Home ព័ត៌មានអន្តរជាតិ មហាធៀនិយាយថាភ...

មហាធៀនិយាយថាភាពមិនប្រាកដប្រជាខាងនយោបាយនឹងមិនបញ្ចប់ត្រឹមអាន់វ៉ាក្លាយជានាយករដ្ឋមន្ត្រីនោះទេ

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកមហាធៀបាននិយាយកាលពីថ្ងៃសុក្រទី១៦តុលាថា លោកមានមន្ទិលជុំវិញថាតើមេដឹកនាំប្រឆាំងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នឹងមានសំឡេងគ្រប់គ្រាន់ឬអត់នៅក្នុងសភាដើម្បីកាន់តំណែងជានាយករដ្ឋមន្រ្តី ហើយបើទោះបីជាលោកធ្វើបាន ក៏ប្រទេសនេះនឹងនៅតែជាប់គាំងខាងនយោបាយដដែល។

លោកអាន់វ៉ាបានជួបជាមួយព្រះមហាក្សត្រកាលពីថ្ងៃអង្គារក្នុងគោលបំណងដើម្បីបញ្ជាក់ថាលោកមានសំឡេងភាគច្រើនក្នុងសភាដើម្បីបង្កើតរដ្ឋាភិបាលនិងដណ្តើមតំណែងពីនាយករដ្ឋមន្រ្តី មូហ៊ីដឌីន យ៉ាស់ស៊ីន។

លោកមហាធៀ ដែលជាគ្រូរបស់លោកអាន់វ៉ានិងមេដឹកនាំកំពូលៗជាច្រើនរបស់ប្រទេសនេះ បាននិយាយថា ទោះបីមានថ្នាក់ដឹកនាំថ្មី ក៏ម៉ាឡេស៊ីនឹងនៅតែងាយនឹងផ្លាស់ប្តូរសម្ព័ន្ធភាពនយោបាយជាពិសេសដោយអតីតគណបក្សកាន់អំណាចឈ្មោះ ស្ថាប័នជាតិរួបរួមម៉ាឡេ (UMNO)។

លោកមហាធៀបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅក្នុងបទសម្ភាសន៍នៅការិយាល័យរបស់គាត់នៅទីក្រុងគូឡាឡាំពួថា “ដូច្នេះស្ថានការណ៍គឺមិនប្រាកដប្រជាទាល់តែសោះ … ទោះតាមវិធីណាក៏ដោយ ក៏នៅតែមានស្ថានភាពមួយដែលគ្មានរដ្ឋាភិបាលនៅក្នុងប្រទេស”។

លោកមហាធៀ ដោយមានការគាំទ្រពីលោកអាន់វ៉ា បានដឹកនាំគណបក្សប្រឆាំងទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ដោយបញ្ចប់ការគ្រប់គ្រងរយៈពេល ៦ ទសវត្សរ៍ដោយគណបក្ស UMNO ជាមួយនឹងយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ។

ប៉ុន្តែរដ្ឋបាលរបស់គាត់បានដួលរលំបន្ទាប់ពីមានការតតាំងគ្នាកាលពីដើមឆ្នាំនេះ ដោយបើកផ្លូវឱ្យលោកមូយីហ៊ីដឌីនចូលកាន់មុខតំណែងនៅខែមីនាជាមួយនឹងការគាំទ្រពីគណបក្ស UMNO ។

រដ្ឋាភិបាលអាយុ ៧ ខែរបស់លោកមូហ៊ីដឌីន អាចរស់រានមានជីវិតដោយសារមានសំឡេងភាគច្រើនលើសតែពីរកៅអីប៉ុណ្ណោះនៅក្នុងសភាដែលមាន ២២២ ​​អាសនៈ។

លោកមហាធៀនិយាយថា គាត់មិនគាំទ្រអាន់វ៉ា ឬក៏ មូហ៊ីដឌីន នោះទេ។

អ្នកនយោបាយជើងចាស់វ័យ ៩៤ ឆ្នាំរូបនេះនិងសមាជិកសភាសហព័ន្ធ ៥ រូបផ្សេងទៀតមកពីគណបក្ស Pejuang ថ្មីរបស់គាត់ម្នាក់ៗសុទ្ធតែបានដាក់ញត្តិសម្តែងការមិនទុកចិត្តលើការដឹកនាំរបស់លោកមូហ៊ីដឌីនកាលពីថ្ងៃសុក្រទី១៦តុលា។

លោកមហាធៀ ដែលការសម្រេចចិត្តរបស់គាត់ដើម្បីបណ្តេញលោកអាន់វ៉ាជាឧបនាយករដ្ឋមន្ត្រីរបស់គាត់ក្នុងអំឡុងអាណត្តិដំបូងដែលគាត់ធ្វើជានាយករដ្ឋមន្រ្តីបានបង្កឱ្យមានជម្លោះ ២០ ឆ្នាំរវាងពួកគេនោះ បានច្រានចោលការអះអាងចុងក្រោយរបស់អាន់វ៉ាអំពីសំឡេងភាគច្រើននៅសភា។

លោកមហាធៀនិយាយថា “នេះគឺជារឿងដែលអាន់វ៉ាចូលចិត្តនិយាយ… គឺ៣ ដងហើយដែលគាត់អះអាងថាមានការគាំទ្រថា គាត់នឹងក្លាយជានាយករដ្ឋមន្រ្តីត្រឹមត្រូវ ដែលចុងក្រោយរកអ្នកគាំទ្រគ្មាន”។

ប្រសិនបើអាន់វ៉ាទទួលបានជោគជ័យក្នុងការកាន់តំណែងនាយករដ្ឋមន្ត្រី វានឹងបញ្ចប់ការស្វែងរកតំណែងនេះអស់រយៈពេល ២២ ឆ្នាំដែលរួមបញ្ចូលទាំងការជាប់ពន្ធនាគារជិត ១០ ឆ្នាំពីបទស្រឡាញ់ភេទដូចគ្នា ដែលគាត់បានបដិសេធ។ វាក៏អាចមានន័យដែរថាម៉ាឡេស៊ីនឹងមាននាយករដ្ឋមន្រ្តីទីបីក្នុងឆ្នាំនេះ៕ ដោយ ៖ កញ្ញាដាលីស

លោកមហាធៀថាស្ថានភាពនយោបាយនឹងនៅតែជាប់គាំង ទោះលោកអាន់វ៉ា (ឆ្វេង) ក្លាយជានាយករដ្ឋមន្ត្រីក៏ដោយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular