ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានស្នើឱ្យបង្កើនការប្រុងប្រយ័ត្នថែមទៀត ខណៈទឹកជំនន់ បន្តលិចកាន់តែខ្លាំង កំណាត់ផ្លូវជាតិលេខ៥ ចន្លោះក្រុងសិរីសោភ័ណ កាត់ស្រុកមង្គលបូរី ទៅអូរញរ ជាព្រំប្រទល់ខេត្តបន្ទាយមាន ជ័យ និងខេត្តបាត់ដំបង ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមផ្អាកបណ្តោះអាសន្ន នូវយានយន្តដឹកជញ្ជូន ធុនធ្ងន់ គ្រប់ប្រភេទ ដែលឆ្លងកាត់ កំណាត់ផ្លូវជាតិលេខ៥ ពីទីរួមខេត្តបន្ទាយមានជ័យ ដល់ព្រំប្រទល់ខេត្តបាត់ដំបង (ពីក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ដល់អូរញរ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងដូច្នេះ នៅថ្ងៃទី១៦ ខែតុលា នេះថាៈ ស្របពេលទឹកជំនន់ ហក់ឡើងជន់ពន្លិច ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លំនៅដ្ឋាន សត្វពាហនៈ និងកសិផលរបស់ពលរដ្ឋនោះ សូមគោរពជម្រាបជូន ពុកម៉ែ មាមីង បងប្អូន មេត្តាជ្រាបថា កាលពីថ្ងៃទី១៥ តុលា មក ស្ថានភាពទឹកជំនន់ ស្រុងចុះមក (ហូរចុះមក) បង្ករឲ្យកំណាត់ផ្លូវជាតិលេខ៥ ត្រង់ទីតាំងពីស្ពានខ្ពស់ ដល់រង្វង់មូល យាយជីច្រូតស្រូវ ក្នុងភូមិគោកស្វាយ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ទឹកហូរកាត់លើផ្លូវ ។ ដូចនេះសំណូមពរ ពុកម៉ែបងប្អូន សាធារណជន ពលរដ្ឋ សូមមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ បន្ថែមទៀត ពេលធ្វើដំណើរឆ្លងកាត់។
សូមរំលឹកដែរថា កំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានរងការលិចលង់ ទឹកហូរកាត់ នៅចំណុចព្រំប្រទល់ ក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី និងនៅទីរួមស្រុកមង្គលបូរី តាំងពីថ្ងៃទី១២ តុលា មក ។

យោងសេចក្តីជូនដំណឹង ស្តីពីការផ្អាកបណ្តោះអាសន្ន យានយន្តដឹកជញ្ជូនធុនធ្ងន់ គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ តាមផ្លូវជាតិលេខ៥ ពីទីរួមខេត្ត (ក្រុងសិរីសោភ័ណ) ដល់ព្រំប្រទល់ខេត្តបាត់ដំបង ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កន្លងមក បានអោយដឹងថាៈ រដ្ឋបាលខេត្ត សូមជម្រាបជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ ពិសេសក្រុមហ៊ុនដឹកជញ្ជូនដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវដូចខាងលើ មេត្តាជ្រាបថា ជំនន់ទឹកភ្លៀង បានបង្កលិចលង់ផ្លូវ មួយចំនួន នៅខេត្តពោធិសាត់ ខេត្តបាត់ដំបង បន្ទាយមានជ័យ រួមទាំងផ្លូវជាតិលេខ៥ ពីចំណុចគីឡូម៉ែត្រលេខ ១៨៦ ដល់គីឡូម៉ែត្រលេខ ១៩៣។
ឯរដ្ឋបាល ខេត្តពោធិសាត់ ក៏បានជូនដំណឹង កាលពីថ្ងៃទី១១ តុលា ពីការផ្អាកបណ្តោះអាសន្ន យានយន្តដឹកជញ្ជូនធុនធ្ងន់ គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ តាមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនដែរ។
ហេតុនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមផ្អាកបណ្តោះអាសន្ន នូវយានយន្តដឹកជញ្ជូនធុនធ្ងន់ គ្រប់ប្រភេទ ដែលឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៥ ពីទីរួមខេត្តបន្ទាយមានជ័យ ដល់ព្រំប្រទល់ខេត្តបាត់ដំបង (ពីក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ដល់អូរញរ ៕/V


