ដោយៈមុនីរ័ត្ន/ភ្នំពេញៈប្រមុខការពារជាតិកម្ពុជាសម្ដេចពិជ័យសេនាទៀបាញ់បានអញ្ជើញចុះពិនិត្សសភាពទឹកនិងការជួយសង្គ្រោះប្រជាពលរដ្ឋនៅតំបន់ដែលរងនូវការវាយប្រហារដោយទឹកជំនន់ នៅមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។
អញ្ជើញអមដំណើរសម្ដេចពិជ័យសេនាទៀបាញ់រួមមានថ្នាក់ដឹកនាំក្រសួងការពារជាតិថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនិងលោកឃួងស្រេងអភិបាលនៃគណអភិបាលរាជធានីភ្នំពេញដែលប្រចាំការជាប់នៅតំបន់ជួយសង្គ្រោះព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ។

សម្ដេចពិជ័យសេនាទៀបាញ់បានដាក់បទបញ្ជានិងក្រើនរំលឹកដល់កងកម្លាំងជួយសង្គ្រោះទាំងអស់ពិសេសកងយោធពលខេមរភូមិន្ទត្រូវតែខិតខំធ្វើយ៉ាងណាជួយសង្គ្រោះប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់បំផុត ដោយមិនត្រូវធ្វើការធ្វេសប្រហែសឡើយ។
ចំណែកលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញដែលឈរជើងជាប់ជាប្រចាំនៅតំបន់រងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី១៦ ខែតុលា បានអះអាងថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង៥ពាន់គ្រួសារហើយត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពជាមួយការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ផែនការទី១ នៃការសង្គ្រោះប្រជាពលរដ្ឋកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានរួមដៃគ្នាអនុវត្តន៍ទទួលបានជោគជ័យនិងគ្រប់គ្រងបានគ្រប់ស្ថានការណ៍ទាំងអស់។ពលរដ្ឋដែលត្រូវជម្លៀសមកកន្លែងមានសុវត្ថិភាពនេះរួមមាននៅ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ដែលរងគ្រោះច្រើនជាងគេ៕S/


