ដោយៈប.ខុន/ភ្នំពេញៈទឹកស្ទឹងព្រែកត្នោតនៅទ្វារទឹករលាំងជ្រៃបានស្រកផុតកម្ពស់ត្រូវរក្សាទុកហើយ។មានន័យថា ជំនន់ស្ទឹងព្រែកត្នោតនៅភាគខាងលើបានធូរស្រាល ច្រើន តែក៏ដល់ពេលភ្លៀងធ្លាក់ច្រើនជាថ្មីក៏បានមកដល់ដែរ បន្ទាប់ពីសម្ពាធទាប នៅលើប្រទេសកម្ពុជាបានបង្កើនឥទ្ធិពលទៅជាសម្ពាធទាបសកម្មនៅចុងនៃប្រព័ន្ធសម្ពាធទាប ហើយរំកិលចូលទៅក្នុងសមុទ្រចិនខាងត្បូងនៅខាងកើតឆ្នេរប្រទេសវៀតណាមក្នុងពេលវិសម្ពាធ(TD )មិនបានក្លាយទៅជាព្យុះនិងដើរមកកាន់តែកៀកនឹង ឆ្នេរក្រោមភាគកណ្តាលប្រទេសវៀតណាម ។
លោកចាន់យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅព្រឹកថ្ងៃទី១៦ខែតុលាថា ស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅភាគខាងលើក្នុងខេត្តកំពង់ស្ពឺបានធូរស្រាលច្រើនហើយនៅថ្ងៃនេះ(១៦តុលា)ដូចជានៅអាងទឹកតាសាល ទ្វារទឹកត្រូវបានបិទរក្សាទឹកទុក,មានទឹកហូរលើទំនប់បង្ហៀរនៅពាមឃ្លៃ ទឹកមានកម្ពស់៦ម៉ែត្រទាបជាងថ្ងៃទី១៥តុលា ១,៤៥ម៉ែត្រ,នៅទ្វារទឹករលាំងជ្រៃ ទឹកមានកម្ពស់៦,៨៨ម៉ែត្រ ទាបជាងថ្ងៃទី១៥តុលា០,៨០ម៉ែត្រ(កម្ពស់ទឹករក្សាទុក៧ម៉ែត្រ)ក៏បានទម្លាក់ទ្វារទឹកចុះដែរ។
អ្នកនាំពាក្យក្រសួងជំនាញដដែលថា សម្ពាធទាបមួយនៅខាងចុងនៃប្រព័ន្ធសម្ពាធទាបដែលស្ថិតនៅលើប្រទេសកម្ពុជាបានបង្កើនឥទ្ធិពលទៅជាសម្ពាធទាបសកម្ម(ACTIVELOW) ហើយរំកិលចូលទៅក្នុងសមុទ្រចិនខាងត្បូងនៅខាងកើតឆ្នេរប្រទេសវៀតណាម ធ្វើឱ្យផ្ទៃមេឃមានសភាពអាប់អួនិងមានភ្លៀងរលឹមធ្លាក់រាយប៉ាយច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ឯវិសម្ពាធដែលកំពុងមានចលនានៅក្នុងសមុទ្រចិនខាងត្បូងត្រូវបានអ្នកនាំពាក្យខាងលើបញ្ជាក់យ៉ាងនេះថា វាមិនបានវិវត្តទៅជាព្យុះទេ។គឺនៅក្នុងកម្រិតជាវិសម្ពាធដើរមករកឆ្នេរខាងក្រោមភាគកណ្តាលប្រទេសវៀតណាម រួចនឹងរំកិលឡើងទៅរកឈូងសមុទ្រតុងកឹង ដោយបាននាំទៅជាមួយនូវសម្ពាធទាបសកម្មនិងប្រព័ន្ធសម្ពាធទាបដែលនៅពីលើប្រទេសកម្ពុជាច្រើនថ្ងៃមកហើយទៅជាមួយផងដែរ។
លោកចាន់យុត្ថាឱ្យដឹងទៀតថា ស្ថានភាពដូចខាងលើបានធ្វើឱ្យនៅថ្ងៃទី១៦តុលាមានសភាពអាប់អួនិងមានភ្លៀងរលឹមធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមបង្គួរនៅក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។នៅថ្ងៃទី១៧និង១៨តុលា មានភ្លៀងធ្លាក់ច្រើននៅតំបន់ខ្ពង់រាបភាគឦសាន ខ្ពង់រាបភាគខាងជើងតំបន់ទំនាបកណ្តាលភាគពាយព្យនិងតំបន់មាត់សមុទ្រ។ស្ថានភាពអាកាសធាតុដូចខាងលើនេះ ធ្វើឱ្យទឹកទន្លេងើបឡើងបន្ត ថែមទៀត។
ចំពោះស្ថានភាពទឹកទន្លេវិញបើយោងតាមព្រឹតិបត្រព័ត៌មាននិងព្យាករកម្ពស់ទឹករបស់ក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី១៦តុលាបង្ហាញឱ្យឃើញថានៅស្ទឹងត្រែងទឹកមាន កម្ពស់ ៧,៤៨ម៉ែត្រទាបជាងថ្ងៃទី១៥ខែកតុលា ០,១២២ម៉ែត្រ ខ្ពស់ជាងកម្ពស់ទឹកមធ្យមច្រើន ឆ្នាំ១,៣៩ម៉ែត្រ។នៅខេត្តក្រចេះ ទឹកមាន កម្ពស់១៧,២៨ម៉ែត្រខ្ពស់ជាងថ្ងៃទី ១៥ខែតុលា ០,១០ម៉ែត្រខ្ពស់ជាងកម្ពស់ទឹក មធ្យម ច្រើនឆ្នាំ២,០៤ម៉ែត្រ ។នៅខេត្តកំពង់ចាមទឹក មានកម្ពស់១១,១៣ម៉ែត្រ ខ្ពស់ជាងថ្ងៃ ទី១៥ខែតុលា ០,២៦ម៉ែត្រ ទាបជាងកម្ពស់ ទឹកមធ្យមច្រើនឆ្នាំ ០,០៥ម៉ែត្រ។ នៅចតុមុខទឹកមានកម្ពស់ ៦.៧៦ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៥ខែតុលា ០,២០ម៉ែត្រ ទាបជាងកម្ពស់ទឹកមធ្យម ច្រើនឆ្នាំ២,០៤ ម៉ែត្រ។ នៅបឹងទន្លេសាប ក្រគរ កំពង់លួង ទឹកមានកម្ពស់៤,៥១ ម៉ែត្រ ខ្ពស់ជាង ថ្ងៃទី១៥ខែតុលា ០,១៥ម៉ែត្រ៕សរន/Ha
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ព្រឹក មានភ្លៀងធ្លាក់កម្រិត
ខ្សោយទៅមធ្យមនៅស្រុកស្រីស្នំ ស្រុកពួក ស្រុកអង្គរជុំ ស្រុកវ៉ារិន និងស្រុកជីក្រែង ខេត្តសៀមរាប។