ដោយ បូរិន/ភ្នំពេញ៖ តារាចម្រៀង ករុណា ពេជ្រ ជាតារាម្នាក់ ដែលបានចេញមុខធ្វើការប្រកាស លើបណ្តាញសង្គមរបស់ខ្លួនក្នុងការគៀងគរអ្នកសិល្បៈ និងសប្បុរសជនដើម្បីយកជំនួយជួយ ដល់ប្រជាពលរដ្ឋមួយចំនួនដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅលើទឹកដីនៃខេត្តកំពង់ស្ពឺ។
ក្រោយការប្រកាសមិនបានប៉ុន្មានម៉ោងផងនោះគេសង្កេតឃើញមានសប្បុរសជន និងសិល្បករ ប្រុសស្រីល្បីឈ្មោះមួយចំនួនបានចូលរួមជាថវិកាតាមរយៈលោក។
លោក ករុណាពេជ្រ បានប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ថា ដោយក្តី អាណិតអាសូចំពោះពលរដ្ឋខ្មែរដូចគ្នាទើបលោកសម្រេចចិត្តគៀងគរអ្នកសិល្បៈជិតដិតជិតឆ្ងាយ រួមទាំងសប្បុរសជនដើម្បីជួយប្រជាពលរដ្ឋនៅតំបន់មួយចំនួននៅខេត្តកំពង់ស្ពឺដែលរងគ្រោះខ្លាំងជាងគេ ដែលការជួយនេះគឺទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
សកម្មភាពនេះមិនមែនជាលើកទី១ទេដែលលោកបានរៀបចំប្រមូលសិល្បករចំណាយថវិកាផ្ទាល់ ខ្លួនចូលរួមជួយក្នុងកិច្ចការសង្គម ហើយនេះគឺជាទឹកចិត្តបើទោះបីជាមិនគ្រប់គ្រាន់ សម្រាប់ពួកគាត់ក៏ដោយ។ លោកបញ្ជាក់ថា នេះបង្ហាញពីសាមគ្គីភាព ទឹកចិត្តចែករំលែក និងចូលរួមផ្សព្វផ្សាយពីវប្បធម៌ចែករំលែករបស់អ្នកសិល្បៈទៅកាន់ជនរងគ្រោះ។
ទោះជាយ៉ាងណាលោកនៅមិនទាន់សរុបចំនួនថវិកាដែលទទួលបានពីការងារប្រមូលនេះនៅឡើយ ហើយសម្រាប់ថ្ងៃដែលត្រូវចុះចែកផ្ទាល់ក៏មិនទាន់កំណត់ដែរ ប៉ុន្តែអ្វីដែលប្រាកដគឺ អំណោយដែលនឹងត្រូវជូនដល់ដល់ជនរងគ្រោះមានដូចជាសម្ភារៈប្រើប្រាស់ចាំបាច់គ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួន ៕