ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី ១៦ ខែតុលា​នេះ​បាន​ផ្ញើ​ព្រះរាជសារ​មួយច្បាប់​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែននាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ដោយ​ព្រះអង្គ​បាន​កោតសរសើរ​នូវ​ភាពឈ្លាសវៃ​និងសូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំ ពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​វិធាន​ការជួយ​ដោះស្រាយ​ទាន់ពេលវេលា​ជម្លៀស​បង​ប្អូន​ប្រជាពលរដ្ឋ​ចេញពី​តំបន់​រងគ្រោះទៅកាន់​ទីតាំង​សុវត្ថិភាព​នានា ។​

​នៅក្នុង​ព្រះរាជសារ​ព្រះអង្គ​មាន​ខ្លឹមសារ​ថា​៖«​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ជាទី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត​និង​រាប់អាន​ដ៏​ខ្ពង់​ខ្ពស់បំផុត

​ខ្ញុំ​មាន​សេចក្តី​រំជួល​ហឫទ័យ​ជាខ្លាំង​ដោយបាន​ទទួលដំណឹង​អំពី​បងប្អូន កូនចៅ នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​មួយចំនួន​ត្រូវ​ទទួលរង​គ្រោះ​ដែល​បង្កឡើង​ដោយ​ជំនន់ ទឹកភ្លៀង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​បណ្តាលឱ្យមាន​ការបាត់បង់​ជីវិត​និង​ខូចខាត​ទ្រព្យសម្បត្តិ ។​

​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខលំបាក​ជាមួយ​បងប្អូន​ប្រជារាស្ត្រ​នៅ​ទូទាំងប្រទេស​។​ខ្ញុំ​សូម​កោតសរសើរ​នូវ​ភាពឈ្លាសវៃ​និង​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ សម្តេច អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​វិធាន​ការជួយ​ដោះស្រាយ​ទាន់ពេលវេលា​ជម្លៀស​បង​ប្អូន​ប្រជាពលរដ្ឋ​ចេញពី​តំបន់​រងគ្រោះ​ទៅកាន់​ទីតាំង​សុវត្ថិភាព​នានា ។​

ខ្ញុំ និង សម្តេចព្រះ​មហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក៏បាន​ប្រទាន​ព្រះរាជ​អំណោយ​ជូន​ដល់​បងប្អូន​រងគ្រោះ​មួយចំនួន​តាមរយៈ សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ អធិបតី​ស្រី​ង្គា​រ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​ជា​បន្តបន្ទាប់​ផងដែរ ។​

​ខ្ញុំ​សូម​ជូនពរ​ដល់​បងប្អូន​កូនចៅ​ប្រជារាស្ត្រ​កម្ពុជា​ទាំងអស់​បាន​រួច​ផុតពី​គ្រោះមហន្តរាយធម្មជាតិ​ខាងលើនេះ​និង​សូមមេត្តា​ការពារ​និង​ថែរក្សា​សុខភាព​ឱ្យ​បានល្អ​កុំឱ្យ មាន​ជំងឺ​ឈឺ​ថ្កាត់​ផ្សេងៗ ។​

​ខ្ញុំ​សូម​ប្រសិទ្ធពរ​ដ៏​ល្អ​បវរ មហាប្រសើរ ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សមាជិក -​សមាជិកា​ដ៏​ឧត្តុង្គឧត្តម​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​សូម​ទទួល បាន​មហា​ជោគជ័យ​ថ្មីៗ​ទៀត​និង​សូម​បាន​ប្រកប​ពៃ​នឹង​ព្រះ​ពុទ្ធពរ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត ឡើយ ។​

​សូម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ទទួល​នូវ​សេចក្តីស្រឡាញ់ និង​រាប់អាន​ដ៏​ខ្ពង់​ខ្ពស់បំផុត អំពីខ្ញុំ ។​»​