** ភ្លៀងរយៈពេលខ្លី ដល់កម្រិត ១៤៣ មីលីម៉ែត្រ ធ្វើឱ្យលិចផ្នែកខ្លះ ក្រុងព្រះសីហនុ
ដោយៈ ប.ខុន / ភ្នំពេញៈ ស្ថានភាពជំនន់ទឹកភ្លៀង បានធូរស្រាលបន្តិច។ ទឹកស្ទឹងព្រែកត្នោត នៅទ្វារទឹករលាំងជ្រៃ បានស្រកផុតកម្ពស់ ត្រូវរក្សាទុកហើយ។ បានន័យថា ជំនន់ស្ទឹងព្រែកត្នោត នៅភាគខាងលើ បានធូរស្រាលច្រើន តែក៏ដល់ពេលភ្លៀងធ្លាក់ច្រើនជាថ្មី ក៏បានមកដល់ដែរ បន្ទាប់ពីសម្ពាធទាប នៅលើប្រទេសកម្ពុជា បានបង្កើនឥទ្ធិពល ទៅជាសម្ពាធទាបសកម្ម នៅចុងនៃ ប្រព័ន្ធសម្ពាធទាប។ នៅថ្ងៃទី១៦ ខែតុលា ភ្លៀងបានធ្លាក់រហូត ដល់កម្រិត ១៤៣ មីលីម៉ែត្រ ក្នុងរយៈពេលខ្លី លើក្រុងព្រះសីហនុ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យរស្មីកម្ពុជា នៅថ្ងៃទី១៦ តុលា នេះថាៈ ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅក្នុងខេត្តកំពង់ស្ពឺ បានធូរស្រាល ច្រើនហើយ ដោយនៅក្រុងច្បារមន ទឹកបានស្រកចុះ ជិតមួយម៉ែត្រ។ កន្លែងដែលមានលិចលង់ ទឹកបានស្រកទៅវិញអស់ហើយ និងនៅពេលពីរ បីថ្ងៃ មកនេះ នៅតំបន់ផ្ទៃរងទឹកភ្លៀង ស្ទឹងព្រែកត្នោត មិនមានភ្លៀងធ្លាក់ មកច្រើនទេ។

ដោយឡែក មន្ត្រីប្រចាំការ នៅទំនប់ ៧មករា (ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រភ្នំពេញ) បានប្រាប់ឱ្យដឹងថាៈ មកដល់ត្រឹមម៉ោង ៣ រសៀលថ្ងៃនេះ (១៦តុលា) ទឹកនៅទ្វារទឹក ៧កមរា ទឹកបានស្រកចុះ ០,០៨ ម៉ែត្រ គិតចាប់តាំងពីពេលព្រឹក មកដល់ពេលនេះ។
ទន្ទឹមនេះ នៅរសៀលថ្ងៃទី១៦ ខែតុលា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធាន ទឹក និងឧតុនិយម ដែលប្រចាំការ ការពារទំនប់សណ្តរស្ទឹងព្រែកត្នោត ជាច្រើនថ្ងៃមកហើយ បានរួមដំណើរជាមួយ អភិបាលខេត្តកណ្តាល ពិនិត្យរកផ្លូវរំដោះទឹក ឱ្យស្រកបានលឿន នៅប៉ែកខាងត្បូង ក្រុងតាខ្មៅ។
ចំណែកលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រាប់ឱ្យរស្មីកម្ពុជា នៅថ្ងៃទី១៦ តុលា នេះដែរថាៈ ភ្លៀងដែលបានធ្លាក់ ដល់កម្រិត ១៤៣ មីលីម៉ែត្រ ចាប់តាំងពីព្រឹក មកដល់រសៀលថ្ងៃនេះ បានបង្កឱ្យមានការលិចលង់ តំបន់មួយចំនួន នៅក្រុងព្រះសីហនុ និងស្រុកព្រៃនប់ តែទឹកបានស្រកទៅវិញលឿន បន្ទាប់ពីភ្លៀង ចុះខ្សោយបន្តិច។

រីឯលោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជា នៅថ្ងៃដដែលថាៈ ភ្លៀងធ្លាក់ច្រើន ក្នុងរយៈពេលខ្លី បានធ្វើឱ្យមានការជន់លិច តំបន់ទំនាបមួយចំនួន នៅក្រុងព្រះសីហនុ និងស្រុកព្រៃនប់ តែលំហូរទឹក បានស្រកចុះលឿន។ នៅលើផ្ទៃសមុទ្រ មានខ្យល់បក់ បោកខ្លាំង។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី១៦ តុលា ថាៈ ស្ថានភាពទឹកស្ទឹង ព្រែកត្នោ នៅភាគខាងលើ ក្នុងខេត្តកំពង់ស្ពឺ បានធូរស្រាលច្រើនហើយ នៅថ្ងៃនេះ (១៦តុលា) ដូចជា នៅអាងទឹកតាសាល ទ្វារទឹក ត្រូវបានបិទរក្សាទឹកទុក។ មានទឹក ហូរលើទំនប់បង្ហៀរ នៅពាមឃ្លៃ ទឹកមានកម្ពស់ ៦ ម៉ែត្រ ទាបជាងថ្ងៃទី១៥ តុលា ១,៤៥ ម៉ែត្រ, នៅទ្វារទឹករលាំងជ្រៃ ទឹកមានកម្ពស់ ៦,៨៨ ម៉ែត្រ ទាបជាងថ្ងៃទី១៥ តុលា ០,៨០ ម៉ែត្រ (កម្ពស់ទឹករក្សាទុក ៧ ម៉ែត្រ) ក៏បានទម្លាក់ទ្វារ ចុះដែរ។
