ដោយៈសុផល/ភ្នំពេញ៖កម្ពុជានៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២០បានប្រារព្ធខួបលើកទី៤០នៃទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ”រួមគ្នាផលិតស្បៀងសម្រាប់មនុស្សនិងនិរន្តរភាពភពផែនដី”ដើម្បីបំផុសស្មារតីយល់ដឹង និងទទួលស្គាល់អំពីតួនាទីសំខាន់នៃវិស័យកសិកម្ម ក្នុងការផលិតស្បៀង ធានាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ អាហារូបត្ថម្ភនិងនិរន្តរភាពភពផែនដី។
ទិវាស្បៀងអាហារពិភពលោកឆ្នាំនេះបានត្រូវរៀបចំធ្វើនៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។ក្នុងនោះមានការចូលរួមពីលោក ទៀ សីហា អភិបាល ខេត្តសៀមរាប លោក Alexandre HUYNH តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិលោកស្រីClaireConanតំណាងកម្មវិធីស្បៀងអាហារពិភពលោកព្រមទាំងលោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងប្រជាពលរដ្ឋ។

លោកស្រីClaireConanតំណាងកម្មវិធីស្បៀងអាហារពិភពលោកបានមានប្រសាសន៍ថា៖ការប្រារព្ធទិវានាពេលនេះគឺជាព្រឹត្តិការណ៍សាកលរបស់អង្គការសហប្រជាជាតិដែលពិភពលោកបានប្រារព្ធឡើងក្នុងន័យបំផុសស្មារតីយល់ដឹង។ជាមួយការទទួលស្គាល់អំពីតួនាទីសំខាន់នៃវិស័យកសិកម្ម ក្នុងការផលិតស្បៀងធានាសន្តិសុខស្បៀងសុវត្ថិភាពចំណីអាហារអាហារូបត្ថម្ភនិងនិរន្តរភាពភពផែនដីដែលគ្រប់តួអង្គពាក់ព័ន្ធត្រូវមានឆន្ទៈចូលរួមឲ្យបានសកម្មក្នុងស្មារតីទទួលខុសត្រូវសំដៅធានាឲ្យបានសន្តិសុខស្បៀងក្នុងកាល:ទេស:ដែលពិភពលោកបាននិងកំពុងប្រឈមបញ្ហាជំងឺឆ្លងសកលកូវីដ- ១៩។

លោក Alexandre HUYNH តំណាងអង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានថ្លែងថា៖ការជំរុញផលិតកម្មស្បៀងគឺជាឆន្ទ:រួមគ្នាពីគ្រប់តួអង្គពាក់ព័ន្ធរួមមានអ្នក ផលិត អ្នកបរិភោគរដ្ឋាភិបាលវិស័យឯកជនស្ថាប័នស្រាវជ្រាវអង្គការជាតិអន្តរជាតិនិងដៃគូអភិវឌ្ឍធ្វើយ៉ាងណាឲ្យខ្លឹមសារនៃប្រធានបទនាថ្ងៃនេះទទួលបានជោគជ័យហើយអង្គការ FAO នឹងបន្តគាំទ្ររាល់សកម្មភាពដើម្បីឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់យើងនាពេលអនាគត។
លោកអភិបាលខេត្តទៀសីហាបានជម្រាបអង្គពិធីអំពីស្ថានភាពនៃដំណើរការអភិវឌ្ឍលើគ្រប់វិស័យនៅខេត្តសៀមរាបជាពិសេសវិស័យកសិកម្មដែលមានសក្តានុពលសម្រាប់ការបង្កើនផលិតភាពផលិតកម្មស្បៀងធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់នៅទូទាំងខេត្តស្របតាមកំណើនទេសចរណ៍ក្នុងរយ:ពេលកន្លងមក។

លោករដ្ឋមន្ត្រីវេងសុខុនបានថ្លែងក្នុងទិវាស្បៀងអាហារពិភពលោកនេះថា៖កម្ពុជាកំពុងដំណើរការទិវានេះ ស្របពេលប្រជាជនជាង១៥០ ប្រទេសនៅលើពិភពលោកបានរៀបចំទិវានេះដែរ ក្នុងបំណងលើកកម្ពស់ការយល់ដឹង និងបង្កើនសកម្មភាពជាសាកលសម្រាប់អ្នកផលិតស្បៀង ដែលដើរតួនាទីយ៉ាងសំខាន់ជាអ្នកចិញ្ចឹមមនុស្សជាតិនៅទូទាំងពិភពលោក ព្រមជាមួយការធានាឲ្យបាននូវនិរន្តរភាពភពផែនដី។
ភ្ជាប់ទៅនឹងខ្លឹមសារនៃប្រធានបទនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់កាលពីថ្ងៃទី១៨ ខែកុម្ភ: និងថ្ងៃទី១៤ ខែកក្កដាកន្លងមកឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងឲ្យខិតខំជំរុញសកម្មភាពផលិតកម្មស្បៀងគ្រប់រូបភាព(ចិញ្ចឹមមាន់ ត្រី កង្កែប ដាំបន្លែ និងឈើហូបផ្លែ)។
ក្នុងឆន្ទ:ចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើនប្រាក់ ចំណូល ធានាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភស្របពេលដែលវិស័យមួយចំនួនកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ និងឈានជាជំហានៗឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍដោយចីរភាព និរន្តរភាពផលិតកម្មស្បៀង និងភពផែនដី។ដែលកំពុងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ដីហួសពីសមត្ថភាពហើយជាក់ស្តែងដូចអ្វីដែលកម្ពុជាកំពុងប្រឈមនាពេលនេះគឺគ្រោះទឹកជំនន់ ដែលបង្កគ្រោះមហន្តរាយដល់ដំណាំស្រូវ ដំណាំផ្សេងៗទៀត និងសត្វ។

