ឯកអគ្គរដ្ឋទូតរុស្សីសន្យាជំរុញកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម

128
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យលោក អាណាតូលី បូរូវីក(Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សី ទើបតែងតំាងថ្មីប្រចំាព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា និងលោក ឯកអគ្គរដ្ឋទូត បានលើក ឡើងពីចំណងមិត្តភាពនិងទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ (កម្ពុជា-រុស្ស៊ី) ដែលមានតាំងពីយូរមកហើយ ពោលបានឈានដល់ខួបទី៦៥ នៅឆ្នាំក្រោយនេះ។ អតីតសហភាពសូវៀត ជាមិត្តដ៏ល្អរបស់កម្ពុជា ដែលបានជួយគំាទ្រកម្ពុជា តំាង ពីក្រោយរបបប៉ុលពតបានដួលរលំទៅក្នុងឆ្នាំ១៩៧៩ ខណៈ ដែលប្រទេសលោកខាងលិចបានព្យាយាមហ៊ុព័ទ្ធកម្ពុជាឲ្យនៅឯកោ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍និងគាំទ្រចំពោះបេសកកម្មការទូតរបស់ លោកអាណាតូលី បូរូវីក នៅកម្ពុជានិងបានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនានា ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានកសាងរួមគ្នារៀងរហូតមក ទំាងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វិទ្យាសាស្រ្ត និងវប្បធម៌ មានការរីកចម្រើនជាលំដាប់ ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍនៅកម្ពុជា។

សម្តេចបានលើកឡើងថា ក្នុងកាលៈទេសៈនេះ បច្ចុប្បន្ន ដែលពិភពលោកទំាងមូល កំពុងជួបវិបត្តិជម្ងឺកូវីដ១៩ ទាមទារឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងការគំាទ្រពហុភាគីនិយម ដើម្បីរួមគ្នាប្រយុទ្ធប្រឆំាងជម្ងឺកូវីដ១៩ ឲ្យទទួលបានជោគជ័យ។

លោកអាណាតូលី បូរូវីក បានសន្យាថា នៅក្នុងបេសកកម្មការទូតនៅកម្ពុជានេះ នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង ទំាងនៅខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាទ្វេរភាគី និងពហុភាគី។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចប្រធានរដ្ឋសភាទៅកាន់ប្រទេសរុស្សី កាលពីឆ្នាំ២០១៦ ដែលនាំមកនូវជោគជ័យជាច្រើនក្នុងការពង្រឹងពង្រីកទំនាក់ទំនាក់កិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឲ្យរឹងមាំឡើង។

លោក អាណាតូលី បូរូវីក បានលើកឡើងថា អ្នកវិនិយោគទុនរុស្សីមានការចាប់អារម្មណ៍ជាខ្លំាងក្នុងការបណ្តាក់ទុកនៅកម្ពុជា នៅក្នុងវិស័យជាច្រើនមានដូចថាមពលអគ្គិសនីជាដើម។ រុស្សីបានគំាទ្រដល់ការទទួលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប របស់កម្ពុជា នៅឆ្នាំ២០២១ខាងមុខនេះ។

លោកទូតអាណាតូលី បូរូវីក បានចូលរួមចែករំលែកទុក្ខលំបាកនិងសម្តែងការសោកស្តាយជាមួយពលរដ្ឋកម្ពុជា ដែលកំពុងទទួលរងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។ ជាមួយគ្នានេះ ឯកឧត្តម បានជម្រាបជូនសម្តេចផងដែរ ពីជោគជ័យរបស់ប្រទេសរុស្ស៊ីក្នុងការស្រាវជ្រាវនិងផលិតថ្នាំនិងវ៉ាក់សំាងជំងឺកូវីដ១៩ ដែលទទួលបានជោគជ័យជាវិជ្ជមាន៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម