តុលាការ​ថៃ​ចេញ​ដីកាចាប់ខ្លួន​សកម្មជន​ដែល​បំពាន​លើ​សេរីភាព​ស្តេច​ស្រី និង​អាច​ជាប់គុក​មួយជីវិត​

493
ចែករម្លែក

​តុលាការ​ព្រហ្មទណ្ឌ​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​តុលា​បានចេញ​ដី​ការចាប់ខ្លួន​សកម្មជន​នយោបាយ​២​នាក់ ចំពោះ​ការសង្ស័យថា​មាន​ចេតនា​ប៉ះពាល់​ដល់​សេរីភាព​របស់​មហាក្សត្រិយានី​ក្នុងអំឡុងពេល​​ជួបជុំ​តវ៉ា​មួយ​កាលពី​ថ្ងៃ​ពុធ​។​

​បើសិនជា​ត្រូវបាន​រកឃើញ​ថា​មាន​កំហុស អ្នក​ទាំង​២​អាច​ជាប់គុក​១៦​ឆ្នាំ​ដល់​មួយជីវិត​។​

​ដីការ​ចាប់ខ្លួន​ត្រូវ​បាន​ចេញ​សំរាប់ សកម្មជន អេក​កា​ឆៃ ហុង​កាង​វ៉ាន និង ប៊ុនគឿនុ​ន ប៉ា​វថុន ទៅតាម​សំណើ​របស់​ប៉ូលិស​ចំពោះ​ឧបទ្ទវហេតុ​មួយ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។​នៅថ្ងៃនោះ ក្បួន​រថយន្ត​របស់​ម​ហាក្ស​​ត្រិ​យានី បាន​ឆ្លងកាត់​ផ្លូវ​ដែល​បិទ​ខ្ទប់​ដោយ​កម្លាំង​សន្តិសុខ​ដើម្បី​រារាំង​អ្នក​ប្រឆាំង​តវ៉ា​។​

​ទោះជា​យ៉ាងណា មាន​អ្នកប្រឆាំង​តវ៉ា​ខ្លះ​រុល​ហួស​របាំង​សន្តិសុខ និង​ខ្លះ​លើក​ម្រាមដៃ​៣​ជា​សញ្ញា​ប្រឆាំង​និង​តំណាង​ការផ្លាស់ប្តូរ​នៅពេល​ក្បួន​រថយន្ត​ស្តេច​ឆ្លងកាត់​។​

​ស្តេច​ស្រី​ថៃ បាន​តំណាងអោយ​ព្រះ​ស្វាមី គឺ​មហាក្សត្រ​ព្រះ​ចៅ វ៉េ​ច​រ៉ា​ឡុងកន ដើម្បី​យាង​ទៅ​ចូលរួម​បុណ្យ​កថិន​មួយ​នៅ​វត្ត អា​រុន រាជា​វ៉ា​តា​ណា​រ៉ា​ម​និង​វត្ត រាជា អូ​រ៉ា​សា​រ៉ា​ម ក្រោម​ការ​អមដំណើរ​របស់​ព្រះ​​អង្គ​ម្ចាស់​ក្សត្រិយ៍ មួយអង្គ​។​

​សូមបញ្ជាក់​ថា ការជួបជុំ​តវ៉ា​បាន​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នៅក្រៅ​វិមាន​រដ្ឋាភិបាល តែ​ត្រូវបាន​ធ្វើ​ឡើង​វិញ​នៅ​រសៀល​ថ្ងៃ​ដដែល ដោយ​មាន​ការចូលរួម​ពី​អ្នក​ប្រឆាំង​តវ៉ា​ប្រមាណ​១៥.០០០​នាក់​​នៅ​ផ្លូវបំបែក​មួយ​នៅ​កណ្តាល​ក្រុង​បាងកក​។​

​ក្រោយ​ឧបទ្ទវហេតុ​លើ​ក្បួន​រថយន្ត​ស្តេច​នេះ​ភ្លាម នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ប្រើ​ច្បាប់​គ្រាអាសន្ន​ធ្ងន់ធ្ងរ​នៅ​ក្រុង​បាងកក ជាមួយ​នឹង​បំរាម​គោចរ​ម៉ោង​៦​ល្ងាច​។​

​មេដឹកនាំ​បាតុកម្ម​ម្នាក់ ក្នុង​ការជួបជុំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍

​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយថា ចាំបាច់​ត្រូវ​ការអនុវត្ត​ច្បាប់​ស្ថានភាព​គ្រាអាសន្ន​នៅ​ក្រុង​បាងកក ដើម្បី​រារាំង​ការប្រឈមមុខ​រវាង​ប្រជាជន​ដែល​មាន​ទស្សនៈ​ខុសគ្នា រួមទាំង​អ្នក​ប្រឆាំង​របប​​រាជានិយម​៕​ប្រែ​សម្រួល​៖​វាសនា​

​ស្តេច​ស្រី​របស់​ថៃ ជិះ​រថយន្ត​ឆ្លងកាត់​វិថី​ជិត​កន្លែង​ប្រឆាំង​តវ៉ា​ទាំង​ក្រសែភ្នែក​ចោល​ទៅ​កាន់​បាតុករ​ដែល​លើក​ម្រាមដៃ​បី​

ទីតាំងផ្សាយពាណិជ្ជកម្ម