អ្នកនាំពាក្យដដែល បានឱ្យដឹងទៀតថាៈ សម្ពាធទាបមួយ នៅខាងចុងនៃ ប្រព័ន្ធសម្ពាធទាប ដែលស្ថិតនៅលើប្រទេសកម្ពុជា បានបង្កើនឥទ្ធិពល ទៅជាសម្ពាធទាបសកម្ម (ACTIVE LOW) ហើយរំកិលចូល ទៅក្នុងសមុទ្រចិនខាងត្បូង នៅខាងកើតឆ្នេរ ប្រទេសវៀតណាម ធ្វើឱ្យផ្ទៃមេឃ មានសភាពអាប់អួរ និងមានភ្លៀងរលឹម ធ្លាក់រាយប៉ាយច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ឯវិសម្ពាធ ដែលកំពុងមានចលនា នៅក្នុងសមុទ្រចិនខាងត្បូង ត្រូវបានអ្នកនាំពាក្យ ខាងលើ បញ្ជាក់យ៉ាងនេះថាៈ វាមិនបានវិវត្តទៅជាព្យុះទេ គឺនៅក្នុងកម្រិត ជាវិសម្ពាធ ដើរមករកឆ្នេរ ខាងក្រោមភាគកណ្តាល ប្រទេសវៀតណាម រួចនឹងរំកិលឡើង ទៅរកឈូងសមុទ្រតុងកឹង ដោយបាននាំទៅជាមួយ នូវសម្ពាធទាបសកម្ម និងប្រព័ន្ធសម្ពាធទាប ដែលនៅពីលើប្រទេសកម្ពុជា ច្រើនថ្ងៃមកហើយ ទៅជាមួយផង។
លោក ចាន់ យុត្ថា បានឱ្យដឹងទៀតថាៈ ស្ថានភាពដូចខាងលើ បានធ្វើឱ្យនៅថ្ងៃទី១៦ តុលា មានសភាពអាប់អួរ និងមានភ្លៀងរលឹម ធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យម បង្គួរ នៅក្នុងក្របខណ្ឌ ស្ទើរទូទាំងប្រទេស។ នៅថ្ងៃទី១៧ និង ១៨ តុលា មានភ្លៀងធ្លាក់ច្រើន នៅតំបន់ខ្ពង់រាប ភាគឦសាន ខ្ពង់រាបភាគខាងជើង តំបន់ទំនាប កណ្តាលភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ។ ស្ថានភាពអាកាសធាតុ ដូចនេះ ធ្វើឱ្យទឹកទន្លេងើបឡើងបន្តថែមទៀត។
ចំពោះស្ថានភាពទឹកទន្លេវិញ បើយោងតាមព្រឹតិ្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី១៦ តុលា ២០២០ បានបង្ហាញឱ្យឃើញថាៈ នៅស្ទឹងត្រែង ទឹកមានកម្ពស់ ៧,៤៨ ម៉ែត្រ ទាបជាងថ្ងៃទី១៥ ខែតុលា ០,១២២ ម៉ែត្រ ខ្ពស់ជាងកម្ពស់ទឹកមធ្យមច្រើន ឆ្នាំ ១,៣៩ ម៉ែត្រ ។ នៅខេត្តក្រចេះ ទឹកមានកម្ពស់ ១៧,២៨ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៥ ខែតុលា ០,១០ ម៉ែត្រ ខ្ពស់ជាងកម្ពស់ទឹកមធ្យម ច្រើនឆ្នាំ ២,០៤ម៉ែត្រ ។ នៅខេត្តកំពង់ចាម ទឹកមានកម្ពស់ ១១,១៣ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៥ ខែតុលា ០,២៦ម៉ែត្រ ទាបជាងកម្ពស់ទឹកមធ្យម ច្រើនឆ្នាំ ០,០៥ ម៉ែត្រ។ នៅចតុមុខ ទឹកមានកម្ពស់ ៦,៧៦ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៥ ខែតុលា ០.២០ ម៉ែត្រ ទាបជាងកម្ពស់ទឹកមធ្យម ច្រើនឆ្នាំ ២,០៤ ម៉ែត្រ ។ នៅបឹងទន្លេសាប ក្រគរ កំពង់លួង ទឹកមានកម្ពស់ ៤,៥១ ម៉ែត្រ ខ្ពស់ជាង ថ្ងៃទី១៥ ខែតុលា ០,១៥ ម៉ែត្រ ៕/V



