ចិនបានបញ្ចេញរូបវីដេអូនៃកងទ័ពអាកាសរបស់ខ្លួន ធ្វើសមយុទ្ធបាញ់គ្រាប់ពិតមួយ នៅពេលតែប៉ុន្មានថ្ងៃក្រោយប្រធានាធិបតី ស៊ី ជីនពីង អំពាវនាវអោយយោធារបស់លោកផ្តោតលើការត្រៀមសំរាប់សង្គ្រាម។
ក្នុងវីដេអូដែលត្រូវបានចែករំលែកដោយទូរទស្សន៍CCTV យន្តហោះប្រយុទ្ធចិនមួយក្រុមហោះកាត់ភ្នំនិងលើសមុទ្រ នៅពេលអាកាសយានិកបាញ់គ្រាប់សំដៅគោលដៅក្នុងអំឡុងពេលហ្វឹកហាត់ប្រយុទ្ធ។
ការបង្ហាញវីដេអូនេះកើតឡើងបន្ទាប់ពីមេដឹកនាំប្រទេសបានប្រាប់ទៅទាហានម៉ារីនអោយផ្តោតលើការត្រៀមខ្លួនប្រយុទ្ធ ហើយរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលលោកចុះទៅទស្សនកិច្ចមូលដ្ឋានយោធាមួយនៅក្នុងខេត្តក្វាងទុងភាគខាងត្បូងនៅសប្តាហ៍នេះ។
យន្តហោះប្រយុទ្ធចិនមួយក្រុមហោះកាត់ភ្នំនិងលើសមុទ្រ នៅពេលអាកាសយានិកបាញ់គ្រាប់សំដៅគោលដៅក្នុងអំឡុងពេលហ្វឹកហាត់ប្រយុទ្ធ
ចិនបាននិងកំពុងបញ្ចេញសាច់ដុំយោធានិងធ្វើសមយុទ្ធយោធាចំពេលមានភាពតានតឹងរវាងខ្លួននិងអាម៉េរិក រួមទាំងអាជ្ញាធរកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាខេត្តផ្តាច់ខ្លួនមួយរបស់ខ្លួន ដែលត្រូវបង្រួបបង្រួមឡើងវិញនិងអាចប្រើកម្លាំងយោធាបើចាំបាច់។
កាលពីថ្ងៃសុក្រទី១៦តុលា ទូរទស្សន៍CCTVបានបញ្ចេញវីដេអូថ្មីមួយ ដែលបង្ហាញការហ្វឹកហាត់បាញ់គ្រាប់ពិតៗ ធ្វើឡើងដោយកងទ័ពអាកាសនៃបញ្ជាការភូមិភាគខាងត្បូងរបស់ចិនដែលជាកងពលមានភារកិច្ចការពារផលប្រយោជន៍ជាតិចិននៅក្នុងសមុទ្រចិនខាងត្បូង។
អមដោយបទភ្លេង យន្តហោះចម្បាំងមួយក្រុមបានចេញពីផ្លូវហោះ នៅពេលអាកាសយានិកហោះរំលងភ្នំនិងលើសមុទ្រ ហើយបាញ់គ្រាប់លើគោលដៅក្នុងអាកាស។សមយុទ្ធនេះត្រូវបានគេនិយាយថាត្រូវបានធ្វើឡើងនៅទីតាំងមួយក្នុងខេត្តក្វាងទុងកាលពីថ្ងៃអាទិត្យមុន។
សូមរំលឹកថាក្នុងពេលចុះសួរសុខទុក្ខពលទាហាននៅមូលដ្ឋានសមុទ្រមួយកាលពីថ្ងៃអង្គារ ប្រធានាធិបតីស៊ី ជីនពីង បានទទូចទៅទាហានអោយបង្កើនសមត្ថភាពប្រយុទ្ធរបស់គេ ដើម្បីក្លាយជាកងកម្លាំងសម្រាំង អាចប្រយុទ្ធគ្រប់អាកាសធាតុនិងឆ្លើយតបរហ័ស។លោកក៏បានប្រាប់ទៅពលទាហានអោយផ្តោតលើការត្រៀមធ្វើសង្គ្រាមហើយរក្សាការប្រុងប្រយ័ត្នខ្ពស់។
កាលពីខែមុន ចិនបានបញ្ចេញវីដេអូឃោសនាមួយ ដោយបង្ហាញយន្តហោះទម្លាក់គ្រាប់ដែលអាចផ្ទុកគ្រាប់បែកនុយគ្លេអ៊ែរធ្វើត្រាប់ការវាយប្រហារដូចពិតៗលើអ្វីដែលទំនងជាមូលដ្ឋានទ័ពអាកាសAndersenរបស់អាម៉េរិកនៅកោះហ្កាំក្នុងមហាសមុទ្រប៉ាស៊ីហ្វិក៕ប្រែសម្រួល៖វាសនា