នៅក្នុងព្រះរាជឱង្ការថតទុកមុនមួយដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃសុក្រ (១៦ តុលា) ព្រះមហាក្សត្រថៃមហា វិជ្ជរ៉ាឡុងកន បានមានបន្ទូលថា “ប្រទេសត្រូវការប្រជានុរាស្ត្រាដែលស្រឡាញ់ប្រទេសជាតិនិងស្រឡាញ់របបរាជានិយម”។

ព្រះអង្គមិនបានមានបន្ទូលចំៗនោះទេអំពីការធ្វើបាតុកម្មរយៈពេល ៣ ខែ ដែលអំពាវនាវឱ្យរឹតត្បិតអំណាចរបស់ព្រះអង្គក៏ដូចជាដកតំណែងរបស់លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា ជាអតីតមេដឹកនាំយោធា។

ព្រះមហាក្សត្រមានបន្ទូលបែបនេះទៅកាន់អតីតពួកកុម្មុយនីស្តមួយក្រុមនៅភាគខាងជើងប្រទេសថៃ។

ទ្រង់បានប្រាប់ពួកគេថា “តាមបទពិសោធន៍របស់អ្នកនិងអ្វីៗដែលអ្នកបានធ្វើ អ្នកអាចបង្រៀនបទពិសោធន៍ទៅមនុស្សជំនាន់ថ្មីរបស់អ្នក។ នេះពិតជាមានប្រយោជន៍ណាស់”។

ការអត្ថាធិប្បាយរបស់ទ្រង់ត្រូវបានផ្សព្វផ្សាយនៅពេលដែលក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅក្នុងរាជធានីថៃរយៈពេលបីថ្ងៃជាប់ៗគ្នា បន្ទាប់ពីលោកប្រាយុទ្ធបានបដិសេធការអំពាវនាវឱ្យលោកចុះចេញពីតំណែង ដោយរឹតបង្កើនចលនាតវ៉ារយៈពេល ៣ ខែនេះឱ្យកាន់តែរីកធំឡើង ដែលទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យច្រើនខ្លាំងនិងបន្ថយអំណាចស្តេច។

ប៉ូលិសប្រឆាំងកុបកម្មបានប្រើកាណុងបាញ់ទឹកដើម្បីព្យាយាមបំបែកក្រុមបាតុករដែលបានបំពានច្បាប់គ្រាអាសន្ននិងការហាមឃាត់ការប្រមូលផ្តុំគ្នាធំៗ ស្របពេលមានការផ្លាស់ប្តូរនៅវិនាទីចុងក្រោយសម្រាប់កន្លែងតវ៉ាទៅធ្វើនៅចំណុចផ្លូវប្រសព្វសំខាន់ក្បែរផ្សារទំនើប MBK Center នៅកណ្តាលទីក្រុងបាងកកវិញ។

ក្រុមបាតុករក៏ធ្វើបាតុកម្មនៅខេត្តឈៀងរ៉ៃនៅភាគខាងជើងប្រទេសថៃផងដែរ ខណៈមេដឹកនាំបាតុកម្មអំពាវនាវឱ្យមានបាតុកម្មនៅទូទាំងប្រទេស។

ក្រុមអ្នកតវ៉ាកំពុងអំពាវនាវឱ្យមានកំណែទម្រង់រាជាធិបតេយ្យក៏ដូចជាការសរសេរឡើងវិញនូវរដ្ឋធម្មនុញ្ញដែលត្រូវបានព្រាងដោយក្រុមប្រឹក្សារដ្ឋដែលតែងតាំងដោយយោធាបន្ទាប់ពីលោកប្រាយុទ្ធកាន់អំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០១៤។

រដ្ឋធម្មនុញ្ញនេះគឺជាឧបករណ៍សំខាន់ក្នុងការជួយលោកប្រាយុទ្ធរក្សាបានអំណាច បន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០១៩៕ ដោយ ៖ កញ្ញាដាលីស

តេចវិជ្ជរ៉ាឡុងកប្រាប់រាស្ត្រឱ្យស្រឡាញ់ប្រទេសនិងរបបរាជានិយម