ដោយៈទេព មង្គល / ភ្នំពេញៈ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំក្រសួង លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងលោក Jong Il Jeon អនុប្រធាន K-Exilbank ប្រចាំនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុប ( Wrap-Up Meeting) ដើម្បីពិភាក្សាលើ បញ្ហាមួយចំនួន បន្ទាប់ពីបានធ្វើទស្សនកិច្ច នៅការដ្ឋាន កាលពីថ្ងៃទី១៤ តុលា កន្លងទៅនេះ។
មន្ត្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីអនុវត្តន៍គម្រោង ក្រោមឱវាទក្រសួង មន្ត្រីបេសកកម្មរបស់ K- Eximbank ប្រចាំនៅកម្ពុជា ទីប្រឹក្សាបច្ចេសទេស កូរ៉េ ក្រុមហ៊ុន Yooshin និងក្រុមហ៊ុនសាងសង់កូរ៉េ SDAG នៃគម្រោងអភិវឌ្ឍន៍ ទំនប់សាលាតាអន (STDDP) ស្ថិតក្នុងខេត្តបាត់ដំបង ក៏បានចូលរួមក្នុងកិច្ចប្រជុំ នោះដែរ ដែលការពិភាក្សា បានផ្ដោតលើការងារសំខាន់ៗ មួយចំនួន រួមមានៈ -កំណត់បញ្ហាប្រឈម និងសកម្មភាពសំខាន់ៗ ដើម្បីដោះស្រាយកែលម្អ ក្រោយពីមាន ជំនន់ទឹកភ្លៀង ធ្វើឲ្យខូចខាត មុនគម្រោងបញ្ចប់ ក្នុងឆ្នាំ២០២១។ -ពិនិត្យ កែសម្រួលលក្ខណៈបច្ចេទេស និងបំពេញបន្ថែម លើហេដ្ឋារចនាសម្ព័ន្ធ រូបវន្តបន្ថែម ឲ្យស្របតាមស្ថានភាព ជាក់ស្តែង និងសំណូមពររបស់ មន្ទីរធនធានទឹកខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងតំបន់គម្រោង ដោយប្រើប្រាស់ថវិកា ក្នុងកញ្ចប់បម្រុង ដែលនៅសេសសល់ ។
នៅក្នុងកិច្ចប្រជុំនោះដែរ គ្រប់ភាគី បានឯកភាពជម្រុញទីប្រឹក្សា គម្រោងរៀបចំគំនូសប្លង់ និងការប៉ាន់ស្មានតម្លៃ លើទំហំការងារបន្ថែម ឲ្យបានលឿន និងសំណូមពរ គណៈកម្មការលទ្ធកម្ម ពិនិត្យ និងសម្រេច និងដាក់ជូន K-Eximbank ឯកភាពឲ្យបានមុន រដូវប្រាំងខាងមុខ ដើម្បីឲ្យគម្រោងបញ្ចប់ ទៅតាមផែនការគ្រោងទុក ក្នុងឆ្នាំ២០២១ ៕/V

