ដោយៈច្រាយ ចំណាន/ភ្នំពេញៈ គម្រោងផ្សារទំនើបបែបសហគមន៍ (Community Mall) ចំនួនពីរត្រូវបានបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី៣នេះ ដែលបានធ្វើឱ្យទំហំនេះ កើនឡើងដល់ ២១.៨០០ ម៉ែត្រការ៉េ ខណៈគម្រោងផ្សារទំនើបចំនួនបីបន្ថែមទៀត ដែលមានទំហំ២២.៧៤៨ម៉ែត្រការ៉េ ត្រូវបានរំពឹងថានឹងសាងសង់បញ្ចប់ នៅក្នុងដំណាច់ឆ្នាំនេះដែរ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយកាលពីពេលថ្មីនេះបង្ហាញថា គម្រោងផ្សារទំនើបបែបសហគមន៍ (Community Malls) ចំនួន ២ រួមមានផ្សារទំនើប The One Mall និង 313 Quayside ដែលផ្សារទាំងពីរនេះបន្ថែមដល់ ២១.៨០០ម៉ែត្រការ៉េ ស្មើនឹង២៦,១ភាគរយ ក្នុងចំណោមផ្សារទាំងអស់ និងប្រមាណ ៦,០៩ ភាគរយ ចូលទៅក្នុងការផ្គត់ផ្គង់ផ្សារទំនើបនៅក្នុងត្រីមាសទី៣នេះ។
របាយការណ៍ដដែលបន្តថា ជាមួយគ្នានេះ ក៏មានគម្រោងផ្សារទំនើបចំនួន៣បន្ថែមទៀត ដែលមានទំហំ២២.៧៤៨ ម៉ែត្រការ៉េត្រូវបានរំពឹងថា នឹងសាងសង់បញ្ចប់នៅក្នុងដំណាច់ឆ្នាំនេះ ខណៈដែលគ្មានគម្រោងផ្សារទំនើបថ្មីណាមួយ សម្ពោធដាក់ចូលទៅក្នុងទីផ្សារនោះទេ។

ក្រុមហ៊ុន CBRE Cambodia បញ្ជាក់ទៀតថា ចំនួនគម្រោងផ្សារទំនើបផ្សេងទៀត ដែលនឹងត្រូវរំពឹងថានឹងងបញ្ចប់ការសាងសង់ក្នុងឆ្នាំចុងឆ្នាំ២០២០នេះ ត្រូវបានពន្យារពេល ដោយសារបង្កឡើងដោយការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩ ហើយតាមការប៉ាន់ស្មាន ទីតាំងផ្សារទំនើបចំនួន៤០.០០០ម៉ែត្រការ៉េ នឹងត្រូវប្តូរទៅការផ្គត់ផ្គង់ឆ្នាំ ២០២១ខាងមុខ។
តែយ៉ាងណាក៏ដោយ នៅក្នុងអំឡុងត្រីមាសទី ៣ ឆ្នាំ២០២០នេះ សម្រាប់ការជួលនៅក្នុងផ្សារទំនើបបែបសហគមន៍នេះ (Community Mall) បានធ្លាក់ចុះពី០,៣៦ ភាគរយ ដែលមានតម្លៃត្រឹមតែ២២,១៥ដុល្លារអាម៉េរិក នៅក្នុងមួយម៉ែទ្រការ៉េសម្រាប់រយៈពេលក្នុងមួយខែ ។
ក្រុមហ៊ុន CBRE Cambodiaបានពន្យល់ថា ការធ្លាក់ចុះនេះ ទំនងជាមានកំណើននៃការប្រកួប្រជែងច្រើននៅក្នុងវិស័យនេះ និងកន្លែងខ្លះក៏មានការផ្គង់ផ្គង់លើសតម្រូវការប្រមាណ៥០ភាគរយ អស់រយៈពេលប្រាំមួយខែកន្លងមកនេះ៕សរន/Ha
