ដោយៈ មេសា/ភ្នំពេញៈ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះចៅអធិការវត្ត មង្គលវ័ន ហៅ វត្ត ស្វាយដង្គំ បានផ្តល់ព្រះឱវាទដល់អ្នករងគ្រោះដោយទឹកជំនន់ថា “ គ្រោះទឹកជំនន់ដ៏គំហុកនាឆ្នាំនេះ ធ្វើឱ្យខូចខាតបាត់បង់ទ្រព្យសម្បត្តិគួរឱ្យសោកស្តាយ និង ប៉ះពាល់ដល់ភាពសុខសាន្ត ពិមែន ហើយអ្វីដែលកើតឡើង ដោយមិនអាចនឹកស្មានដឹងជាមុនបែបនេះ មិនមែនទើបតែមានលើកទី ១ ទេ ហេតុនេះ អ្វីដែលសំខាន់ គឺត្រូវតែរឹងមាំ កុំអស់សង្ឃឹម ត្រូវខិតខំគិតគូរយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាព និង សុខភាពឱ្យបានល្អ ដូចជាហូបស្អាត ផឹកស្អាត រស់នៅស្អាត ទទួលទានដំណេកក្នុងមុង និង ប្រុងប្រយ័ត្នកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុក្នុងពេលកំពុងជម្លៀសនៅទីទួលសុវត្ថិភាពនេះជាដើម ពោលគឺត្រៀមខ្លួនឱ្យបានល្អ ដើម្បី នឹងចាប់ផ្តើម កសាងជីវភាពឡើងវិញ នៅពេលទឹកជំនន់កន្លងផុតទៅ ដូចអ្វីដែលពាក្យចាស់ពោលថា ខ្លួនរស់ របស់កើត “ ។
សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ផ្តល់ព្រះឱវាទបែបនេះ នាឱកាសនាំយកអំណោយទេយ្យទានទៅចែកជូនដល់ជនរងគ្រោះដោយទឹកជំនន់នៅម្តុំ រង្វង់មូលកួរស្រូវ ក្នុង ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ កាលពីយប់ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ហើយទេយ្យទានទាំងនោះមានដូចជា អង្ករ មី ត្រី ខ ទឹកត្រី ទឹកស៊ិអ៊ីវ ទឹកដោះគោ និង ថវិកា ជាដើម គិតជាទឹកប្រាក់សរុបប្រមាណជា ៨ ០០០ ដុល្លារអាមេរិក ជាអ្វីដែលសម្តេច បណ្ឌិត ឃី សុវណ្ណរតនា ឱ្យដឹងថា គឺជារបស់ដែលបានមកពីសប្បុរសជន ប្រគេនដល់ព្រះសង្ឃ ហើយក៏ជារបស់ដែលកើតពីការសន្សំសំចៃសម្រាប់ប្រើប្រាស់នៅពេលមានអាសន្នដូចជាពេលទឹកជំនន់នេះជាដើម បន្ទាប់ពីយកមួយផ្នែកសម្រាប់ផ្គត់ផ្គង់ព្រះសង្ឃ ដូនជី តាជី និង សិស្សិនិស្សិត នៅក្នុងវត្តមង្គលវ័ន ហៅ វត្ត ស្វាដង្គុំ មក ។
សម្តេចបណ្ឌិត ឃី សុវណ្ណរតនា បន្ថែមថា ទោះជាញាតិញោមជួបគ្រោះទឹកជំនន់ក្តី ក៏ញាតិញោមមិនឯកោ ដែរ គឺមានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយរាប់ចាប់តាំងពីប្រមុខរាជរដ្ឋាភិបាល រហូតដល់ ស្ថាប័នមនុស្សធម៌ ដូចជាកាកបាទក្រហមកម្ពុជា ជាដើម ហើយក៏មានព្រះសង្ឃ បានរួមចំណែកចូលរួមរំលែកទុក្ខលបាករបស់ញាតិញោមក្នុងនាមជាប្រជាជាតិខ្មែរតែមួយ ។
ជាការកត់សម្គាល់ នេះមិនមែនជាលើកទី ១ ទេ ដែលសម្តេចបណ្ឌិត ឃី សុវណ្ណរតនា បានយកអំណោយទេយ្យទានចែកជូនដល់អ្នកដែលកំពុងត្រូវការចាំបាច់បែបនេះ ពោលគឺគេបានឃើញជាហូរហែ ជាពិសេសនៅក្នុងដំណាក់កាលដែលសង្គមមានបញ្ហាដូចជាពេលទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះខ្យល់កន្ត្រាក់ និង ពេលប្រជាជន កម្ពុជា កំពុងរំខានដោយជំងឺកូវីដ ១៩ ជាដើម ហើយសម្តេចក៏តែងតែមានព្រះបន្ទូលប្រហាក់ប្រហែលគ្នាថា របស់របរទាំងនោះ បានមកពីសប្បុរសជន ហើយក៏ជារបស់ដែលកើតចេញពីការសន្សំសំចៃ នៃ វត្ត មង្គលវ័ន ហៅ វត្ត ស្វាយដង្គំ ដែរ ៕Kh



