​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន អូ​ចា បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​តុលា​ថា លោក​នឹង​មិន​លាឈប់​ពី​តំណែង ក្រោយ​ពី​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​រាប់ពាន់នាក់​ផ្គើន​នឹង​បំរាម​ធ្វើបាតុកម្ម​​ហើយ​លោក​បាន​ព្រមាន​ពួកគេ​កុំអោយ​រឹងរូស​។​

​បំរាម​ជួបជុំ​មនុស្ស​ចាប់ពី​៥​នាក់​ឡើង ត្រូវបាន​ប្រកាស​ប្រើ​កាលពីដើម​ថ្ងៃ​១៥​តុលា បន្ទាប់​ពី​ការតវ៉ា​ប្រឆាំង​អស់​ពេល​៣​ខែ ដែល​ពួក​បាតុករ​បានទាមទារ​អោយ​លោក​ប្រា​យុទ្ធ ចុះចេញ​ពី​តំណែង និង​ថែម​​ទាំង​កែ​ទំរង់​របបរាជានិយម​។​

​តែ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ពួក​អ្នក​ប្រឆាំង​តវ៉ា​បាន​ផ្គើន​មិន​ស្តាប់​បំរាម​ហើយ​នាំគ្នា​ធ្វើបាតុកម្ម​ដ៏​ធំ​នៅ​ចំ​កណ្តាល​ក្រុង​បាងកក​និង​នៅតែ​ធ្វើការ​ទាមទារ​ដដែល បូក​រួម​ទាំង​សុំអោយ​ដោះលែង​សកម្មជន​​ប្រមាណ​២០​នាក់​ដែល​ប៉ូលិស​ទើប​ចាប់ខ្លួន​។​

​តែ​បន្ទាប់​ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី លោក​ប្រា​យុទ្ធ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា « ខ្ញុំ​មិន​លាឈប់​ទេ​។​រដ្ឋាភិបាល​ត្រូវតែ​ប្រើ​ច្បាប់​គ្រា​អាសន្ន​។​យើង​ត្រូវតែ​អនុវត្ត​វា​ដោយសារតែ​សភាពការណ៍​ក្លាយជា​ហិង្សា​…​ប្រើ​វា​តែ​៣០​ថ្ងៃ​ទេ ឬក៏​តិចជាង​នេះ បើសិនជា​សភាពការណ៍​ធូរស្រាល​»​។​

​ទោះជា​យ៉ាងណា លោក​បាន​ព្រមាន​ប្រជាជន​កុំអោយ​រំលោភ​ច្បាប់​គ្រាអាសន្ន ដោយ​លោក​ថា «​ចាំ​មើល​ដឹង​ហើយ​…​បើ​អ្នក​ខុស យើង​នឹង​ប្រើ​ច្បាប់​»​។​

​សូមបញ្ជាក់​ថា ពួក​អ្នក​ប្រឆាំង​តវ៉ា​ដែល​ស្វះស្វែង​ទាមទារ​អោយ​លោក​ប្រា​យុទ្ធ​ចុះចេញ​ពី​តំណែង និយាយ​ថា​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤​រូបនេះ​បាន​រៀបចំ​ទុកជា​មុន​ការបោះឆ្នោត​សភា​កាល​​ពី​ឆ្នាំ​មុន​ដើម្បី​អាច​អោយ​បន្ត​នៅ​ក្នុង​អំណាច​។​តែ​ប្រា​យុទ្ធ និយាយថា ការបោះឆ្នោត​នោះ​យុត្តិធម៌​ត្រឹមត្រូវ​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា​ក៏​ចង់បាន​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ដើម្បី​ជំនួស​ច្បាប់​ដែល​តាក់តែងឡើង​ដោយ​របប​យោធា​។​

​ការអំពាវនាវ​បាន​រាលដាល​ដល់​ការកែ​ទំរង់​របបរាជានិយម ដែល​ពួក​បាតុករ​ចោទប្រកាន់ថា​បាន​ជួយ​អោយ​យោធា​មាន​ឥទ្ធិពល​ក្នុង​នយោបាយ​អស់​ពេល​រាប់​ទសវត្សរ៍​មក​នេះ​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា​បាន​ថ្កោលទោស​ការប្រើ​ច្បាប់​គ្រា​អាសន្ន និង​ការចាប់ខ្លួន​សកម្មជន​ប្រមាណ​៤០​នាក់​នៅ​មួយ​សប្តាហ៍​មក​នេះ ហើយ​ពួកគេ​មាន​ផែនការ​ធ្វើ​ការជួបជុំ​មួយទៀត​នៅ​ល្ងាច​ថ្ងៃ​សុក្រ​​ទី​១៦​តុលា​នៅ​បាងកក​៕​ប្រែ​សម្រួល​៖​វាសនា​

នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន អូ​ចា ចេញ​មក​ទទួល​ស្តេច​ទាំង​ភ្លៀង ក្នុង​រាជពិធី​មួយ​នៅ​សប្តាហ៍​នេះ​