ក្រសួង​ធនធានទឹក​ប្រកាស​បន្ថែម​នៅ​ព្រលប់​ថ្ងៃនេះ​ថា​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​ពីថ្ងៃ​១៧​ដល់​២១​តុលា​

4317
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានធ្វើ​បច្ចុប្បន្នភាព​លើ​ការតាមដាន​អាកាសធាតុ​។​ក្រសួង​បាន​បន្ថែម​សេចក្តី​នៅ​ល្ងាច​ថ្ងៃទី​១៦​ខែតុលា​ដោយ​បញ្ជាក់ថា យោងតាម​ការវិវត្ត​នៃ​ស្ថានភាព​អាកាសធាតុ​មកដល់​វេលា​នេះ ឃើញថា ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​អូសបន្លាយ​លើ​កម្ពុជា​កាន់តែ​បង្កើន​ឥទ្ធិពល​ជា​លំដាប់​។​ចំណែក​វិ​សម្ពាធ​ដែល​បានកើត​នៅលើ​សមុទ្រ​ចិន​ខាងត្បូង ដែល​ក្រសួង​បាន​ជូនដំណឹង​ថា វា​នឹង​ក្លាយទៅជា​ព្យុះ​ទី ១៧ កាលពី​ថ្ងៃទី ១៥ ខែតុលា​នោះ ពេលនេះ​វា​ស្ថិតនៅ​ត្រឹម​កម្រិត​ជា​វិ​សម្ពាធ​ដដែល ដោយមាន​ល្បឿន​ខ្យល់​អតិបរមា ១៥ ម៉ែត្រ​ក្នុង​មួយ​វិនាទី ដែល​ទាប​ជាង​ល្បឿន​របស់​ព្យុះ (Tropical Storm) តែ ២ ម៉ែត្រ​ក្នុង​មួយ​វិនាទី​តែប៉ុណ្ណោះ​។ វិ​សម្ពាធ​នេះ​នឹងធ្វើ​ដំណើរ​ឆ្ពោះ​ចូលមក​លើ​ភាគ​កណ្តាល​ប្រទេស វៀតណាម​នៅ ថ្ងៃ ១៧ ខែតុលា ។​


​ប្រភព​ដដែល​បន្តថា​ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ច្រើន ពិសេស​ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ នៅតាម​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ បណ្តា​ខេត្ត​នៅ​ភូមិសាស្ត្រ​ជាប់​ក្បែរ​ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ភាគ​ឦសាន និង​តំបន់​ជួរ​ភ្នំក្រវាញ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​បន្ត ។ ចំណែក​នៅ​តំបន់​មាត់សមុទ្រ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន និង​នៅលើ​ផ្ទៃសមុទ្រ មាន​ភ្លៀង​លាយឡំ​ខ្យល់​បក់បោក និង​រលក​សមុទ្រ​ខ្ពស់ៗ ។​


​យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​សាធារណជន​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​ខាងលើ​សូមជ្រាប​ជា​ព័ត៌មាន​និង​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែមទៀត ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម