ដោយ: រ៉ាម៉ន / ភ្នំពេញ: សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានដាក់បទបញ្ជាអោយកងកម្លាំងប្រដាប់អាវុធទាំងអស់ ពិសេសកងយោធពលខេមរភូមិន្ទ ត្រូវលះបង់អោយអស់កម្លាំងកាយចិត្ត ធ្វើយ៉ាងណាជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពប្រកបដោយការយកចិត្តទុកដាក់បំផុត ដោយមិនត្រូវធ្វើការធ្វេសប្រហែសនោះឡើយ។

ការដាក់បទបញ្ជាបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ខណៈដែលសម្ដេចពិជ័យសេនា ទៀ បាញ់ ចុះពិនិត្យស្ថានភាព និងការជួយសង្គ្រោះ ប្រជាពលរដ្ឋនៅតំបន់ដែលរងនូវការវាយប្រហារដោយទឹកជំនន់ នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្មខណ្ឌដង្កោ ដោយមានអមដំណើរដោយថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបាននឹងកំពុងប្រចាំការជាប់នៅតំបន់ជួយសង្គ្រោះនោះ។
ការចុះពិនិត្យស្ថានភាពទឹកនិងប្រជាពលរដ្ឋរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងដើម្បីចង់បានឃើញជាក់ច្បាស់អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត និងដើម្បីរកគ្រប់មធ្យោបាយក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងការអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ អាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានមកកាន់ទីទួលសុវត្ថិភាព ប្រកបជោគជ័យនិងទទួលបានការកោតសរសើរពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។
លោក ឃួង ស្រេង បានបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោ ខណ្ឌកំបូលនិងខណ្ឌពោធិសែនជ័យ ដែលទទួលរងគ្រោះដោយទឹកជំនន់ ចំនួនប្រមាណ៥ពាន់គ្រួសារហើយដែលយើងបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ប្រកបដោយជោគជ័យ៕ ល
