ក្រុមអ្នកជួយសង្គ្រោះវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលាបានរកឃើញសាកសពទាហានទាំងអស់១៣នាក់ពីតំបន់បាក់ដីដ៏ខ្លាំងចំនួន២កន្លែងគឺ ៣ថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយនេះបានកើតឡើងនៅក្បែរទំនប់វារីអគ្គិសនី នៅតំបន់ដាច់ស្រយាលមួយ។
ឧទ្ធម្ភាគចក្រ រថយន្តយោធា ឆ្កែស្វែងរក និងទាហានជាង ៦០០ នាក់ត្រូវបានបញ្ជូនទៅដើម្បីរកអ្នកនៅមានជីវិតបន្ទាប់ពីបំបាក់ដី២កន្លែងកាលពីថ្ងៃចន្ទនៅខេត្តធួ ធៀន វ៉េ(Thua Thien Hue) ជាទីដែលកម្មករសំណង់ ១៧ នាក់បានជាប់ខ្លួនដោយសារបំណាក់ដី ហើយទាហាន ១៣ នាក់ត្រូវបានបញ្ជូនទៅដើម្បីជួយសង្គ្រោះពួកគេ។
ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមខែតុលាបានបង្កឱ្យមានទឹកជំនន់និងបំណាក់ដីដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន៤៩នាក់នៅប្រទេសវៀតណាមភាគកណ្តាល ខណៈដែលភ្លៀងធ្លាក់ខ្លាំងត្រូវបានរំពឹងថានឹងមានថែមទៀតរហូតដល់ដើមសប្តាហ៍ក្រោយនៅតាមតំបន់ជាច្រើននៃប្រទេសនេះ។
ទីភ្នាក់ងារគ្រោះមហន្តរាយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាកាសធាតុអាក្រក់ថ្មីៗនេះបាននាំឱ្យមានការជម្លៀសមនុស្សជាង ៦៦.៥០០នាក់ពីតំបន់ទឹកជំនន់និងបំណាក់ដីនៅភាគកណ្តាលនៃប្រទេសវៀតណាមដែលមានផ្ទះចំនួន ១៣៥.៧០០ ខ្នងនិងផលដំណាំប្រហែល ១០.០០០ ហិចតា ព្រមទាំង កសិដ្ឋានចិញ្ចឹមត្រីជាច្រើន ត្រូវបានជន់លិច៕ប្រែសម្រួល៖សុខា/sn

ក្រុមអ្នកជួយសង្គ្រោះត្រូវបានបញ្ជូនទៅរកអ្នកបាត់ខ្លួនក្នុងបំណាក់ដីនៅខេត្តធួ ធៀន វ៉េភាគកណ្តាល ប្រទេសវៀតណាម