មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់កាលពីថ្ងៃសុក្រទី១៦តុលា បានជំរុញកោះតៃវ៉ាន់ឱ្យបង្កើនសមត្ថភាពយោធារបស់ខ្លួនដើម្បីការពារប្រឆាំងការវាយលុកដែលអាចកើតមានចេញពីប្រទេសចិន ដោយនិយាយថ រដ្ឋាភិបាលក្រុងប៉េកាំងនឹងមានសមត្ថភាពនោះក្នុងរយៈពេលពី ១០ ទៅ ១៥ ឆ្នាំទៀត។នេះបើយោងតាមវេបសាយdailymail។
លោក រ៉ូប៊ឺត អូប្រាយអិន ទីប្រឹក្សាសន្តិសុខជាតិរបស់ ប្រធានាធិបតី ដូណាល់ ត្រាំបាននិយាយនៅវេទិកាសន្តិសុខក្រុងAspen (Aspen Security Forum) ថាការវាយ ប្រហារដោយមីស៊ីលពីប្រទេសចិនដែលចាត់ទុកកោះតៃវ៉ាន់ជាខេត្តបះបោរនោះ នឹងជាការបំផ្លិចបំផ្លាញដ៏ខ្លាំង។
លោកបាននិយាយថា ការវាយប្រហារតាមជើងគោកនិងជើងទឹកគឺជាលទ្ធភាពមួយទោះបីជានៅពេលនេះ វាហួសពីសមត្ថភាពរបស់ចិនក៏ដោយ។
លោក រ៉ូប៊ឺត អូប្រាយអិន បាននិយាយថា ” ប៉ុន្តែចិនអាចរួមបញ្ចូលការគំរាមកំហែងនោះជាមួយប្រតិបត្តិការតំបន់ ហ៊ុមព័ទ្ធសេដ្ឋកិច្ច ការយាយីនិងសកម្មភាពផ្សេងទៀតដើម្បីបំភិតបំភ័យកោះតៃវ៉ាន់ប្រសិនបើ រដ្ឋាភិបាលក្រុងតៃប៉ិ មិនបង្កើតការការពាររបស់ខ្លួននោះទេ”។
លោកបាននិយាយ” អ្វីដែលយើងបានប្រាប់មិត្តភក្តិតៃវ៉ាន់របស់យើង គឺត្រូវដឹងរឿងទាំងអស់នេះ ។ មិនថាមានឬមិនមានការវាយប្រហារទាំងជើងគោកនិងជើងទឹក ការវាយប្រហារដោយមីស៊ីល និងប្រតិបត្តិការតំបន់យ៉ាងណានោះទេ ពួកគេពិតជាត្រូវពង្រឹងសមត្ថភាពការពារខ្លួន”។
សូមបញ្ជាក់ថា ចិនបានបង្កើនសម្ពាធប្រឆាំងកោះតៃវ៉ាន់ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះដោយបានបញ្ជូនយន្តហោះចម្បាំងនិងស៊ើបការណ៍ច្រើនគ្រឿងទៅក្នុងដែនអាកាសនិងនាវាជាច្រើនគ្រឿងនៅក្បែរដែនទឹករបស់ខ្លួន។
កាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ចេញវីដេអូអំពីសមយុទ្ធយោធាមួយដែលធ្វើដូចជាការវាយលុយពិតៗ ដោយបង្ហាញពីមីស៊ីល និងការចុះចតនៃយន្តហោះ ទាំងជើងគោកនិងទឹកនៅក្នុងការធ្វើសមយុទ្ធនោះ។
ជាមួយគ្នានោះដែរ របាយការណ៍ព័ត៌មានបាននិយាយថាកោះតៃវ៉ាន់ជិតនឹងទិញប្រព័ន្ធមីស៊ីលពីសហរដ្ឋអាម៉េរិក។
អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះសន្តិសុខតៃវ៉ាន់បានពឹងផ្អែកមួយផ្នែកលើទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក។ប៉ុន្តែតែងតែមានភាពស្រពេចស្រពិលថាតើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងធ្វើអន្តរាគមន៍ការពារតៃវ៉ាន់ដែរឬទេ ប្រសិនបើចិនវាយប្រហារ ៕ប្រែសម្រួល៖សុខា/sn/Ha
ប្រធានាធិបតីតៃវ៉ាន់ លោកស្រីសាយ អ៊ីងវិន ថ្លែងសុន្ទរកថានៅពីមុខយន្តហោះចម្បាំង F-CK-1ក្នុងអំឡុងធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពអាកាសនៅទីក្រុងPenghuកោះតៃវ៉ាន់ កាលពីខែកញ្ញាឆ្នាំ២០២០