ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈលោកជាចាន់តូទេសាភិបាលធនាគារជាតិនៃកម្ពុជាបានធ្វើការរំលឹកថាមន្ត្រី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំទាំងអស់ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ភាពស្មោះត្រង់ និងរក្សាការសម្ងាត់វិជ្ជាជីវៈ ។ការដាស់តឿននេះបានធ្វើឡើងកាលព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំ។
លោកបន្តថាសូមបន្តបម្រើនិងផ្តល់សេវាដល់សាធារណជន ព្រមទាំងបន្តសហការល្អជាមួយមន្ទីរ អង្គភាព ស្ថាប័ន សាធារណៈនិងឯកជន ដើម្បីរួមចំណែកគាំទ្រនិងជំរុញដល់ការរីកចម្រើនសេដ្ឋកិច្ចក្នុងតំបន់ដែលកើនឡើងឥតឈប់ឈរ។ លោកក៏បានលើកទឹកចិត្តឱ្យមន្ត្រី-បុគ្គលិកបន្តខិតខំសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ចំណេះដឹងនិងជំនាញ។ ក្នុងពេលដែលជំងឺកូវីដ១៩ មិនទាន់មានថ្នាំបង្ការនៅឡើយលោក ក៏បានផ្តាំផ្ញើឱ្យមន្ត្រី-បុគ្គលិក ត្រូវបន្តថែរក្សាសុខភាព និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
តាមរបាយការណ៍បង្ហាញថាខេត្តកំពង់ធំ ជាខេត្តសក្តានុពលមួយក្នុងវិស័យកសិកម្ម ដែលមានប្រជាជនសរុបប្រមាណ ៨០ ម៉ឺននាក់ ក្នុងនោះ ៨០ភាគរយ ជាកសិករ។ គ្រឹះស្ថានធនាគារដែលកំពុងប្រតិបត្តិការមានចំនួន ១០, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៦ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៩។
ការផ្តត់ផ្គង់និងតម្រូវការសាច់ប្រាក់សម្រាប់សម្រួលដល់សកម្មភាពសេដ្ឋកិច្ចក្នុងខេត្តបានកើនឡើង គួរឱ្យកត់សម្គាល់ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ជាពិសេសការប្រើប្រាស់ប្រាក់រៀលបានកើនឡើងយ៉ាងឆាប់រហ័ស ដល់ចំនួនប្រហាក់ប្រហែលនឹងការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដែរ។ ជាក់ស្តែង ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២០នេះ តម្រូវការប្រាក់រៀលពីសាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំ មានចំនួន ៤៤០ ប៊ីលានរៀល (ប្រមាណ១០៧ លានដុល្លារអាម៉េរិក) ហើយសាខាក៏បានទទួលប្រាក់រៀលពីអតិថិជន ចំនួន ៥១១ ប៊ីលានរៀល (ប្រមាណ ១២៥ លានដុល្លារ) ធៀបនឹងការទទួលប្រាក់ដុល្លារអាម៉េរិក១៣២លានដុល្លារ។
នៅក្នុងការអនុវត្តមុខងារភារកិច្ចរបស់ខ្លួនសាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំបានសម្រួលចរាចរណ៍សាច់ប្រាក់នៅក្នុងខេត្ត ដោយប្រសិទ្ធភាព, បានចូលរួមក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល, បានប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយឥតគិតថ្លៃ, បានឆ្លើយតបនឹងសំណួរនិងបណ្តឹងនានារបស់សាធារណជនលើការប្រើប្រាស់សេវាធនាគារ, តាមដានស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់ និងចូលរួមក្នុងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។
លោក ទេសាភិបាល បានវាយតម្លៃខ្ពស់ចំពោះការបំពេញមុខងារភារកិច្ចរបស់សាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំ។ លោកផ្តាំផ្ញើឱ្យមន្ត្រី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ភាពស្មោះត្រង់ និងរក្សាការសម្ងាត់វិជ្ជាជីវៈ ដើម្បីបន្តបម្រើនិងផ្តល់សេវាដល់សាធារណជន ព្រមទាំងបន្តសហការល្អជាមួយមន្ទីរ អង្គភាព ស្ថាប័ន សាធារណៈនិងឯកជន ដើម្បីរួមចំណែកគាំទ្រនិងជំរុញដល់ការរីកចម្រើនសេដ្ឋកិច្ចក្នុងតំបន់ ដែលកើនឡើងឥតឈប់ឈរ៕សរន