ប៉ូលិស​ថៃ​បាញ់​ទឹក​ប្រឆាំង​ក្រុមអ្នកតវ៉ា​នៅ​ទីក្រុង​បាងកក​

161
ចែករម្លែក

​ប៉ូលិស​ថៃ​កាលពី​យប់​ថ្ងៃ​សុក្រ​ទី​១៦​តុលា​ បាន​ប្រើ​ឡាន​បាញ់​ទឹក​ប្រឆាំង​ក្រុមអ្នកតវ៉ា​នៅ​កណ្តាល​ទីក្រុង​បាងកក​ ខណៈដែល​ក្រុម​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​បំពាន​ក្រឹត្យ​គ្រាអាសន្ន​ដែល​ហាម​​ការប្រមូលផ្តុំ​ដែល​ឈាន​ចូល​ដល់​យប់​ទី​២ ។​

​ក្រុម​បាតុករ​ប្រមាណ​ជា ៣.០០០​នាក់​នៅក្នុង​សង្កាត់​ផ្សារ​ទំនើប​នៅ​ក្រុង​នេះ​បាន​ទាមទារ​ឱ្យមាន​ការដោះលែង​សកម្មជន​ដែល​ត្រូវបាន​ចាប់ខ្លួន​ ហើយ​អ្នកខ្លះ​បាន​ស្រែក​ជេរ​ប្រមាថ​នាយករដ្ឋមន្ត្រី លោក​ ប្រា​យុទ្ធ​ចាន់ អូ​ចា​។​

​ប៉ូលិស​ប្រឆាំង​បាតុកម្ម​រាប់រយ​នាក់​បាន​រុល​ទៅរក​ក្រុមអ្នកតវ៉ា​ដោយ​អំពាវនាវ​ឱ្យ​ពួកគេ​ទៅ​ផ្ទះ ​បើ​មិន​ដូច​ច្នេះ​ទេ នឹង​ប្រឈម​នឹង​ការបាញ់ទឹក​។​

​នៅ​ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ ក្រុម​សកម្មជន​រាប់រយ​នាក់​បាន​បិទផ្លូវ នៅ​ពីក្រោយ​រនាំង​ផ្លូវ​បណ្តោះអាសន្ន​មួយ​ដោយ​អំពាវនាវ​ឱ្យ​ប៉ូលិស​ចេញឲ្យ​ឆ្ងាយ​និង​ច្រៀង​ចម្រៀង​ជាតិ​របស់​ថៃ តែ​ប៉ូលិស​បាញ់​ទឹក និង​រុញ​​ច្រាន​ក្រុមអ្នតវ៉ាឱ្យ​ថយក្រោយ ។​

​ក្រោយមក ប៉ូលិស​វាយ​បំបែក​ក្រុម​អ្នក​តវ៉ា​នោះ ប៉ុន្តែ​ពួក​អ្នក​តវ៉ា​ច្រើន​នាក់​បាន​ប្តេជ្ញា​ត្រឡប់មកវិញ​នៅ​ថ្ងៃ​សៅរ៍​ទី​១៧​តុលា​។​

​ប៉ូលិស​បាន​និយាយថា មន្ត្រីប៉ូលិស​៤​នាក់​និង​អ្នក​តវ៉ា​១១​នាក់​បាន​រងរបួស​។​

​លោក ភី​យ៉ា តា​វី​ឆៃ ស្នងការរង​ប៉ូលិស​ក្រុង បាន​និយាយថា មនុស្ស​យ៉ាងតិចណាស់​ចំនួន​៧​នាក់​​ ដោយ​រួមទាំង​អ្នកយក​ព័ត៌មាន​ម្នាក់​ផង​ដែរ​ត្រូវ​បាន​ចាប់ខ្លួន ហើយ មេដឹកនាំ​ការតវ៉ា​សំខាន់​ម្នាក់ ក៏ត្រូវ​​បាន​ចាប់ខ្លួន​ផងដែរ ។ មិន​មាន​ការបញ្ជា​ក់ថា​មាន​មនុស្ស​ប៉ុន្មាន​ដែល​ធ្វើ​ការតវ៉ា​នោះទេ​។​

​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បានដាក់​ក្រឹត្យ​គ្រាអាសន្ន​ដែល​ហាមការ​ជួបជុំជា​ង​៤​នាក់​ឡើង​ទៅ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​ក្រុមអ្នកតវ៉ា​ជិត​១០.០០០​នាក់ មិន​អើពើ​ចំណាត់ការ​នេះ​ដោយ​ធ្វើការ​តវ៉ា​រហូត​​ដល់​យប់​។

​រដ្ឋាភិបាល​នេះ កាលពី​ថ្ងៃ​សុក្រ បាន​បន្លាយពេល​នៃ​ការអនុវត្ត​ន៍ក្រឹត្យ​នេះ រហូត​ដល់​ថ្ងៃទី​១៣​ខែវិចិ្ឆកា​។​

​ការទាមទារ​ជាច្រើន​របស់​ក្រុមអ្នកតវ៉ា គឺ​រួមទាំង​បញ្ចប់​ច្បាប់​ប្រឆាំង​ការប្រមាថ​សេ្ត​ច​ដ៏​តឹងរ៉ឹ​និង​ស្នើ​ឱ្យ​ក្រុម​គ្រួសារ​រាជវង្ស​នៅ​ឆ្ងាយ​ពី​នយោបាយ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ប៉ូលិស​ថៃ​កាលពី​ថ្ងៃ​សុក្រ​បាន​ប្រើ​កាណុង​បាញ់​ទឹក​ប្រឆាំង​ក្រុមអ្នកតវ៉ា​នៅ​ទីក្រុង​បាងកក​

ទីតាំងផ្សាយពាណិជ្ជកម្ម