ខេត្តបន្ទាយមានជ័យៈទឹកជំនន់ប៉ះពាល់លំនៅឋានពលរដ្ឋ ៨.៥៣៥ខ្នង មនុស្ស ៣៤.៧១៣នាក់

93
ចែករម្លែក


ដោយៈភ្នំស្វាយ/បន្ទាយមានជ័យៈ
នៅខេត្តបន្ទាយមានជ័យ ទឹកជំនន់ នៅក្នុងសប្តាហ៍ទី២ នៃខែតុលា ឆ្នាំ២០២០ នេះ បានបង្កប៉ះពាល់ ដល់លំនៅឋាន ពលរដ្ឋ ៨.៥៣៥ ខ្នង, មនុស្ស ៣៤ .៧១៣នាក់ ស្លាប់មនុស្ស ៦ នាក់។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាននិយាយដូចនេះ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅពេលលោក បានបន្តចូលរួមចែក ស្បៀងសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ទឺកជំនន់នៅទីកន្លែងទួលមានសុវត្ថិភាពនានា ជាមួយក្រុមហ៊ុនសម្រស់ធម្មជាតិ (ស្រីអូន), ក្រុមហ៊ុន ទៀ ណាំហាក់ និង សមាជិកប្រតិបត្តិម៉ាស្ទើក្លិប ដល់ពលរដ្ឋ ចំនួនសរុប ១.៦៩០ គ្រួសារ ។

យោងរបាយការណ៍របស់ គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានឱ្យដឹងថាៈ ជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១៥ តុលានេះ មានផលប៉ះពាល់ លើ ៩ ក្រុង ស្រុក, ៣៧ ឃុំ-សង្កាត់ បណ្តាលឱ្យ​លិចលង់ និងមានមនុស្សស្លាប់ ៦នាក់ ប៉ះពាល់លំនៅឋានសរុបចំនួន ៨.៥៣៥ ខ្នង មនុស្ស ៣៤.៧១៣ នាក់ និងបានជម្លៀសទៅទីទួលសុវត្ថិភាព ចំនួន ១.៤៧៣ គ្រួសារ (មានមនុស្សរាយ ៥.៦២៦ នាក់) លិចស្រែ ចំនួន ១១.១៨៨ ហិកតា ដំឡូងមី ១.៩០៤ ហិកតា និងដំណាំរួមផ្សំ ៤១៩ ហិកតា ។ សាលារៀន ៥២កន្លែង បានត្រូវផ្អាកការសិក្សា ។ មណ្ឌលសុខភាព ៦កន្លែង វត្ត២៥ សាលាឃុំ២ និងផ្លូវ ៣៦៨ កន្លែង (ប្រវែង ២០០.៨៨៧ ម៉ែត្រ) ៕

ចំពោះអំណោយ នៃសប្បុរសជន ខាងលើ ត្រូវបានចែកជូនពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ មកពីក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ។ ក្នុងនោះ ការចែកបានធ្វើនៅ ៥ កន្លែងទីទៃពីគ្នា ក្នុងថ្ងៃទី១៦ ខែតុលា តែមួយ គឺ១.ផ្លូវជាតិលេខ៥ វាងក្រុង ប្រជាពលរដ្ឋ មកពីឃុំបត់ត្រង់ ស្រុកមង្គលបូរី ចំនួន ២៨០ គ្រួសារ , ២.នៅក្បាលស្ពានសែសិន សង្កាត់ព្រះពន្លា ចំនួន ២៦០ គ្រួសារ , ៣.នៅសាលាសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ចំនួន ១៣០ គ្រួសារ ហើយនៅរសៀលថ្ងៃដដែល លោកបានបន្តចែកនៅ ៤.ស្ថានីយ៍​សូគីមិច ចាន់ ហេង ចំនួន៤៣៤គ្រួសារ និង ៥.នៅវត្តសុភមង្គល ចំនួន ៦០៧ គ្រួសារ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម