ដោយៈ ចាន់តូ / ភ្នំពេញៈ តៃកុងរថយន្តដឹកស្រាបៀរ មួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ធ្លាក់ជង្ហុកដែលមានទឹក ក្រឡាប់ផ្ងារជើង បណ្ដាល ឲ្យរងការខូចខាត យ៉ាងធ្ងន់ធ្ងរ បង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ៩ យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ចំណុចស្ពានអាកាស ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានអោយដឹងថាៈ រថយន្តរងគ្រោះ ម៉ាកគៀ ពណ៌ខៀវ លាយ ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-0807 បើកបរ ក្នុងទិសដៅពីខាងលិច ទៅខាងកើត ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានធ្លាក់ជង្ហុកជ្រៅ ដែលមានទឹកបាចហាចច្រើន មើលមិនឃើញជង្ហុក បណ្ដាលអោយក្រឡាប់ ផ្ងារជើង រងការខូចខាត យ៉ាងធ្ងន់ធ្ងរ ។ ភ្លាមៗនោះ តៃកុងរថយន្តរងគ្រោះ បានទាក់ទងហៅរថយន្ត ១ គ្រឿងទៀត មកសាងឥវ៉ាន់ លើកដាក់ភ្លាមៗផងដែរ។
បន្ទាប់មក នគរបាលប៉ុស្តិ៍ចោមចៅ ទី៣ បានចុះទៅចំណុចកើតហេតុ ហើយបានធ្វើចរាចរណ៍ ដើម្បីកុំអោយមានការកកស្ទះ និងគ្រោះថ្នាក់ កើត ឡើងបន្តទៀត ។
ក្រោយពេលកើតហេតុ ដោយរថយន្ត ខាងលើ មិនមានបង្កការប៉ះពាល់ ដល់អ្នកដទៃ និងទ្រព្យសាធារណៈ ទើបសមត្ថកិច្ច អនុញ្ញាតឱ្យម្ចាស់ រថយន្តរងគ្រោះ ហៅរថយន្តស្ទួច អូសយកទៅជួសជុល ខ្លួនឯង ៕/V