ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈក្នុងការបង្ហាញជាបឋមលើទំព័រហ្វេសប៊ុកផ្លូវការរបស់់ក្រសួងធនធានទឹកនិងឧតុនិយម គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៦ ខែតុលា គឺមានភ្លៀងពីខ្សោយទៅមធ្យមស្ទើរតែគ្រប់ខេត្តនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកនេះ។

ស្ថានភាពទាំងនេះមានដូចជា: មានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យមក្នុងក្រុងខេមរភូមិន្ទ ស្រុកកោះកុង ស្រុកបូទុមសាគរ និងស្រុកស្រែអំបិល ខេត្តកោះកុង។ភ្លៀងបន្តធ្លាក់កម្រិតខ្សោយនៅស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។មានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម នៅក្រុងព្រះសីហនុ ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។នៅលើផ្ទៃសមុទ្រមានខ្យល់ខ្លាំង និងរលកសមុទ្រយោលធំៗ។មានភ្លៀងធ្លាក់កម្រិតខ្សោយ-មធ្យម នៅផ្នែកខ្លះនៃស្រុកទឹកឈូ និងក្រុងកំពត ខេត្តកំពត។
ប្រភពដដែលបន្តថា មានភ្លៀងធ្លាក់កម្រិតខ្សោយនៅក្រុងស្ទឹងសែន ស្រុកសន្ទុក និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។មានភ្លៀងធ្លាក់ក្នុងកម្រិតខ្យោយទៅមធ្យមនៅក្រុងព្រៃវែង និងផ្នែកខ្លះនៃស្រុកពោធិរៀង ស្រុកពាមរក៍ និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។មានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងមេឃអួអាប់ នៅទូទាំងខេត្តកែប។

ចំណែកឯខេត្តមណ្ឌលគិរីឯណោះវិញ មេឃបន្តចុះអ័ព្ទក្រាស់ក្នុងក្រុងសែនមនោរម្យ។ រីឯខេត្តប៉ៃលិន ភ្លៀងធ្លាក់ពីយប់មិញត្រឹមតែ ២០ មិល្លីម៉ែត្រប៉ុណ្ណោះនៅវេលាព្រឹកនេះ(១៦តុលា) ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ទឹកបានហូរជន់ចូលផ្ទះប្រជាពលរដ្ឋប្រមាណ ២៧ ខ្នងផ្ទះទៀតហើយ ។ តំបន់នេះ ជាតំបន់ទំនាបជាងគេ ជាធម្មតាភ្លៀងធ្លាក់នៅផ្នែកខាងលើ ចាប់ពីកម្រិត ៥០មិល្លីម៉ែត្រឡើងទៅទើបមានជំនន់ទឹកភ្លៀងកើតឡើងក្នុងតំបន់នេះ ។ ប៉ុន្តែដោយសារជំនន់ធំទើបតែត្រូវបានបញ្ចប់ ហើយភ្លៀងពីយប់មិញត្រឹមតែ ២០ មិល្លីម៉ែត្រ ក៏បណ្តាលឲ្យទឹកហូរជន់ចូលផ្ទះប្រជាពលរដ្ឋមួយចំនួនទៀតសាជាថ្មី ។ ទោះយ៉ាងណាក៏ដោយជំនន់នេះ និងស្រកទៅវិញបណ្តើរៗផងដែរ ប្រសិនបើមិនមានភ្លៀងធ្លាក់បន្ថែមទៀតទេនោះ។
ប្រភពដដែលបន្ថែមថា ក៏មានភ្លៀងធ្លាក់កម្រិតមធ្យម នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ៕សរន/Ha




