ដោយ: ចាន់តូ / ភ្នំពេញ: នារីម្នាក់បានយំសោកសង្វេគ ដោយស្ដាយនូវទ្រព្យសម្បត្តិរបស់គាត់ ដែលបាត់បង់ទៅនូវទូរស័ព្ទ ២គ្រឿង និងលុយមួយចំនួន ដែលជនសង្ស័យធ្វើសកម្មភាពឆក់កាបូបបានសម្រេច កាលពីវេលាម៉ោង៥និង៥០នាទី ព្រឹកព្រលឹមថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចជិតវិទ្យាស្ថានវ៉ាន់ដា តាមបណ្តោយផ្លូវម៉ៅសេទុង នៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

ជនរងគ្រោះមានឈ្មោះ ចន រស្មី អាយុ២២ឆ្នាំ មុខរបរនិស្សិតសាលា N.U.M ឆ្នាំទី៤ ស្នាក់នៅផ្លូវវ៉េងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បាត់បង់នូវកាបូបមួយពណ៌ក្រហម ក្នុងការបូបរួមមានទូរស័ព្ឌដៃទំនើប២គ្រឿង កាតធនាគារ២ អត្តសញ្ញាណប័ណ្ណមួយនិងលុយចំនួន២ម៉ឺនរៀលត្រូវបានជនសង្ស័យឆក់យកទៅបាត់ដោយសុវត្ថិភាព។
តាមសម្ដីនារីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកឲ្យដឹងថា ដំបូងឡើយគាត់បានជិះម៉ូតូម៉ាកហុងដាគុប ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខព្រៃវែង 1G.6142 ចេញពីផ្លូវវេងស្រេងបត់មកផ្លូវ២១៧ រហូតដល់ស្តុបថៃប៊ុនរ៉ុងក៏បត់ស្ដាំតាមបណ្ដោយផ្លូវម៉ៅសេងទុង ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូម្នាក់មួយគ្រឿង ម៉ូតូទីមួយ គឺម៉ាកឌ្រីមសង់មិនចាំផ្លាកលេខ ម៉ូតូទី ២ គឺម៉ាក pcx ពណ៌សមិនចាំផ្លាកលេខមកពីខាងក្រោយអមទាំងសងខាងហើយក៏ធ្វើសកម្មភាពឆក់កាបូបរបស់គាត់ បណ្ដាលឲ្យដាច់កាបូបនៅសល់តែខ្សែកាបូបជាប់នឹងខ្លួន គាត់ស្រែកចោរៗ ដេញតាមរហូតដល់ស្ពានអាកាសស្ទឹងមានជ័យក៏បាត់ជនសង្ស័យយកកាបូបគាត់ទៅបាត់ ដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចឡើយ។
ក្រោយមកក៏បានទាក់ទងទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីមកយកគាត់ទៅដាក់ពាក្យបណ្ដឹងផងដែរ ដើម្បីកំណត់មុខសញ្ញាតាមចាប់យកមកផ្ដន្ទាទោស នៅពេលក្រោយ៕ ល/Ha