​ថៃ​ធ្លាក់​ចូល​ក្នុង​តំបន់​គ្រោះថ្នាក់​និង​ប្រឈម​វិបត្តិ​ពេញទំហឹង​មួយ នេះ​បើ​តាម​ការព្រមាន​ពី​អ្នកជំនាញ​ម្នាក់ បន្ទាប់​ពី​ពួក​បាតុករ​ប្រឆាំង​របប​រាជានិយម​បាន​បង្ហាញ​ភាព​ផ្គើន​ជា​ចំហ​ទៅនឹង​ព្រះមហា​​ក្សត្រ​ ដោយ​លើ​កម្រាមដៃ​បី​តំណាងឲ្យការតស៊ូ​ដើម្បី​ការផ្លាស់ប្តូរ​។​

​បាតុករ​ដែល​លើក​ម្រាមដៃ​បី​ជា​និមិត្តរូប​ចលនា​តស៊ូ​របស់​គេ ប្រឈម​ជាមួយ​កម្លាំង​ប៉ូលិស​នៅ​ផ្លូវបំបែក​កណ្តាល​ក្រុង​បាងកក​កាលពី​ថ្ងៃ​១៥​តុលា​

​ពួក​អ្នក​ប្រឆាំង​តវ៉ា​រាប់ម៉ឺន​នាក់​បាន​វិល​មក​កាន់​ដង​វិថី​នៃ​ក្រុង​បាងកក​សាជាថ្មី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​តុលា ទោះ​ជា​រដ្ឋាភិបាល​ប្រកាស​ប្រើ​ច្បាប់​គ្រា​អាសន្ន​«​ធ្ងន់ធ្ងរ​»​នៅ​ក្រុង​បាងកក​នៅ​ប៉ុន្មាន​ម៉ោង​​មុន​នៅក្នុង​ថ្ងៃ​ដដែល​និង​នៅ​មួយ​ថ្ងៃ​បន្ទាប់ពី​ស្តេច​មហា វ៉េ​ច​រ៉ា​ឡុងកន​ និង​មហាក្សត្រី ប្រឈម​មុខ​ជាមួយ​ពួក​បាតុករ នៅ​ពេល​ក្បួន​រថយន្ត​របស់​ទ្រង់​បើក​ឆ្លងកាត់​។​

​កន្លងមក ពួក​អ្នក​ប្រឆាំង​តវ៉ា​ដែល​ដឹកនាំ​ដោយ​ក្រុមនិស្សិត ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន​អូ​ចា ចុះចេញ​ពី​តំណែង សរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ បោះឆ្នោត​ជា​ថ្មី និង​ធ្វើ​ការកែ​ទម្រង់​របប​រាជា​​និយម​អាស្រ័យ​ធម្មនុញ្ញ ដែល​សព្វថ្ងៃ​ពួកគេ​មើលឃើញ​ថា​មាន​អំណាច​ធំ​ជ្រុល​ពេក​។​

​ក្នង​ការជួបជុំ​កាលពី​ថ្ងៃ​១៥​តុលា ពួក​គេ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​យ៉ាងតិច​២០​នាក់ ក្នុង​ការបង្ក្រាប​របស់​ប៉ូលិស​។​ការប្រឆាំង​តវ៉ានៅ​កណ្តាល​ក្រុង​បាងកក​បាន​ប្រព្រឹត្តទៅ​ដោយ​អហិង្សា និង​​នៅ​ទីបំផុត​បាន​បំបែកហ្វូង​ក្រោយ​បម្រាម​គោចរ​ម៉ោង​៦​ល្ងាច​។​ទោះជា​យ៉ាងណា ពួកគេ​បាន​សន្យាថា​នឹង​វិល​មក​វិញ​នៅ​ថ្ងៃ​សុក្រ​ទី​១៦​តុលា​។​

​ការតវ៉ា​ប្រឆាំង​ធំ​នៅ​សប្តាហ៍​នេះ​កើត​ឡើង​ជា​លើកដំបូង​ក្នុងពេល​ស្តេច វ៉េ​ច​រ៉ា ឡុងកន គង់​នៅក្នុង​ប្រទេស បន្ទាប់​ពី​វិល​មក​ពី​ព្រះរាជដំណាក់​នៅ​អាឡឺម៉ង់​។​

​កាលពីដើម​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​បាន​ព្យាយាម​ទប់​ចលនា​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​ក្រុមនិស្សិត​នេះ តាមរយៈ​ចេញ​ច្បាប់​គ្រាអាសន្ន​ដោយ​ហាម​ការជួបជុំ​មនុស្ស​ចាប់ពី​៤​នាក់​ឡើង​និង​បាន​ចាប់ខ្លួន​​សកម្មជន​លេចធ្លោ​ប្រមាណ​២០​នាក់​ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ប្រឆាំង​តវ៉ា​ត្រូវ​ចាប់ខ្លួន​នៅ​សប្តាហ៍​នេះ​ឡើង​ដល់​៤០​នាក់ ។​

​ម៉ៃ​ឃើ​ល ម៉ុន​តេ​សាណូ នៅ​វិទ្យាស្ថាន​ISEAS-Yusof Isak​នៅ​សិង្ហ​បុរី បាន​និយាយថា​«​ភាព​ប្រទាញប្រទង់​កម្រិត​ទាប​ដែល​រដ្ឋាភិបាល​របស់​លោក​ប្រា​យុទ្ធ ចាន អូ​ចា ប្រឈម​ដោះស្រាយបាន​ដោយ​ជោគជ័យ​​នោះ​ ឥឡូវ​…​ក្លាយ​ជា​វិបត្តិ​ពេញធឹង​មួយ​។​មិន​ដូច​៤៨​ម៉ោង​មុន​ទេ ប្រទេស​នេះ​ស្ថិតក្នុង​តំបន់​គ្រោះថ្នាក់​ហើយ​ឥឡូវ​»៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​នាយករដ្ឋមន្ត្រី​ថៃ​ចេញ​បញ្ជា​អោយ​ប៉ូលិស​ចាត់ការ​អ្នក​រារាំង​ក្បួន​រថយន្ត​ស្តេច និង​អ្នក​រំលោភ​ច្បាប់​គ្រា​អាសន្ន​