ដោយៈ ចាន់តូ / ភ្នំពេញៈ ប្រពន្ធស្លាប់ ប្តីរងរបួសស្រាល បន្ទាប់ពីបើករថយន្តយ៉ាងលឿន ទៅបុកពីក្រោយរថយន្តធុនធំដឹកត្រីពេញទំហឹង នៅវេលាម៉ោង ៩និង១០នាទី យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចមុខការ៉ាសសាំងតេលា នៅក្នុងភូមិពោធិ៏មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
ជនរងគ្រោះទាំងប្តីប្រពន្ធ មិនត្រូវបានស្គាល់អត្តសញ្ញាណ ដោយបើករថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AY.6657 ជិះតែពីរនាក់ ។ ចំណែកឯរថយន្តធុនធំដឹកត្រី ម៉ាកហ៊ីយាន់ដាយ ក្បាលពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3F.0555 បើកដោយបុរសម្នាក់ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាៈ ដំបូងឡើយ គេឃើញរថយន្តធុនធំដឹកត្រី បើកតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីខាងត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បត់ឆ្វេងដៃ ហើយកំពុងតែបត់ ស្រាប់តែមានរថយន្តព្រូស បើកតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីខាងជើងមកខាងត្បូង យ៉ាងលឿន បានមកបុកពីក្រោយរថយន្តធុនធំពេញទំហឹង លាន់ដូចរន្ទះ បណ្ដាលឲ្យម្ចាស់ រថយន្តព្រូសស្លាប់ប្រពន្ធ ចំណែកឯប្ដី រងរបួសស្រាល ហើយក៏ស្រាប់តែមានសាច់ញាតិ ខាងរថយន្ដព្រួស បានមកលើកសាកសព ដាក់រថយន្តមួយគ្រឿងទៀត បើកចេញពីកន្លែងកើតហេតុ ទៅខាងព្រែកលាប បាត់ស្រមោល។

ក្រោយមក សមត្ថកិច្ចជំនាញ បានចុះមកដល់ វាស់វែង ក៏ស្រាប់តែមានរថយន្តព្រូស មួយគ្រឿងទៀត ពណ៌ទឹកប្រាក់ មិនទាន់មានផ្លាកលេខ បើកដោយយុវជនម្នាក់ បានបើកមកពីក្រោយបុករថយន្តព្រូសបន្ថែមទៀត បានធ្វើឲ្យរថយន្តក្រពឹតផ្នែកខាងមុខ និង រថយន្តព្រូស រងគ្រោះក្រពឹតផ្នែកខាងក្រោយ ខាងមុខមើលលែងយល់ ហើយក៏ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននាំយកទៅប៉ុស្តិ៍ ដើម្បីធ្វើការណែនាំ។
បន្ទាប់មក សមត្ថកិច្ចជំនាញចរាចរណ៍រាជធានីចុះមកវាស់វែង ស្ទូចយករថយន្តព្រូស និងរថយន្តធុនធំ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕/V/Ha


