក់ និងប្រុសចំនួន១នាក់។ ដោយមើលឃើញជីវភាពគ្រួសារខ្សត់ខ្សោយពេក ខ្ញុំក៏សម្រេចចិត្តឈប់ធ្វើការរាជការ ត្រឡប់ទៅប្រកបមុខរបរធ្វើស្រែចម្ការវិញ។
សព្វថ្ងៃនេះ ខ្ញុំនៅផ្ទះមើលថែរក្សាចៅ។ កូនៗរបស់ខ្ញុំគឺជាអ្នកប្រកបរបររកស៊ីចិញ្ចឹមគ្រួសារ។
ខ្ញុំនៅតែខ្លាចអតីតកាល
ជារឿយៗ ខ្ញុំយល់សប្តិឃើញហេតុការណ៍ដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។ ពេលខ្លះ ខ្ញុំយល់សប្តិថាខ្មែរក្រហមកំពុងតែដេញចាប់ខ្ញុំយកទៅសម្លាប់ និងជួនពេលខ្លះខ្ញុំយល់សប្តិថាខ្មែរក្រហមបានស្រែកគម្រាមកំហែងដាក់ខ្ញុំ។ នៅក្នុងយល់សប្តិនោះ គ្មាននរណាម្នាក់អាចជួយខ្ញុំបានឡើយ។ នៅក្នុងចិត្ត ខ្ញុំបានដឹងថាវាគ្រាន់តែជាការយល់សប្តិប៉ុណ្ណោះ ហើយរឿងរ៉ាវទាំងអស់នោះវាកន្លងផុតយូរណាស់ហើយ ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាខ្លាច។ ខ្ញុំមិនដឹងថានេះជាការដិតដាមអារម្មណ៍ខ្លាំងពេកនៅពេលដែលខ្ញុំបានជួបហេតុការណ៍ទាំងអស់នោះនៅក្នុងរបបខ្មែរក្រហម។
ទោះបីជាខ្ញុំឈឺចាប់យ៉ាងណា ក៏នៅមានប្រជាជនជាច្រើនទៀតរងការឈឺចាប់ដូចខ្ញុំដែរ។ ថ្ងៃមួយ មជ្ឈមណ្ឌលឯកសារកម្ពុជាបានអញ្ចើញខ្ញុំនិងប្រជាជនជាច្រើនទៀតឲ្យទៅទស្សនកិច្ចនៅគុកទួលស្លែង វាលពិឃាតជើងឯក និងតុលាការខ្មែរក្រហម។ ទៅដល់ទីនោះ ខ្ញុំកាន់តែយល់ដឹងច្បាស់អំពីអ្វីដែលបានកើតឡើងចំពោះប្រជាជនខ្មែរ ថាតើអ្នកជាប់ឃុំឃាំងទាំងអស់នោះបានរងទុក្ខនិងទារុណកម្មយ៉ាងធ្ងន់ធ្ងរមុននឹងស្លាប់។
ក្រោយមក ខ្ញុំបាននិយាយអំពីអ្វីដែលបានកើតឡើងនៅក្នុងគុកទួលស្លែងនិងរឿងរ៉ាវរបស់ខ្ញុំប្រាប់ដល់ក្មេងៗជំនាន់ក្រោយ។ ខ្ញុំសង្ឃឹមថា ក្មេងៗជំនាន់ក្រោយនឹងរៀនសូត្រពីកំហុសនៃការដឹកនាំក្នុងរបបខ្មែរក្រហម និងចូលរួមការពារកុំឲ្យមានការកើតឡើងនៃរបបនេះម្តងទៀត។ ខ្ញុំក៏រីករាយណាស់ដែលប្រទេសកម្ពុជាអាចបង្កើតឲ្យមានតុលាការខ្មែរក្រហមសម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហម។ នេះជាគម្រូមួយដល់សង្គមដទៃទៀតដែលជួបនឹងជម្លោះស្រដៀងគ្នានេះ។
ម៉ម សុផាត គឺជាអ្នកដាក់ពាក្យបណ្តឹងម្នាក់ទៅកាន់តុលាការខ្មែរក្រហមតាមរយៈមជ្ឈមណ្ឌលឯកសារកម្ពុជា។ សព្វថ្ងៃនេះ សុផាត មានអាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិធ្នង់រលីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ៕ ល