មន្ត្រី​ផ្នែក​ពិការភាពៈ សូមអ្នក​ពាក់ព័ន្ធ​បន្ត​យកចិត្តទុកដាក់​ចំពោះ​ជនពិការ​គ្រប់​ករណី​

121
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ តាមរយៈ​បណ្តាញ តេ​ឡេ​ហ្ក្រា​ម នា​ព្រឹក​ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ នេះ លោក យៀប ម៉ាលី​ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​ក្រើនរំឭក​ដល់​អ្នកពាក់ព័ន្ធ​ឱ្យ​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព និង សុខភាព​របស់​ជន​មាន​ពិការភាព ថា “ សូម មាតា បិតា អាណាព្យាបាល ក៏ដូចជា​អ្នកធ្វើការ​ជាមួយ​ជនពិការ​ជា​លក្ខណៈ​គ្រួសារ ជា​លក្ខណៈ​មណ្ឌល​ប្រមូលផ្តុំ និង អាជ្ញាធរ​មូលដ្ឋាន​នានា ជាពិសេស​មន្ទីរ​សង្គម​កិច្ច​រាជធានី ខេត្ត ទាំងអស់ មេត្តា​បន្ត​ការយកចិត្តទុកដាក់​ជាពិសេស គ្រប់ពេលវេលា និង គ្រប់​សកម្មភាព​បន្តទៅទៀត​ចំពោះ​ជន​មាន​ពិការភាព ធ្វើយ៉ាងណា​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព និង សុខភាព​របស់​ជន​មាន​ពិការភាព​គ្រប់​ប្រភេទ “ ។​

លោក យៀប ម៉ាលី​ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ នៃ ក្រសួង​សង្គមកិច្ច ( រូបៈ មេសា )


​ការ​ក្រើនរំឭក​របស់លោក យៀប ម៉ាលី​ណូ បែបនេះ មិនមែន​ទើបតែ​ធ្វើឡើង​នៅពេលនេះ​ទេ ហើយក៏​មិនមែន​តែ​តាមរយៈ រស្មី​កម្ពុជា ដែរ ពោលគឺ​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ បានចេញ​សេចក្តីណែនាំ​ដល់​ស្ថាប័ន ក៏ដូចជា​អ្នកពាក់ព័ន្ធ និង បាន​ចាត់វិធានការ​នានា​រួចមកហើយ ក្នុងការ​ធានា​នូវ​សុវត្ថិភាព​របស់​ជន​មាន​ពិការភាព នៅ​ទូទាំងប្រទេស តាំងពី កម្ពុជា បានចាប់ផ្តើម​រង​ការវាយប្រហារ​ដោយ​ទឹកជំនន់​នៅ​តំបន់​មួយចំនួន ដូចជា​ខេត្ត ពោ​សត្វ​ជាដើម​មកម្ល៉េះ ។​


​ទោះយ៉ាងណា លោក យៀប ម៉ាលី​ណូ និង អ្នកពាក់ព័ន្ធ ប្រាក​ជា​មិន​ភ្លេច​ទេ​ថា កាល​ប៉ុន្មាន​សប្តាហ៍​មុននេះ មាន​កុមារ​ពិការ​ប៉ូ​លី​យ៉ូ ម្នាក់ នៅ​ខេត្ត សៀមរាប បាន​ស្លាប់​ដោយសារ​លង់ទឹក​ប្រឡាយ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់ ហើយ​នោះ ក៏​ដោយសារតែ​ការ​ភ្លាំងភ្លាត់​របស់​ម្តាយ នៃ កុមារ​នោះ​ដោយផ្ទាល់ ហើយ​លោក យៀប ម៉ាលី​ណូ បាន​ក្រើនរំឭក​ដល់​អ្នកពាក់ព័ន្ធ​ធ្វើយ៉ាងណា កុំឱ្យ​មានការ​បាត់បង់​នាំឱ្យមាន​ការសោកស្តាយ​បែប​នោះ​ទៀត ។ ក្រៅពីនោះ​ទៅ មិនទាន់មាន​ករណី​ជនពិការ​ណា​ម្នាក់ រងគ្រោះ​ដោយសារ​ទឹកជំនន់​នា​ឆ្នាំនេះ គួរឱ្យកត់សម្គាល់​នៅឡើយ​ទេ ។ នេះ​បើតាម​ការអះអាង​របស់​លោក យៀប ម៉ាលី​ណូ ដដែល នៅ​ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ នេះ ។​


​លោក យៀប ម៉ាលី​ណូ មិនមែន​ក្រើ​រំឭក​តែ មាតា បិតា អាណាព្យាបាល ជា​អ្នក​មើលថែ ក៏ដូចជា​អ្នកធ្វើការ​ជាមួយ​ជនពិការ ឡើយ ប៉ុន្តែ​ដោយហេតុថា ជន​មាន​ពិការភាព​ប្រភេទ​ខ្លះ ក៏មាន​សមត្ថភាព​អាច​មើលថែ​ខ្លួនឯងបាន ( ជនពិការ​ខ្លះ អាច​មើលថែ​គ្រួ​សារបាន​ទៀតផង ) ដែរ ហេតុនេះ លោក យៀប ម៉ាលី​ណូ ក៏​ក្រើនរំឭក​ដល់​ជន​មាន​ពិការភាព​ទាំងនោះ ត្រូវ​បន្ត និង រក្សា​ការយកចិត្តទុកដាក់​ចំពោះ​ខ្លួនឯង​ឱ្យបាន​ល្អ និង ជាប្រចាំ​ផងដែរ ព្រោះថា ទោះ​អ្នកណាម្នាក់ ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល បង្ហាត់បង្រៀន​ឱ្យ​ប្រក​ដោយ​វិជ្ជាជីវៈ​យ៉ាងណា ក៏​មិនអាច​មើលថែ​ជន​មាន​ពិការភាព ដូច​ជន​មាន​ពិការភាព​មើលថែ​ខ្លួនឯង​ឡើយ ៕ Kh

ទីតាំងផ្សាយពាណិជ្ជកម្ម