​បុរស​ជនជាតិ​អ៊ីតាលី ម្នាក់​ដែល​ហៅ​ខ្លួនឯង​ថា “​បិសាច​” បាន​ចាក់​សាក់​ពណ៌​ខ្មៅ​ពេញ​ផ្ទៃមុខ លើ​គ្រាប់ភ្នែក វះ​អណ្ដាត​ជា​ពីរ ចោះ​ទម្លុះ​មុខមាត់ និង​ត្រចៀក​គួរឱ្យខ្លាច​។

​នី​កូ​ឡូ សា​វ៉េ​រី​ណូ (Nicolo Saverino) អាយុ ២៧ ឆ្នាំ​មក​ពី​ក្រុង​អា​ព្រីលៀ (Aprilia) ប្រទេស​អ៊ីតាលី ដែល​មាន​អាជីព​ជា​សិល្បករ​ឯកទេស​ខាង​ពត់​ខ្លួន បាន​ចាប់ផ្ដើម​កែប្រែ​រាងកាយ​របស់​ខ្លួន​នៅ​វ័យ ១៨ ឆ្នាំ ហើយ​បាន​ចាក់​សាក់​ប្រមាណ ៧០% នៃ​រាងកាយ​ទាំងមូល​របស់​ខ្លួន រួម​ទាំង​សាក់​ខ្មៅ​លើ​ផ្ទៃមុខ និង​លើ​គ្រាប់ភ្នែក​ផងដែរ​។

​បុរស​រូប​នេះ​បង្ហើប​ថា ខ្លួន​មាន​គម្រោង​ចាក់​សាច់​ខ្មៅ​ឱ្យ​ពេញ ១០០% នៃ​រាយ​កាយ​របស់​ខ្លួន​ចាប់ពី​ក្បាល​ដល់​ចុងជើង​ដើម្បី​ទទួល​ភាពស្រស់ស្អាត​ដែល​ខ្លួន​ចង់បាន​។

​នី​កូ​ឡូ ក៏​ចោះ​សាច់​ពាក់​អង្កាំ​ដែក​ចំនួន១៣ នៅ​លើ​ផ្ទៃមុខ ពុះ​អណ្តាត​ជា​ពីរ ចោះ​ប្រហោង​ត្រចៀក​យ៉ាង​ធំ ដាំ​ស្នែង​ពីរ​ក្រោម​ផ្ទៃ​ស្បែក​ថ្ងាស និង​ថែម​ទាំង​ចោះ​ទម្លុះ​បបូរមាត់​ក្រោម​ដើម្បី​ពាក់​កន្ត្រៃ​ទៀតផង និយាយ​រួម​គឺ​ស្ទើរតែ​គ្មាន​សល់​ចន្លោះ​ត្រង់ណា​៕ ប្រែសម្រួល៖ខុម/sn