ដោយៈ ពៅនិមល / ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃ រដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថាៈ គិតរហូតមកទល់បច្ចុប្បន្ននេះ ការងារប្រមូលផលស្រូវស្រាល ដើមរដូវ សម្រេចបានចំនួនជាង ៤៧ ម៉ឺនហិកតា លើផ្ទៃដីអនុវត្តសរុប ៨៥៩.៥៨៦ ហិកតា ដោយទទួលបានបរិមាណ ផលសរុបចំនួនជាង ១,៨០ លានតោន លើសឆ្នាំមុន ចំនួនជាង ១៤១ ពាន់តោន ហើយទិន្នផល គិតជាមធ្យមជាង ៣,៨ តោន ក្នុងមួយហិកតា។
នៅក្នុងសន្ទរកថារបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២០ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថាៈ គិតត្រឹមសប្តាហ៍ទី២ ខែតុលានេះ ការងារបង្ករបង្កើនផល ដំណាំស្រូវ នៅទូទាំងប្រទេស សម្រេចបានជាង ២,៧៥ លានហិកតា ស្មើនឹង ១០៦,៥២ ភាគរយ នៃផែនការដាំដុះជាង ២,៥៨ លានហិកតា។ ខេត្តចំនួន ២០ បានបញ្ចប់រួចរាល់ ការងារដាំដុះដំណាំស្រូវវស្សាហើយៗ ខេត្តចំនួន ៥ ទៀត នឹងត្រូវបញ្ចប់ការងារដាំដុះ នៅក្នុងពេលដ៏ខ្លីខាងមុខ។

លោកបានឱ្យដឹងទៀតថាៈ បើគិតក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០ កម្ពុជា នាំចេញផលិតផលកសិកម្ម ផ្លូវការ ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជិត ៦ លានតោន ក្នុងនោះនាំចញអង្ករ បាន ៤៨៨.៧៧៥ តោន កើនឡើង ២២,៦ ភាគរយ ធៀបនឹងឆ្នាំ២០១៩ រីឯការនាំចេញក្រៅផ្លូវការ មានចំនួនជាង ២,៦ លានតោន។ ចំពោះផលិតកម្មដំណាំសាកវប្បកម្ម និងដំណាំរួមផ្សំផ្សេងទៀត អនុវត្តបានជាង ៦ ម៉ឺនហិកតា ស្មើនឹង ១៣២,១៨ ភាគរយ នៃផែនការជិត ៥ ម៉ឺនហិកតា។ ដំណាំឧស្សាហកម្ម (ពោតក្រហម ដំឡូងមី ល្ង និងថ្នាំជក់ ជាដើម) អនុវត្តបានជិត ៨០ ម៉ឺនហិកតា ស្មើនឹង ៩២,១១ ភាគរយ នៃផែនការជាង ៨៧ ម៉ឺនហិកតា។ ប៉ុន្តែគ្រោះជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ ដល់ដំណាំស្រូវ និងដំណាំផ្សេងៗទៀត នៅខេត្តចំនួន ១៤ លើផ្ទៃដីសរុបចំនួន ១៩០.០១៧ ហិកតា ក្នុងនោះ ដំណាំស្រូវ ទទួលរងផលប៉ះពាល់ សរុបចំនួន ១២៩.៦៩៣ ហិកតា ដំណាំសាកវប្បកម្មចំនួន ៨០៩ ហិកតា និងដាំណាំឧស្សាហកម្ម រយេៈពេលខ្លី ចំនួន ៥៩.៥១៥ ហិកតា។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាៈ ចំពោះផលដំណាំខូចខាត សរុបចំនួន ១៤.២១៤ ហិកតា ក្នុងនោះដំណាំស្រូវ ចំនួន ៦.៥១៤ ហិកតា ដំណាំសាកវប្បកម្ម ចំនួន ៧៦ ហិកតា និងដំណាំឧស្សាហកម្ម រយៈពេលខ្លី ចំនួន ៧.៦២៤ ហិកតា។ លើសពីនេះទៀត បង្កើតសហគមន៍កសិកម្ម បានចំនួន ១.១៩០ សហគមន៍ព្រៃឈើចំនួន ៦៣៦ សហគមន៍នេសាទ ចំនួន៥១៦។ រីឯការចុះកិច្ចសន្យា ផលិតកម្មកសិកម្ម រវាងកសិករ សហគមន៍កសិកម្ម និងវិស័យឯកជន មានចំនួនសរុប ៤៩៨ កិច្ចសន្យាក្នុងឆ្នាំ២០១៩នេះ។ ដោយឡែក ក្នុងឆ្នាំ២០២០ គិតត្រឹមឆមាសទី១ កិច្ចសន្យាផលិតកម្ម បានកើនឡើងដល់ ៥៥១ កិច្ចសន្យា។ ចំពោះវារីវប្បកម្ម សរុបទូទាំងប្រទេស មានចំនួន ៤៦.០០០ គ្រួសារ ៕/V


