ដោយៈ រ៉ូហ្សា / ភ្នំពេញៈ លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំ គណៈកម្មការបចេ្ចកទេស ត្រៀមការប្រកួតកីឡា វាយកូនឃ្លីលើតុ ជ្រើសរើសជើងឯក ថ្នាក់ជាតិ និងពានរង្វាន់ សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា លើកទី១ ប្រចាំឆ្នាំ២០២០ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅសាលាដំបូលទូកថ្មី ក្នុងពហុកីឡដ្ឋានជាតិ។
សម្រាប់ការប្រកួតឆ្នាំនេះ មានកីឡាករ-កីឡាការិនី កីឡាវាយកូនឃ្លីលើតុ ថ្នាក់ដឹកនាំ និងគ្រូបង្វឹក មកពី ២៣ សមាគម និងកិ្លប សរុបចំនួន ១៧៨ ។ ចំណែកកីឡាករ-កីឡាការិនី ចំនួន ១៣៦ នាក់ ក្នុងនោះកីឡាការិនី ១៨ នាក់។
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ជួបជុំសមាគម ក្លិបកីឡាវាយកូនឃ្លីលើតុ ក្រសួង-មន្ទីរ រាជធានី-ខេត្ត ដើម្បីប្រជុំបច្ចេកទេស និងចាប់ឆ្នោត ប្រកួតជាក្រុម នៅទីស្នាក់ការ សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ស្ថិតនៅពហុកីឡដ្ឋានជាតិ (សាលដំបូលទូកថ្មី) ។
សម្រាប់វិញ្ញាសាប្រកួត ចែកចេញ ជា២ផ្នែក គឺកម្រិក ក១ និងកម្រិក ក២ ។ ចំណែកកម្រិក ក១ វិញ្ញាសាឯកត្តបុរស វិញ្ញាសាឯកត្តនារី ក្រុមបុរស និងគូបុរស ចំពោះកម្រិក ក២វិញ វិញ្ញាសាឯកត្តបុរស វិញ្ញាសាឯកត្តនារី ក្រុមបុរស និងគូបុរស៕/V