ដោយៈ​មុនី​រ័ត្ន / ភ្នំពេញៈ​ ជំនន់​ទឹកភ្លៀង បាន​គំរាមកំហែង រាជធានី ខេត្ត ចំនួន ១៩ ប៉ះពាល់​ប្រជាពលរដ្ឋ ជាង ២១ ម៉ឺន​នាក់ ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ជាង ២៥.០០០ នាក់ ផ្ទះ​ប៉ះពាល់​ជាង ៥​ម៉ឺន​ខ្នង ស្លាប់​មនុស្ស​ចំនួន ១៨​នាក់ និង​ខូចខាត​សាលារៀន ផ្លូវថ្នល់ រួមទាំង​ខូចខាត ផលដំណាំ​ផ្សេងៗ ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់ របស់លោក​ឃុន សុខា អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០​។​

​លោក ឃុន សុខា បាន​មានប្រសាសន៍ថាៈ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ ជំនន់​ទឹកភ្លៀង បាន​ប៉ះពាល់​រាជធានី ខេត្ត ចំនួន ១៩ ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ២១ ម៉ឺន​នាក់ ប្រជាពលរដ្ឋ​ជម្លៀស ទៅ​ទីទួល​សុវត្ថិភាព មាន​ចំនួន ២៥.០០០ នាក់ លំនៅដ្ឋាន​ប៉ះពាល់​ជាង ៥១.០០០ ខ្នង ដំណាំ​ស្រូវ​ជាង ១៣៧.០០០ ហិកតា ដំណាំ​ជាង ៦៧.០០០ ហិកតា ។​

​ប្រជាពលរដ្ឋ​រងគ្រោះ ​ដោយ​ជំនន់​ទឹកភ្លៀង​

​លោក ឃុន សុខា បានបញ្ជាក់​ថាៈ ប្រជាពលរដ្ឋ ដែល​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ ចំនួន ១៨ នាក់ ក្នុងនោះ​ក្មេង ចំនួន ៨ នាក់ សាលារៀន ៤៣៩ ផ្លូវជាតិ ផ្លូវ​ខេត្ត ២៨៤ គីឡូម៉ែត្រ ផ្លូវ​ជនបទ ប្រវែង ១.៤៥៩ គីឡូម៉ែត្រ និង​ស្ពាន​ចំនួន ១៤ កន្លែង ។​

​យោងតាម​របាយការណ៍ របស់​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឲ្យ​ដឹងថាៈ រាជធានី ខេត្ត ចំនួន​១៩ ដែល​រង​ផលប៉ះពាល់ មានដូចជាៈ ១.​ខេត្តពោធិ៍សាត់ ២. ខេត្ត​ប៉ៃលិន ៣. ខេត្តបន្ទាយមានជ័យ ៤. ភ្នំពេញ ៥. ខេត្តបាត់ដំបង ៦. ខេត្តស្វាយរៀង ៧. ខេត្ត​ឧ​ត្ត​រ​មានជ័យ ៨. ខេត្តសៀមរាប ៩. ខេត្តតាកែវ ១០. ខេត្តកំពង់ស្ពឺ ១១. ខេត្តមណ្ឌលគិរី ១២. ខេត្ត​ព្រះសីហនុ ១៣. ខេត្តកោះកុង ១៤. ខេត្តព្រះវិហារ​១៥. ខេ​ត្រ​ស្ទឹងត្រែង ១៦. ខេត្តកំពង់ចាម ១៧. ខេត្តកណ្តាល ១៨. ខេត្តកំពង់ឆ្នាំង ១៩. ខេត្តកំពង់ធំ ។​

​ប្រជាពលរដ្ឋ​រងគ្រោះ ​ដោយ​ជំនន់​ទឹកភ្លៀង​

​សូមជម្រាបថា ខេត្ត​ចំនួន​នួន ៨ និង​រាជធានី​ភ្នំពេញ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ជាប់​គ្នា រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ដែល​អាច​នឹងធ្វើ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង ជន់​លិច​។ បន្ទាប់ពី​ព្យុះ​ទី​១៧ ឈ្មោះ សូ​ឌែ​ល ធ្វើដំណើរ​ចូលមក​ប៉ែក​ខាងលើ ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ នៅពេល​ចូលមក ក្នុងប្រទេស​កម្ពុជា​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១៥ តុលា បាន​ជូនដំណឹង​ថាៈ បន្ទាប់ពី​បានធ្វើ​ការតាមដាន និង​ការវិវត្ត​ជាក់ស្តែង នៃ​ស្ថានភាព​អាកាសធាតុ ជា​បន្តបន្ទាប់ ឃើញថា នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ សម្ពាធ​ទាប​សកម្ម​មួយ កំពុង​ស្ថិតនៅលើ​ភាគ​កណ្តាល ប្រទេស​ហ្វីលីពីន​។ តាម​ការព្យាករណ៍ សម្ពាធ​ទាប​សកម្ម​នេះ នឹង​រំកិល​ចូលមក ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​វិ​វត្ត​ខ្លួន​ជា​បន្តបន្ទាប់ ទៅជា​ព្យុះ​ទី​១៧ ឈ្មោះ សូ​ឌែ​ល (SAUDEL) ដោយ​ធ្វើដំណើរ ចូលមក​ប៉ែក​ខាងលើ ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​១៧ ខែតុលា ហើយ​បាន​ថមថយ​ឥទ្ធិពល ទៅជា​វិ​សម្ពាធ និង​សម្ពាធ​ទាប នៅពេល​ចូលមក ក្នុងប្រទេស​កម្ពុជា​។ ជាមួយគ្នានេះ ប្រព័ន្ធ​សម្ពាធ​ទាប បាននិងកំពុង​បន្ត​អូសបន្លាយ ពីលើ​កម្ពុជា​។​

​ប្រជាពលរដ្ឋ​រងគ្រោះ ​ដោយ​ជំនន់​ទឹកភ្លៀង​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​ថាៈ លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ មាន​ស្ថានភាព ដូចជា​៖ ១- បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប រួមមានៈ ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និង​រាជធានី​ភ្នំពេញ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ជាប់​បន្ត​។ ២- បណ្តា​ខេត្ត នៅ​តំបន់​ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ភាគ​ឦសាន និង​ខេត្ត​ជាប់​ព្រំដែន ប្រទេស​វៀតណាម រួមមានៈ ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម នឹង​អាចមាន​ភ្លៀង​ធ្លាក់ ពី​បង្គួរ​ទៅ​ច្រើន​។ ៣- តំបន់​មាត់សមុទ្រ អាចមាន​ភ្លៀង​ធ្លាក់ ពី​បង្គួរ​ទៅ​ច្រើន និង​នៅលើ​ផ្ទៃសមុទ្រ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន រួមជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​។​

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ទីប្រជុំជន ទី​ទំនាប​ក្បែរ​ផ្លូវទឹក ជាប់​តំបន់ភ្នំ និង​ជួរ​ភ្នំ និង​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ តាម​សមុទ្រ​ទាំងអស់ សូម​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង ជាយថាហេតុ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាននិងកំពុង​បន្ត​តាមដាន យ៉ាង​យកចិត្តទុកដាក់ លើ​បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន ជា​បន្តបន្ទាប់​ទៀត ក្នុង​ករ​ណ៍​អាកាសធាតុ មានការ​ប្រែប្រួល​៕/V

​ប្រជាពលរដ្ឋ​រងគ្រោះ ​ដោយ​ជំនន់​ទឹកភ្លៀង​