អង្គភាពមួយរបស់រដ្ឋាភិបាលឥណ្ឌា ដែលបង្កើតឡើងដើម្បីផលិតសាប៊ូនិងផលិតផលឱសថពីលាមកគោ បានប្រកាសអះអាងថា ខ្លួនផលិតបាន “បន្ទះឈីបលាមកគោ” (Cow dung chip) មានប្រសិទ្ធភាពការពារមនុស្សពីជាតិវិទ្យុសកម្មដែលសាយភាយចេញពីទូរស័ព្ទ។

លោក វ៉ាឡាបប៉ៃ កាធីរៀ ប្រធានគណៈកម្មការជាតិទទួលបន្ទុកគោ (National Cow Commission) ដែលបង្កើតឡើងកាលពីឆ្នាំទៅនិយាយថា គ្រាន់តែយកបន្ទះឈីបនេះដាក់ចូលក្នុងស្រោមទូរស័ព្ទជាការស្រេច ដោយមិនបានពន្យល់បកស្រាយថា តើបច្ចេកវិទ្យាបន្ទះឈីបលាមកគោនេះដំណើរការបែបណា និងបញ្ចេញប្រសិទ្ធដោយវិធីណាឡើយ។
ក្នុងសន្និសីទសារព័ត៌មាន លោកបានថ្លែងថា “ប្រសិនបើយកបន្ទះឈីបនេះដាក់ក្នុងទូរស័ព្ទដៃរបស់អស់លោក វានឹងជួយកាត់បន្ថយជាតិវិទ្យុសកម្មបានច្រើន។ លាមកគោប្រឆាំងជាតិវិទ្យុសកម្ម វាការពារបានទាំងអស់ ប្រសិនបើអស់លោកយកវាទៅដាក់ក្នុងផ្ទះ នោះផ្ទះរបស់អស់លោកនឹងអស់ជាតិវិទ្យុសកម្ម…ចំណុចទាំងអស់នេះត្រូវបានគាំទ្រដោយវិទ្យាសាស្ត្រ”។
ដោយសារតែគ្មានការពន្យល់បកស្រាយលម្អិតថា តើការសិក្សាស្រាវជ្រាវអ្វីខ្លះត្រូវបានធ្វើឡើង មុននឹងឈានដល់ការផលិតបន្ទះឈីបនេះឡើង ការប្រកាសខាងលើបានបង្កឱ្យមហាជនសើចចំអកយ៉ាងច្រើនតាមបណ្ដាញទំនាក់ទំនងសង្គម។
សូមបញ្ជាក់ថា គោត្រូវចាត់ទុកថាសត្វពិសិដ្ឋ និងទទួលបានការគោរពបូជាពីក្រុមអ្នកកាន់សាសនាហិណ្ឌូ (ព្រហ្មញ្ញសាសនា) ភាគច្រើននៅក្នុងប្រទេសនេះ ហើយការបរិភោគសាច់គោត្រូវហាមឃាត់នៅក្នុងរដ្ឋជាច្រើន។
លោក កាធីរៀ បានប្រាប់កាសែត Indian Express ថា បន្ទះឈីបទាំងនេះត្រូវបានផលិតដោយមណ្ឌលផ្ដល់ជម្រកដល់គោជាង ៥០០ កន្លែង ហើយបន្ទះឈីបមួយលក់ក្នុងតម្លៃប្រមាណ ១០០ រូពី (១,៣៤ ដុល្លារអាម៉េរិក)៕ ប្រែសម្រួល៖ខុម/sn