ដោយៈប.ខុន/ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម រួមជាមួយអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១៦ខែតុលាឆ្នាំ២០២០ បានចុះពិនិត្យផ្លូវទឹកព្រែកហូរ ប្រឡាយព្រែករទាំង និងស្ទឹងជ្រៅក្នុងខេត្តកណ្តាល ដើម្បីបើកឱ្យទឹកមានលំហូរជាប្រក្រតីឡើងវិញនៅពេលខាងមុខ។

លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្ត្រីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានពិនិត្យនិងវាស់វែងជាក់ស្តែង ព្រមទាំងមានវិធានការចំពោះមុខ និងសម្រាប់អនាគត ព្រែកហូរ ប្រឡាយព្រែករទាំងនិងស្ទឹងជ្រៅក្នុងខេត្តកណ្តាលដែលជាទីតាំងចំណុចគន្លឹះក្នុងការរំដោះទឹកស្ទឹងព្រែកត្នោតនៅពេលមានជំនន់ម្តងៗ ទៅបឹងជើងលោង និងទន្លេបាសាក់ ។
តាមការពិនិត្យជាក់ស្តែង នៅចំណុចទីតាំងទាំងបីខាងលើ ឃើញថា នៅត្រង់ចំណុចស្ពានព្រែកហូរ មានធារទឹក ២៤០ ម៉ែត្រគុបក្នុមួយវិនាទី តែនៅផ្នែកខាងក្រោមនៃចុងព្រែកត្រង់ចំណុចស្ពានវត្តក្របៅ ទឹកបានថយមកនៅត្រឹមតែ ១៧ម៉ែត្រគុបក្នុងមួយវិនាទីប៉ុណ្ណោះ។ឯនៅចំណុចព្រែករទាំង មានធារទឹក១៨៣ម៉ែត្រគុបក្នុងមួយវិនាទី។នៅត្រង់ចំណុចស្ទឹងជ្រៅមានធារទឹក៦០ម៉ែត្រគុបក្នុងមួយវិនាទី ដែលជាធម្មតាធារទឹកមានដល់ចំនួន១៥៤ម៉ែត្រគុបក្នុងមួយវិនាទីនេះបង្ហាញឱ្យឃើញថាស្ទឹងជ្រៅមានការរាំងស្ទះចរន្តដល់ទៅជាងពីរដង ។

លោកលឹមគានហោ មានប្រសាសន៍ថា បើប្រព័ន្ធរំដោះទឹកទាំងបីចំណុចខាងលើស្តារបានល្អនោះ យើងនឹងអាចរំដោះទឹកបានរហូតទៅដល់ ៧៩៦ ម៉ែត្រគុបក្នុងមួយវិនាទី ។ចំណុចផ្លូវទឹកខាងលើនេះរួមតូច ធ្វើឱ្យរាំងស្ទះដល់លំហូរទឹកចេញពីតំបន់ក្រោមទ្វារទឹក៧មករា ដែលជាហេតុនាំឱ្យមានជំនន់លើសង្កាត់និងឃុំមួយចំនួននៅរាជធានីភ្នំពេញនិងខេត្តកណ្តាល៕សរន/Ha




