អភិបាលខេត្តស្វាយរៀង ដឹកនាំមន្ត្រីក្រោមឱវាទ រៀបចំបាវដី លើកជាទំនប់សម្រាប់ទប់ទឹក

59
ចែករម្លែក

ដោយៈ វ៉ៃកូ/ស្វាយរៀងៈ អនុវត្តនូវវិធានការបង្ការជាមុន ក្នុងគោលដៅកាត់បន្ថយ នូវផលប៉ះពាល់ ដែលបង្កដោយជំនន់ទឹកភ្លៀង នាព្រឹកថ្ងៃ ទី១៦ ខែតុលា ឆ្នាំ២០២០ នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានដឹកនាំមន្ត្រីរាជការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរ-អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរក្រុង-សង្កាត់ ក្នុងក្រុងស្វាយរៀង និងមានការចូលរួមពី ព្រះសង្ឃផងដែរ បានរៀបចំបាវដី លើកជាទំនប់ សម្រាប់ទប់ទឹក ចាប់ពីចំណុចទ្វារទឹកតាហោ ទៅខាងលិច ដល់គល់ស្ពានពោធិ៍តាហោ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ តាមការព្យាករអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម វិសម្ពាធ និងសម្ពាធទាប ដែលបណ្ដាលមកពីព្យុះទី១៧ ឈ្មោះ សូឌែល នឹងនាំឲ្យមានភ្លៀងធ្លាក់បន្តទៀត នាពេលខាងមុខ ដែលការណ៍នេះ នឹងនាំឲ្យកម្ពស់ទឹក កាន់តែមានការ កើនឡើង អាចបង្កទៅជាជំនន់ទឹកភ្លៀង ដូច្នេះហើយ ទើបនៅថ្ងៃនេះ រដ្ឋបាលខេត្ត បានចាត់វិធានការបន្ថែមទៀត រៀបចំបាវដី លើកជាទំនប់ សម្រាប់ទប់ទឹក នៅទីតាំងនេះ បន្ទាប់ពីបានលើកជាទំនប់ទប់ទឹក រួចហើយ នៅតាមបណ្ដោយផ្លូវក្រវាត់ក្រុង ដើម្បីបញ្ចៀសការជន់លិច និងបង្កាករណីទឹកហៀរហូរកាត់ផ្លូវ ដែលបណ្ដាលមក ពីជំនន់ទឹកភ្លៀង ។

ក្រៅពីវិធានការនេះ លោកអភិបាលខេត្ត ក៏បានចាត់ឲ្យមន្ត្រីជំនាញ រៀបចំបាវខ្សាច់ យកទៅទប់នៅមាត់រ៉ឺហ្គែរលូ ដើម្បីទប់ទឹកហៀរពីខាងក្រៅ ហូរចូលមកក្នុងក្រុងវិញ និងត្រៀមម៉ាស៊ីនបូមទឹក ចំនួន ២ គ្រឿង ដាក់នៅតាមទីតាំងសំខាន់ៗ ដើម្បីបូមទឹកចេញពីក្នុងក្រុង ក្នុងករណីដែលមានភ្លៀងធ្លាក់ខ្លាំង ហើយទឹកហូរចេញយឺត និងមានការជន់លិចកើតឡើង ។

លោកអភិបាលខេត្ត នៅតែបន្តអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមបង្ការ និងកាត់បន្ថយ ផលប៉ះពាល់នានា ដែលបណ្ដាលមកពីគ្រោះធម្មជាតិនេះ ឲ្យបានជាអតិបរមា ជាពិសេសត្រូវយកចិត្តទុកដាក់ ដល់ការថែទាំកុមារតូចៗ កុំឱ្យលេងទឹក ប្រកាន់ខ្ជាប់នូវ ការអនាម័យ ដើម្បីចៀសផុតពីជំងឺផ្សេងៗ ក្នុងករណីមានការប្រឈមណាមួយ កើតឡើង ក្នុងអំឡុងពេលនេះ សូមរាយការណ៍ ជាបន្ទាន់ទៅអាជ្ញាធរ និងសមត្ថកិច្ច ដែលនៅជិតបំផុត ឲ្យបានឆាប់ ហើយរដ្ឋបាលខេត្ត កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ត្រៀមលក្ខណៈគ្រប់បែបយ៉ាង និងគ្រប់ពេលវេលា ដើម្បីជួយអន្តរាគមន៍ សង្គ្រោះ ឧបត្ថម្ភ និងដោះសា្រយ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម