គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ប្រកាសដាក់ឲ្យប្រើប្រាស់សេវាកម្មទូទាត់ AMK PAY

1003
ចែករម្លែក

ដោយ:វិបុល/ភ្នំពេញ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ ដែលជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ​លើវិសាលភាព​ប្រតិ​បត្តិការ បានប្រកាសដាក់ឲ្យប្រើប្រាស់សេវាកម្មទូទាត់ អេ អឹម ខេ ផេ (AMK PAY) ដើម្បីសម្រួល​ភាពងាយ​ស្រួល លឿនរហ័ស និងសុវត្ថិភាពខ្ពស់ ដល់អតិថិជនរបស់ខ្លួន តាមរយៈឃ្យូអ័រកូដ (QR Code)។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានលើកឡើងថា “ការដាក់ឲ្យប្រើប្រាស់សេវាកម្ម ទូទាត់អេ អឹម ខេ ផេ AMK PAY ​នឹងផ្តល់ផលចំណេញជាច្រើនដល់អ្នកប្រើប្រាស់​ ជាពិសេស​គឺម្ចាស់អាជីវកម្ម ព្រោះគាត់អាច​ធ្វើការ​ទូទាត់​ជាមួយអតិថិជនរបស់គាត់កាន់តែមានភាពងាយស្រួលជាងមុន ដោយមិនបាច់ប្រើសាច់ប្រាក់ ចំណេញពេល​វេលា សុវត្ថិភាពខ្ពស់ និងកាត់បន្ថយហានិភ័យផ្សេងៗ។ ក្នុងករណីអតិថិជន ឬ​ម្ចាស់​​​អាជីវកម្មត្រូវការដាក់ឬដកប្រាក់ គាត់អាច​ដាក់​បាន​ភ្លាមៗ ​ជាមួយ​​​បណ្តាញប្រតិបត្តិការ អេ អឹម ខេ ទូទាំង​ប្រ​ទេស ដែលមានដូចជា៖ ម៉ាស៊ីនដក-ដាក់ប្រាក់ ការិយាល័យ និងភ្នាក់ងារ អេ អឹម ខេ ជាង៥០០០កន្លែង។ ពិសេស​ទៀតនោះ ទំាងម្ចាស់អាជីវកម្ម និងអតិថិជន ក៏អាចប្រើ​ប្រាស់​​​កម្មវិធីធនាគារចល័ត អេ អឹម ខេ ដើម្បីធ្វើ​ការទូទាត់​វិក្កយ​​បត្រទឹក-ភ្លើង សំរាម វេរប្រាក់ បង់កម្ចី បញ្ចូល​លុយ​​ទូរស័ព្ទ និងសេហិរញ្ញវត្ថុផ្សេងៗទៀត។”  

លោកប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានសង្កត់ធ្ងន់ផងដែរថា “សេវាកម្មទូទាត់ អេ អឹម ខេ ផេ (AMK PAY) មានលក្ខណៈពិសេស៣យ៉ាងធំៗគឺ ទី១. មានកំណត់ចំនួនទឹកប្រាក់ សម្រាប់ការទូទាត់រហ័ស (Flash Pay Limit) ដែលអតិថិជនអាចទូទាត់យ៉ាងរហ័សក្នុងទឹកប្រាក់តូចជាង ឬស្មើ២៥ដុល្លារ ទី២. AMK Pay ត្រូវបាន​បង្កើត​ឡើងជាមួយស្ដង់ដារឃ្យូអ័រកូដ QR Code របស់ KHQR- ដែលប្រព័ន្ធទូទាត់ឌីជីថលរបស់ធនាគារជាតិនឹង​ដាក់ឲ្យដំណើរការ​យ៉ាងទូលំទូលាយនៅក្នុងស្រុកនាពេលអនាគតដ៏ខ្លីខាងមុខនេះ ៣. អេអឹមខេផេ (AMK Pay) អាចទទួលការទូទាត់ពីបាគងវ៉ាលេត (Bakong Wallet) បានលើសពីកម្មវិធីធនាគារចល័ត អេ អឹម ខេ។”

លោក បូរាណ បានបន្ថែមដូចនេះថា ការបង្កើតឲ្យមាន​សេវា​ទូទាត់តាមរយៈឃ្យូអ័រកូដ QR Code ជាពិសេស អេ អឹម ខេ ជាសមាជិកបាគង ព្រោះ អេ អឹម ខេ ចង់ឲ្យអតិថិ​ជនរបស់​ខ្លួន​​ទទួល​បានបទពិសោធន៍ថ្មីនូវសេវាទូទាត់ សេវាផ្ទេរប្រាក់ និសេវាហិរញ្ញវត្ថុផ្សេងៗទៀត ប្រកបដោយ​ភាពងាយ​ស្រួល លឿនរហ័ស និងសុវត្ថិភាព ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម