ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: ទឹកអូរព្រំដែនកម្ពុជា-ថៃ នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បាននិងកំពុងហក់ឡើងគួរឱ្យព្រួយបារម្ភ ខណៈភ្លៀងបន្តធ្លាក់។

លោក ញឹម ភឿង ប្រធានរដ្ឋបាលក្រុងប៉ោយប៉ែតឲ្យដឹងនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ ថា៖ នារាត្រីថ្ងៃទី១៦និងព្រឹកថ្ងៃទី១៧ខែតុលានេះ ទឹកអូរជ្រៅនៃព្រំដែនកម្ពុជា-ថៃ បានចាប់ឡើងហក់ឡើងហើយ។ ភ្លៀងក៏បន្តធ្លាក់យ៉ាងជោកជាំ ឥតស្រាកស្រាន្ត។
លោកបានបន្តថា ៖ ជាប្រចាំថ្ងៃ លោកគាត ហ៊ុល អភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត និងមន្ត្រីអាជ្ញាធរ សមត្ថកិច្ច កងកម្លាំងនិងក្រុមការងារក្រុង សង្កាត់ ភូមិ ប្រជាការពារបានបន្តចុះមូលដ្ឋានទាំងថ្ងៃ បានចុះពិនិត្យស្ថានភាពទឹកនៅតាមមាត់អូរព្រំដែនកម្ពុជា-ថៃ និងចាត់វិធានការឆ្លើយតបបន្ទាន់ ដើម្បីត្រៀមបង្ការ ប្រសិនបើស្ថានភាពទឹកនៅតែបន្តហក់ឡើងបន្ថែមទៀតនោះ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយមាត់អូរ មានការប្រុងប្រយ័ត្នចំពោះទឹកជំនន់។ រីឯបងប្អូនរស់នៅទីប្រជុំជន សូមជួយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ប្រមូលសំរាមស្ទះមាត់លូ និងបើកមុខទឹកតាមដែលអាចធ្វើបាន ដើម្បីរំដោះទឹកហូរឱ្យបានលឿន៕ ល

