ដោយ: គូលែន / សៀមរាប: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៦ រវាងរថយន្តក្រុងមួយគ្រឿងបានបុកគោយន្តកន្រ្តៃពីក្រោយ ដែលមានអ្នករួមដំណើរចំនួន៦នាក់ តែសំណាងល្អដោយគ្មានមនុស្សណាម្នាក់បានរងរបួសឡើយ។ ក្រោយពីកើតហេតុ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិ ស្វាយជ័យ ឃុំត្រពាំងធំ ស្រុកបាសាទបាគង ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិអធិការនគរបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយរថយន្តក្រុងពណ៌ក្រហមស ពាក់ផ្លាកលេខ សៀមរាប 3A 1288 បើកបរដោយឈ្មោះ ណុក ភេទប្រុស រស់នៅភូមិក្រួស សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បើកបរពីទិសកើតទៅទិសលិច ថោយមានល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន បានទៅបុកគោយន្តកន្ត្រៃពីក្រោយ ដែលបើកបរដោយឈ្មោះ សុង ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិដូនមៀវ ឃុំកោល ស្រុកអង្គរធំ ខេត្តសៀមរាប និងមានអ្នករួមដំណើរចំនួនប្រាំមួយនាក់ផង ដោយបើកបរមានទិសដៅពីទិសកើតទៅទិសលិចស្របទិសគ្នា។

លោកបានបន្តថា សំណាងល្អដោយក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ គ្មានអ្នករងរបួសឡើយ។ ក្រោយពីកើតហេតុ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ៕ ល/Ha