ប្រព័ន្ធផ្សព្វផ្សាយតួកគីបាននិយាយកាលពីថ្ងៃសុក្រទី១៦តុលាថា តួកគី ដែលជាសមាជិកអង្គការណាតូ បានសាកល្បងប្រព័ន្ធមីស៊ីលការពារដែនអាកាសទំនើបផលិតដោយរុស្សុីរបស់ខ្លួន ដោយបង្កើននូវការប្រឈមមុខថ្មីជាមួយសហរដ្ឋអាម៉េរិក។
ទូរទស្សន៍ Haber ដែលជិតស្និទ្ធនឹងរដ្ឋាភិបាលបាននិយាយនៅលើវេបសាយរបស់ខ្លួនថា យោធារបស់តួកគីបានបាញ់សាកល្បងប្រព័ន្ធការពារដែនអាកាសរុស្ស៊ី S-400 នៅក្នុងខេត្តស៊ីនណូបនៅជាប់សមុទ្រខ្មៅ។ ទូរទស្សន៍នេះផ្អែកលើរបាយការណ៍របស់ខ្លួននៅលើវីដេអូធម្មតាៗមួយ ដែលថតនៅខេត្តស៊ីនណូប ដែលបង្ហាញពីការបាញ់ខែលទៅលើមេឃ។ ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតក៏មានរបាយការណ៍ស្រដៀងគ្នាដែរ។
មន្ត្រីយោធានិងការពារជាតិតួកគីបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។
ក្រសួងការពារជាតិអាម៉េរិកបាននិយាយថា ប្រសិនបើរបាយការណ៍មានភាពត្រឹមត្រូវ ខ្លួននឹងថ្កោលទោសយ៉ាងខ្លាំងចំពោះការសាកល្បងនេះ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចូណាថាន រ៉ាត ហូហ្វមែន បាននិយាយថា “យើងបានដឹងច្បាស់ហើយថា ប្រព័ន្ធ S-៤០០ មិនស្របនឹងការប្តេជ្ញារបស់តួកគីក្នុងនាមជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកនិងអង្គការណាតូនោះទេ។ យើងជំទាស់នឹងការទិញប្រព័ន្ធនេះរបស់តួកគី ហើយយើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ដែលថា តួកគីកំពុងនាំយកវាទៅក្នុងប្រតិបត្តិការ”។
លោកបាននិយាយថាប្រព័ន្ធនេះ “មិនគួរឱ្យធ្វើប្រតិបត្តិការទេ”៕ ដោយ ៖ កញ្ញាដាលីស