លោកបានបញ្ជាក់ថា៖ក្នុងបរិបទនេះ រាជរដ្ឋាភិបាល បានខិតខំតស៊ូយ៉ាងប្តូរផ្តាច់ យកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធានដើម្បីការពារសុខភាព សុខុមាលភាព ធានាសន្តិសុខស្បៀងរក្សាកំណើនសេដ្ឋកិច្ចដោយអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅនិងការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសវិស័យកសិកម្មដែលកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញល្បឿនអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ រក្សាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភជូនប្រជាជន និងការកាត់បន្ថយភាពក្រីក្រក្នុងខណ:យើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។
លោករដ្ឋមន្ត្រីបានបន្តថា៖«យើងកំពុងប្រឈមនឹងបញ្ហាពីរសំខាន់គឺជំងឺឆ្លងកូវីដ-១៩ និងគ្រោះទឹកជំនន់ ដែលបញ្ហាទាំងពីរបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយផ្ទាល់ និងដោយប្រយោលលើផលិតកម្មស្បៀង។ ក្នុងកាល: ទេស:ដ៏លំបាកនេះ យើងត្រូវរួមគ្នាទប់ស្កាត់ និងចាត់វិធានការដោះ ស្រាយបញ្ហាឲ្យបានទាន់ពេល មានប្រសិទ្ធភាព និងត្រូវបន្តយុទ្ធនាជំរុញផលិត កម្មស្បៀង។ការរក្សានិរន្តរភាពភពផែនដីពីព្រោះដីជាមូលដ្ឋានផ្តល់ជីវិតសម្រាប់សត្តនិករនៅលើភពផែនដី រួមទាំងការបន្ធូរបន្ថយនូវវិបត្តិដែលបណ្តាលមកពីការប្រែប្រួលធាតុអាកាសផងដែរ ដែលធ្វើឱ្យមនុស្សជាតិជាង២៥០លាននាក់បាននិងកំពុងទទួលរងនូវផលប៉ះពាល់នេះ»។

ពិតណាស់ថាការប្រារព្ធទិវានាពេលនេះគឺឆ្លើយតបទៅនឹងកម្មវិធីសកម្មភាពជាតិប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដីដែលត្រូវបានរាជរដ្ឋាភិបាលនុម័តកាលនាឆ្នាំ២០១៨និងជាពិសេសប្រសាសន៍របស់សម្តេចតេជោ ដែលបានគូសបញ្ជាក់ថា “ដំណោះស្រាយពាក់ព័ន្ធនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភមិនត្រឹមតែជាការឆ្លើយតបទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ។
ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយកម្រិតជីវភាព កាត់បន្ថយភាពក្រីក្រនិងរក្សាសុខុមាលភាពរបស់ប្រជាជនស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលថាមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយភាពអត់ឃ្លាននោះឡើយ”។
ដើម្បីអនុវត្តប្រធានបទខាងលើឲ្យទទួលបានជោគជ័យលោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនក្នុងន័យរួមគឺចូលរួមសហការគ្នាផលិតស្បៀង ធានាអាហារូបត្ថម្ភ សន្តិសុខស្បៀង បង្កើតការងារបង្កើនប្រាក់ចំណូលបង្កើនផលិតភាពផលិតកម្មក្នុងស្រុកតាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាទំនើបសមស្របធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍។

លើកកម្ពស់ការផ្សព្វផ្សាយបច្ចេកទេសនៃការប្រើប្រាស់ធាតុចូលកសិកម្មគ្រប់បែបយ៉ាង ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងព្រៃលិចទឹក រក្សាបាននូវភាតរបរិស្ថាន ធនធានធម្មជាតិ(ទឹក ដី ព្រៃ សត្វ និងដំណាំ) ឆ្ពោះទៅសម្រេចគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាន និងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣។
សូមជម្រាបថាគណៈប្រតិភូក៏បានអញ្ជើញចុះពិនិត្យកសិដ្ឋានពហុដំណាំ(បន្លែ ផ្សិត ត្រី និងមាន់) របស់កសិករឈាវហុងជាកសិករគំរូទទួលបានចំណាត់ថ្នាក់លេខ២ទូទាំងប្រទេសផ្នែកដំណាំបន្លែនៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូត្រនិគមដែលគាត់ទទួលបានការឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងធាតុចូលសំខាន់ៗពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អង្គការ និងដៃគូអភិវឌ្ឍន៍នានា។
បច្ចុប្បន្នលោកឈាវ ហុង បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុក និងសន្តិសុខស្បៀងប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ទាំងបន្លែ ការចិញ្ចឹមមាន់ ត្រី និងស្រូវពូជ លើផ្ទៃដី ៥ហត ដោយអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើបប្រើប្រាស់ពលកម្មក្នងស្រុក និងទទួលបានចំណូលយ៉ាងល្អប្រសើរ៕S/