ដោយ: រ៉ាម៉ន / ភ្នំពេញ: គិតមកដល់ពេលនេះ ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយទឹកជំនន់ នៅក្នុងរាជធានីភ្នំពេញចំនួន៥ពាន់គ្រួសារហើយ ដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយជោគជ័យ ពិសេសនៅក្នុងខណ្ឌ៣ ដែលទទួលរងនូវការលិចលង់ធ្ងន់ជាងគេ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកនិងលោកស្រីអញ្ជើញចែកអំណោយជាបាយកញ្ចប់ ជូនប្រជាពលរដ្ឋរងគ្រោះ ដែលបាននឹងកំពុងស្នាក់នៅលើទីទួលសុវត្ថិភាពនៅខាងត្បូងស្ពានព្រៃកជ្រៃ ក្នុងសង្កាត់ស្ពានថ្មខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី១៦ខែតុលា។
លោកអភិបាលបញ្ជាក់ផងដែរថា “ចំពោះផែនការទី១ យើងបានទទួលជោគជ័យហើយ ដោយសារបានជម្លៀសប្រជាពលរដ្ឋរងគ្រោះមកកាន់ទីទួលសុវត្ថិភាព ដោយជោគជ័យ។ នេះជាខិតខំប្រឹងប្រែង រួមគ្នាទាំងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញ។ ប្រជាពលរដ្ឋទាំង៥ពាន់គ្រួសារនេះ ជាប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌ៣នៅជាយក្រុងនោះ គឺខណ្ឌដង្កោ កំបូលនិងខណ្ឌពោធិសែនជ័យ។”
លោកបានបន្តទៀតថា អនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរទាំងអស់យកចិត្តទុកដាក់មើលថែប្រជាពលរដ្ឋ ពោលគឺក្រៅពីជម្លៀសពួកគាត់មកកាន់ទីទួលសុវត្ថិភាព ហើយត្រូវផ្ដល់អាហារហូបចុក និងទឹកស្អាតជៀសវាងការហូបចុកមិនស្អាតនាំឲ្យកើតនូវជំងឺផ្សេងៗ។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធភាពលិចលង់ខាងលើ សប្បុរសជននានាក៏បានផ្ដល់ជាសំភារៈភួយ តង់ គ្រឿងឧបភោគបរិភោគ និងជាអាហារហូបចុកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងតែស្នាក់នៅលើទីទួលសុវត្ថិភាពនេះផងដែរ ដែលនេះជាការរួមចំណែកមនុស្សធម៌ ជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះនៅក្នុងឱកាសនេះ៕ ល