ដោយ៖ដេប៉ូ/ភ្នំពេញ៖ក្រសួងយុត្តិធម៌បានប្រកាសពីលទ្ធផលនៃការអនុវត្តន៍យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្តរយៈពេល​១៥០ថ្ងៃដែលបានប្រកាសចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។

          បើផ្អែកតាមលទ្ធផលកិច្ចប្រជុំនៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២០​ បានបង្ហាញថា​សាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌ​ដែលកកស្ទះ ទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ មានចំនួនសរុបជាង ២៧.៧០០ សំណុំរឿង ស្មើនឹង ៧១ភាគរយ នៃសំណុំរឿង​ព្រហ្មទណ្ឌដែលកកស្ទះ (សំណុំរឿងដែលត្រូវបានជំនុំជម្រះ​រួចមានចំនួនជាង ១០.៣០០ សំណុំរឿង ស្មើនឹង ៨២ភាគរយនៃសំណុំរឿង​ទាំងអស់ក្នុងដំណាក់​កាលជំនុំជម្រះ)។

បន្ថែមពីនេះ សាលាដំបូងរាជធានីខេត្តទូទាំងប្រទេស ក៏បានដោះស្រាយសំណុំរឿង​ព្រហ្មទណ្ឌដែលចូលថ្មី ចំនួនជាង ២០.២០០ សំណុំរឿង ស្មើនឹង៦១ភាគរយ។ ជាមួយនឹងលទ្ធផលនេះ គ.យ.ក.ស. ក៏បានប្រកាសអំពីជោគជ័យនៃការអនុវត្តន៍​យុទ្ធនាការដល់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន ៥ រួមមាន៖ ខេត្តសៀមរាប, ខេត្តកោះកុង, ខេត្តកំពត, ខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ។

ក្រសួងយុត្តិធម៌បានលើកឡើងដែរថា ទន្ទឹមនឹងការសម្តែងនូវអំណរសាទ​រចំពោះ​សាលាដំបូង និងអយ្យការអមសាលាដំបូងដែលត្រូវបានប្រកាសអំពីជោគជ័យ​នៃការអនុវត្តន៍យុទ្ធនាការនាពេលនេះ គ.យ.ក.ស. ក៏សូមឆ្លៀតឱកាស នៃកិច្ចប្រជុំនេះ សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការ នៃអង្គភាពរដ្ឋបាល​នៃសាលាដំបូង និងអយ្យការអមសាលាដំបូងទាំងអស់ ព្រមទាំងក្រុមការងារនៃ គ.យ.ក.ស. ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការជំរុញការអនុវត្តន៍យុទ្ធនាការដោះស្រាយ​ការកកស្ទះ​សំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ដើម្បីជាប្រយោជន៍ដល់​ប្រជាពលរដ្ឋ ក៏ដូចជាវិស័យយុត្តិធម៌ផងដែរ។

បន្ថែមពីនេះ គ.យ.ក.ស. មានក្តីរំពឹងទុកយ៉ាងមុតមាំថាសាលាដំបូងផ្សេងទៀតនឹង​សម្រេចបាននូវសមិទ្ធផលការងារ ដើម្បីឈានទៅរកការប្រកាសអំពីភាពជោគជ័យ នៃការអនុវត្តន៍យុទ្ធនាការនេះ ជាបន្តបន្ទាប់ ហើយក៏សង្ឃឹមផងដែរថា តួអង្គពាក់ព័ន្ធ​ទាំងអស់នឹងបន្តចូលរួមកាន់តែសកម្មថែមទៀត សំដៅរួមចំណែកធ្វើឱ្យយុទ្ធនាការ​ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត អាចសម្រេច​លទ្ធផលបានតាមផែនការដែលបានគ្រោងទុក ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារ​ក្នុងយុទ្ធនាការគឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»៕dp/Ha