ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គឹតត្រឹមព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ទឹកជំនន់ បានបន្តកើនឡើង ជាបន្តបន្ទាប់ បណ្តាលឲ្យលិចលង់ សង្កាត់ចំនួន ៦ ស្ថិតនៅក្នុងខណ្ឌដង្កោ។ កងសង្គ្រោះគ្រោះមហន្តរាយ ៧១១ នៃកងពលតូចលេខ៧០ បានចេញប្រតិបត្តិការ សង្គ្រោះប្រជាពលរដ្ឋ ទាំងយប់ ទាំងថ្ងៃ ដើម្បីជម្លៀសមកកាន់ទី ដែលមានសុវត្ថិភាព ដែលប្រជាជន ជាង ៣ ពាន់នាក់ ត្រូវបានជម្លៀសចេញ តាមទូកសង្គ្រោះ មកដល់ទីទួលបណ្តោះអាសន្ន ក្នុងនោះមនុស្ស ១.៧៦០ នាក់ ត្រូវបានដាក់ នៅទីតាំងផ្សារព្រែកជ្រៃ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការង កងពលតូចលេខ៧០ ទទួលផែនសង្គ្រោះ បានឲ្យដឹងថាៈ កម្លាំងកងសង្គ្រោះគ្រោះមហន្តរាយ នៃកងពលតូចលេខ៧០ ជាង ១០០ នាក់ ត្រូវបានចុះប្រតិបត្តិការសង្គ្រោះ ប្តូរវេនទាំងយប់ ទាំងថ្ងៃ ដើម្បីជួយដឹកជញ្ជូន ប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថាៈ ក្នុងរយៈពេល ៣ ថ្ងៃនេះ កងកម្លាំងទាំងអស់ បានព្យាយាមជម្លៀស ប្រជាពលរដ្ឋ បានជាង ៣ ពាន់នាក់ មកដល់ទីសុវត្ថិភាព ហើយកម្លាំងនៅតែបន្តចុះស្វែង រកប្រជាពលរដ្ឋបន្ថែមទៀត ក្រែងមានករណី ដែលមិនទាន់បានដឹង។
គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ ទឹកជំនន់បានបណ្តាល អោយលិចលង់ សង្កាត់ចំនួន៦ ស្ថិតនៅក្នុងខណ្ឌដង្កោ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ កន្លងមក ។ គេឃើញមាន កងសង្គ្រោះរបស់ កងពលតូចលេខ៧០, និងកម្លាំងចម្រុះ រួមគ្នាសហការជាមួយ អាជ្ញាធររាជធានីភ្នាំពេញ ចុះជួយប្រជាពលរដ្ឋភ្លាមៗ តាំងតែពីថ្ងៃកើតហេតុដំបូង។ មានមានផ្ទះប្រជាពលរដ្ឋ ជាច្រើន ក្នុងតំបន់នេះ ទទួលរងនូវការជន់លិច និងខូចខាតទ្រព្យសម្បត្តិផ្សេងៗ ៕/V


